Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល ​ចាត់​ចំណាត់​ថ្នាក់​អ្នក​ជាប់​ពន្ធ​ជា​បី​ប្រភេទ

Content image - Phnom Penh Post
អគារ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ស្ថិត​នៅ​កែង​មហាវិថី​ម៉ៅ​សេង​ទុង និង​សហព័ន្ធ​រុស្ស៊ី។ ផា លីណា

រដ្ឋាភិបាល ​ចាត់​ចំណាត់​ថ្នាក់​អ្នក​ជាប់​ពន្ធ​ជា​បី​ប្រភេទ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ចំណាត់​ថ្នាក់​នៃ​អនុ​លោម​ភាព​សារ​ពើពន្ធ ដែល​ជា​ការ​បែង​ចែក​ចំណាត់​ថ្នាក់​សម្រាប់​អ្នក​បង់ពន្ធ ដើម្បី​ជំរុញ​ការ​បំពេញ​កាតព្វកិច្ច​ពន្ធ​ឲ្យ​កាន់​តែ​ប្រសើរ ដែល​ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​ថា នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​ដែល​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​។

ប្រព័ន្ធ​ចំណាត់​ថ្នាក់ ឬ ចំណាត់​ថ្នាក់​អនុ​លោមភាព​សារពើពន្ធ​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រកាស​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) កាលពី​ចុង​ខែ​ធ្នូ ត្រូវ​បាន​កំណត់​ក្នុង​លក្ខណ​វិនិច្ឆ័យ​ផ្សេងៗ​គ្នា​ចំនួន​១២ ដែល​មាន​ពិន្ទុ​១ ឬ​២ ។

លក្ខណ​វិនិច្ឆ័យ​ទាំង​នោះ​រួម​មាន​ការ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​នៅ​ពន្ធដារ និង​បច្ចុប្បន្ន​ភាព​ចុះ​បញ្ជី ការ​ជូន​ដំណឹង​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​នៃ​ការ​ចុះ​បញ្ជី ក៏​ដូច​ជា​ការ​ដាក់​លិខិត​ប្រកាស​សារ​ពើ​ពន្ធ​ទៀង​ទាត់​តាម​កាល​កំណត់​ជាដើម​។

ចំណាត់​ថ្នាក់​អនុលោម​ភាព​សារ​ពើ​ពន្ធ​របស់​អ្នក​ជាប់​ពន្ធ​ត្រូវ​បែង​ចែក​ជា​បី​ប្រភេទ គឺ​មាស (​ចំណាត់​ថ្នាក់​ខ្ពស់​) ប្រាក់​(​ចំណាត់​ថ្នាក់​មធ្យម​) និង​សំរឹទ្ធ​(​ចំណាត់​ថ្នាក់​ទាប​)​។ អ្នក​ជាប់​ពន្ធ​ប្រភេទ​មាស មាន​ពិន្ទុ​សរុប​ចាប់​ពី​១៦ ដល់​២០ និង​ប្រភេទ​មធ្យម​មាន​ពិន្ទុ​ពី​១១​ដល់​១៥ ខណៈ​អ្នក​ជាប់​ពន្ធ​ទាប​គឺ​ពី​១ ដល់​១០​។

វិញ្ញាបនបត្រ​ប្រភេទ​មាស​ត្រូវ​បាន​ប្រគល់​ដោយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ខណៈ​អ្នក​ជាប់​ពន្ធ​ប្រភេទ​ប្រាក់ និង​សំរិទ្ធ ត្រូវ​បាន​ផ្តល់​តាម​ការ​ស្នើ​សុំ​។ សុពលភាព​នៃ​អនុលោមភាព​សារ​ពើ​ពន្ធ​មាន​រយៈពេល​២​ឆ្នាំ ហើយ​វា​ត្រូវ​បាន​ដក​ហូត​ប្រសិន​បើ​រក​ឃើញ​ថា​មិន​គោរព​តាម​លក្ខណ​វិនិច្ឆ័យ​ដែល​ខ្លួន​ទទួល​បាន​។

លោក Clint O’Connell ប្រធាន​ផ្នែក​អនុវត្ត​ពន្ធ​កម្ពុជា​នៅ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​វិនិយោគ​បរទេស និង​ក្រុមហ៊ុន​ពន្ធ DFDL Cambodia បាន​ឲ្យ​ដឹង​ថា អត្ថប្រយោជន៍​ជា​ពិសេស​នៃ​ចំណាត់​នីមួយៗ​មិន​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រកាស​នេះ​ទេ​។ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា អាច​មាន​ភាព​ស្រប​គ្នា​នឹង​ផែនការ​ពាណិជ្ជករ ដែល​ត្រូវ​បាន​សាកល្បង​ដោយ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋករ (GDCE)​។

