ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ដាក់​ជូន​របាយ​ការណ៍​ស្ដីពី​បញ្ហា​ប្រឈម​នៅ​ក្នុង​វិស័យ​កសិកម្ម​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ដើម្បី​ចាត់​វិធានការ​បន្ថែម​ទៀត​សម្រាប់​វិស័យ​ឯកជន និង​កសិករ ដើម្បី​ឲ្យ​ទទួល​បាន​ទីផ្សារ និង​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​ជិត​ខាង​។ នេះ​បើ​យោង​តាម​លោក​រដ្ឋ​មន្ដ្រី វេង សាខុន​។

ថ្លែង​ក្នុង​វេទិកា​កសិកម្ម​ប្រចាំ​ឆ្នាំ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​កសិកម្ម ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​ជាមួយ​វិស័យ​ឯកជន និង​កសិករ លោក​រដ្ឋ​មន្ដ្រី​បាន​ថ្លែង​ថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​ក្នុង​ការ​បង្កើន​ការ​ផលិត​ផ្នែក​កសិកម្ម ប៉ុន្តែ​វិស័យ​នេះ​នៅ​តែ​ប្រឈម​បញ្ហា​ច្រើន​។

លោក​ថ្លែង​ថា ក្នុង​ចំណោម​បញ្ហា​ប្រឈម​ទាំង​នេះ ផលិតភាព​ទាប កង្វះ​ប្រព័ន្ធ​ធារា​សាស្ដ្រ តម្លៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្ពស់ បច្ចេកវិទ្យា​និង​បច្ចេកទេស​កសិកម្ម​នៅ​មាន​កម្រិត លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​មិន​ល្អ និង​តម្លៃ​អគ្គិសនី គឺជា​បញ្ហា​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​បញ្ហា​សំខាន់​គឺ​ថ្លៃ​ដើម និង​ទីផ្សារ របៀប​ចូល​ទៅ​កាន់​ទីផ្សារ​។ យើង​ត្រូវ​តែ​ស្វែងរក​វិនិយោគិន ដើម្បី​ធ្វើ​ការងារ​ជាមួយ​វិស័យ​កសិកម្ម​ដ៏​មាន​សក្ដានុពល​របស់​យើង​»​។

លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ដែល​មាន​កម្រិត​ខ្ពស់ តម្លៃ​អគ្គិសនី និង​ការ​ដឹក​ជញ្ជូន​។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​មាន​ផែនការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​ជ្រៅ​ថ្មី​សម្រាប់​ផលិតផល​កសិកម្ម ពង្រីក​ព្រលាន​យន្តហោះ បន្ទាប​តម្លៃ​អគ្គិសនី​មក​នៅ​ត្រឹម ៤៨០ រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) បើ​ទោះ​ជា​តម្លៃ​នេះ​នៅ​តែ​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជិត​ខាង​ក៏​ដោយ​។

លើស​ពី​នេះ​ទៀត សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​មិន​ទាន់​មាន ចំណេះ​ដឹង និង​ជំនាញ និង​បណ្តាញ​ទីផ្សារ​គ្រប់គ្រាន់​នៅ​ឡើយ ដោយ​លោក​រដ្ឋ​មន្ត្រី​ជំរុញ​ឲ្យ​សហគ្រាស​ទាំង​នេះ​សហការ​ជាមួយ​វិនិយោគិន ដើម្បី​បង្កើន​សមត្ថភាព​ផលិត និង​ដើម្បី​ទទួល​បាន​ទីផ្សារ​។

លោក​បន្ត​ថា​៖ «​ទោះបីជា​យើង​មិន​អាច​ដោះស្រាយ​អ្វីៗ​បាន​ភ្លាមៗ​ក៏​ដោយ ប៉ុន្តែ​យើង​ត្រូវ​តែ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ខ្លាំង​បំផុត​ទៅ​តាម​ជំហានៗ​»​។

ការ​ចិញ្ចឹម​ជ្រូក​គឺជា​វិស័យ​មួយ​ដែល​កសិករ​ជួប​ប្រទះ​បញ្ហា​ខ្លាំង​។

លោក ជេត ភិរម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​( Clra) បាន​ថ្លែង​ថា សូម្បី​តែ​រដ្ឋាភិបាល​ក៏​មិន​អាច​ចាត់​វិធានការ​បាន​ភ្លាមៗ​នោះទេ​លើ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក តែ​លោក​សង្ឃឹម​ថា​នឹង​មាន​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់ ដើម្បី​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​។

លោក​បន្ថែម​ថា កសិករ​ចិញ្ចឹម​សត្វ​ជ្រូក​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​ជ្រូក​ដែល​នាំចូល​។ លោក​បន្ត​ថា វា​ពិបាក​ក្នុង​ការ​បញ្ឈប់​ការ​នាំ​ចូល ប៉ុន្តែ​យ៉ាង​ហោច​ណាស់​រដ្ឋាភិបាល​គួរ​គ្រប់គ្រង​គុណភាព​របស់​ជ្រូក​នាំ​ចូល និង​ការ​នាំ​ចូល​ខុស​ច្បាប់​។

លោក​ថ្លែង​ថា​៖ «​ទោះបីជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​មិន​ទាន់​ពេញ​ចិត្ត និង​បញ្ហា​នៅ​តែ​មាន​ដដែល​ក្តី ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​លើក​ឡើង​បញ្ហា​របស់​យើង ហើយ​សង្ឃឹម​ថា នឹង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​ចូលរួម​ក្នុង​វេទិកា​នេះ​បាន​ថ្លែង​ថា បញ្ហា​សំខាន់​សម្រាប់​វិស័យ​នេះ​គឺ​ថ្លៃ​ដើម​ផលិត​ដែល​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​បានទេ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ក្រសួង​កសិកម្ម និង​វិស័យ​ឯកជន​ត្រូវ​តែ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​បង្កើន​ល្បឿន​ការ​ផលិត​ឲ្យ​ដល់​កម្រិត​ខ្ពស់ និង​កាត់​បន្ថយ​តម្លៃ​អគ្គិសនី ឬ​ការ​លើក​លែង​ពន្ធ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​»៕ LA