ក្រុងកូវ៉ែតៈ រដ្ឋាភិបាល មូលនិធិ​ពិភពលោក អង្គការ​នានា​ព្រម​ទាំង​ក្រុម​វិនិយោគិន​កាលពី​ថ្ងៃ​ពុធ​បាន​សន្យា​ផ្តល់​ជំនួយ​ឥណទាន និង​ការវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ការស្តារ​ប្រទេស​អ៊ីរ៉ាក់​ឡើង​វិញ ដែល​ប្រទេស​មួយ​នេះ​បាន​ដើរ​ថយ​ក្រោយ​ដោយសារ​សង្គ្រាម​រយៈពេល​ ៣ ​ឆ្នាំ​ប្រឆាំង​នឹង​ក្រុម​ប្រទេស​អ៊ិស្លាម​។

ម្ចាស់​ជំនួយ​បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន ៣០ ​ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​សន្និសីទ​អន្តរជាតិ​។ នេះ​បើ​យោង​តាម​ប្រទេស​កូវ៉ែត​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​នេះ​។

លោក Sabah al-Khaled Al-Sabah រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូវ៉ែត​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​សន្យា​របស់​សហគមន៍​អន្តរជាតិ​នៅ​សន្និសីទ​នេះ​គឺ​ច្បាស់លាស់​»​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​ប្រទេស​ចំនួន ៧៦ មូលនិធិ​អន្តរជាតិ​ជាច្រើន និង​អង្គការ​ពិភពលោក​ព្រម​ទាំង​វិនិយោគិន​រាប់រយ​នាក់​បាន​ធ្វើការ​សន្យា​ផ្តល់​ជំនួយ​ស្តារ​ប្រទេស​នេះ​ឡើង​វិញ​»​។

រដ្ឋាភិបាល​ក្រុង​បាដាដ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវការ​ថវិកា​ចំនួន​ជិត ៩០ ​ពាន់​លាន​ដុល្លារ ដើម្បី​ស្តារ​ប្រទេស​ឡើង​វិញ បន្ទាប់ពី​សង្គ្រាម​ដ៏ស្វិតស្វាញ​ជាមួយ​នឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិស្លាម (IS) ដែល​បាន​បំផ្លាញ​ផ្ទះ​សំបែង សាលារៀន មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដោយ​បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ចាក​ចេញ​ពី​ទីលំនៅ​។

ម្ចាស់​ជំនួយ​ធំៗ​មាន​ចក្រភព​អង់គ្លេស និង​តួកគី បើ​ទោះ​ជា​ប្រទេស​នីមួយៗ​មាន​ចែង​លក្ខខណ្ឌ​ផ្ទាល់​របស់​ខ្លួន​ក្តី​។

ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ផ្តល់​ឥណទាន​សម្រាប់​ការ​នាំ​ចេញ​របស់​ប្រទេស​អ៊ីរ៉ាក់​រហូត​ដល់​ចំនួន ១ ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​។

លោក Mevlut Cavusoglu រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួកគី​ឲ្យ​ដឹង​ថា ប្រទេស​របស់​លោក​នឹង​ផ្តល់​ឥណទាន​ និង​ការ​វិនិយោគ ៥ ​ពាន់​លាន​ដុល្លារ ដោយ​ពុំ​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នោះ​ទេ​។

លោក Rex Tillerson រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា​ធនាគារ Export-Import Bank of the United States នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​តម្លៃ ៣ ​ពាន់​លាន​ដុល្លារ​ជាមួយ​រដ្ឋាភិបាល​ក្រុង​បាដាដ ដែល «​នឹង​បង្កើត​ដំណាក់កាល​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​នៅ​តាម​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ាក់ រួម​ទាំង​វិស័យ​ប្រេង និង​ឧស្ម័ន គមនាគមន៍ និង​ទំនិញ​រ៉ែ​មួយ​ចំនួន​»​។

ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​ដឹកនាំ​ដោយ​ប្រទេស​កូវ៉ែត ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​បាន​សន្យា​ផ្តល់​ជំនួយ​គិត​ជា​ទឹកប្រាក់​ចំនួន ៥ ​ពាន់​លាន​ដុល្លារ​តាមរយៈ​ការ​វិនិយោគ ឥណទាន និង​ហិរញ្ញប្បទាន​សម្រាប់​ការ​នាំ​ចេញ​។

អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ាក់​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​នឹង​ចូលរួម​ចំណែក​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​ស្ថិរភាព​តាមរយៈ​វិស័យ​ឯកជន ដោយ​ពុំ​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ណា​មួយ​។

ប្រទេស​អ៊ីរ៉ាក់​បាន​ឲ្យ​ដឹង​ថា ផែនការ​កសាង​ប្រទេស​ឡើង​វិញ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​នេះ​នឹង​ចំណាយ​អស់​ថវិកា ៨៨,២ ​ពាន់​លាន​ដុល្លារ ដែល​ក្នុង​ចំណោម​នោះ​នឹង​ត្រូវការ​ថវិកា​ ២២ ​ពាន់​លាន​ដុល្លារ​ភ្លាមៗ​។

លោក Ibrahim al-Jaafari រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ពេល​បិទ​សន្និសីទ​នេះ​ថា​៖ «​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជំនួយ​បន្ថែម​ទៀត​»​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​យើង​មិន​ខកចិត្ត​នោះ​ទេ តែ​ជំនួយ​នេះ​មាន​ចំនួន​តិច​ជាង​ការ​រំពឹង​ទុក​»​។

កាលពី​ថ្ងៃ​ពុធ​ ធនាគារ​ពិភពលោក (WB) បាន​ឲ្យ​ដឹង​ថា វិស័យ​ឯកជន​នឹង​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការ​ស្តារ​ប្រទេស​អ៊ីរ៉ាក់​ឡើង​វិញ «​ប្រកប​ដោយ​ជោគជ័យ​»៕ BP