លោក​បញ្ជាក់​ថា​៖ «​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម [SME] នៅ​ក្នុង​ប្រទេស​កម្ពុជា គំនិត​នៃ​ការ​ធ្វើ​ឲ្យ​មាន​ប្រភេទ​ពន្ធ​ផ្សេង​គ្នា​បី​នេះ សម្រាប់​ពន្ធ​រយៈពេល​មួយ​ឆ្នាំ​នឹង​មិន​មែន​ជា​ក្តី​រីករាយ​ទេ ផ្ទុយ​ទៅ​វិញ​វិធានការ​ណា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ទាំង​ស្រុង​នៃ​របប​ពន្ធ​ផ្លូវ​ការ យើង​គិត​ថា​នឹង​ត្រូវ​បាន​ស្វាគមន៍​»​។

លោក O’Connell បន្ថែម​ថា វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​ជំរុញ​តែ​អ្នក​ជាប់​ពន្ធ​ស្រាប់ ជា​ជាង​ការ​ជំរុញ​ក្រុមហ៊ុន​មិន​គោរព​តាម​ច្បាប់​ឲ្យ​អនុវត្ត​កាតព្វកិច្ច​ពន្ធ​។

លោក​លើក​ឡើង​ថា​៖ «​ខណៈ​ដែល​រយៈពេល​ ១២​ ខែ​មុន បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លុប​ចោល​របប​ពន្ធ​ម៉ៅការ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ត្រូវ​ចូល​ក្នុង​របប​ពន្ធ​ផ្លូវ​ការ ប្រកាស​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុមហ៊ុន​ដែល​បង់ពន្ធ​ស្រាប់​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​គោរព​កាតព្វ​កិច្ច​ពន្ធ​ដែល​ពួក​គេ​កំពុង​ធ្វើ​»​។

លោក​ស្រី ឈីវ គីមស្រូយ នាយក​ផ្នែក​សេវា​ពន្ធ និង​ការ​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន Deloitte Cambodia បាន​កត់​សម្គាល់​ថា វិធានការ​ថ្មី​នេះ បាន​បម្រើ​អត្ថ​ប្រយោជន៍​ទាំង​អាជ្ញាធរ និង​អ្នក​ជាប់ពន្ធ​។

ប៉ុន្តែ លោក​ស្រី​បាន​ពន្យល់​ថា ការ​ដាក់​ទោស​អ្នក​មិន​គោរព​តាម​ច្បាប់​នៅ​តែ​ត្រូវ​ការ​យុទ្ធសាស្ដ្រ​ជារួម​របស់ GDT ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​ស្រី​បាន​លើក​ឡើង​ទៀត​ថា​៖«សម្រាប់ GDT ពន្ធ​អាច​ត្រូវ​បាន​ប្រមូល​ទាន់​ពេល ហើយ​វា​នឹង​សន្សំ​ពេលវេលា សម្រាប់​សវនករ​ពន្ធ ក្នុង​ការ​ធ្វើ​សវនកម្ម​ពន្ធ​»​។

លោក​ស្រី​បាន​បញ្ជាក់​ថា​៖«​ប៉ុន្តែ ការ​ផាក​ពិន័យ​សម្រាប់​អ្នក​មិន​គោរព​តាម​ច្បាប់ នៅ​តែ​ត្រូវ​ធ្វើ ក្នុង​ករណី​អ្នក​ជាប់ពន្ធ​មួយ​ចំនួន​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ​ពន្ធ ឬ​លែង​គោរព​តាម​បទ​ប្បញ្ញត្តិ​នេះ​នៅ​ពេល​អនាគត​»​។

លោកស្រី គីមស្រូយ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ករ​អាជីវកម្ម​តូចៗ អាច​យល់​ថា ការ​គោរព​តាម​លក្ខណ​វិនិច្ឆ័យ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ប្រកាស​នេះ មាន​ការ​ពិបាក ប៉ុន្តែ​ថា វិធានការ​នេះ​គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​គោរព​តាម​ច្បាប់​ពន្ធ​នៅ​ពេល​អនាគត​។

លោក​ស្រី​បាន​បន្ត​ថា​៖ «SME អាច​យល់​ថា​មានការ​ពិបាក​បន្តិច​បន្តួច​ក្នុង​ការ​រៀបចំ​កំណត់​ត្រា​ត្រឹម​ត្រូវ ដូច​បាន​បញ្ជាក់​ដោយ​លក្ខណ​វិនិច្ឆ័យ​តម្រូវ​ឲ្យ​មាន​នៅ​ក្នុង​ប្រកាស​នេះ​»​។

លោក​ស្រី​បន្ថែម​ថា ប៉ុន្តែ​ថា​៖ «​វិធានការ​នេះ​គឺជា​ការ​ចាប់​ផ្ដើម​ជំរុញ​ឲ្យ​មាន​ការ​គោរព​តាម​ច្បាប់​ពន្ធ​កាន់​តែ​ទូលំ​ទូលាយ​សម្រាប់​អ្នក​ជាប់​ពន្ធ​»៕ LA

0

Comments

Please, login or register to post a comment