ក្រុងមីលែនៈ ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់ប្រទេស អ៊ីតាលី Lamborghini បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនរបស់ខ្លួនបានកត់ត្រាការលក់ខ្ពស់បំផុតថ្មីមួយទៀតក្នុងឆ្នាំ ២០១៧ ដោយបានចែកចាយរថយន្តចំនួន ៣ ៨១៥ គ្រឿងដល់អតិថិជននៅទូទាំងពិភពលោក ដែលកើនឡើង ១០,៣ ភាគរយ ធៀបនឹងការលក់ក្នុងឆ្នាំ ២០១៦។
ក្រុមហ៊ុន Lamborghini ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា វាគឺជាកំណើនលក់រយៈពេល ៧ ឆ្នាំជាប់គ្នា ហើយការចែកចាយរថយន្តនៅពេលនេះ បានកើនឡើងជិត ៣ ដងគិតចាប់តាំងពីឆ្នាំ ២០១០ មក។
លោក Stefano Domenicali នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តស្ព័រនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅឆ្នាំ ២០១៧ រថយន្តម៉ាក Lamborghini ត្រូវបានបង្ហាញថា ជារថយន្តមានរាងល្អជានិច្ច»។
នាយកប្រតិបត្តិរូបនេះបានបន្តឲ្យដឹងទៀតថា លទ្ធផលនេះគឺសុទ្ធតែជាលទ្ធផលកាន់តែខ្ពស់ ដោយសារជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តមួយនេះត្រៀមខ្លួនដាក់បង្ហាញរថយន្តម៉ូដែលថ្មី និងបានបង្កើនសមត្ថភាពផលិតរថយន្តទ្វេរដងនៅរោងចក្រផលិតរថយន្តធំរបស់ខ្លួននៅឃុំ Sant''Agata Bolognese នៃទីក្រុង Bologna ។
ក្រុមហ៊ុន Lamborghini កំពុងរៀបចំផែនការដាក់បង្ហាញរថយន្តប្រភេទ SUV ថ្មី ដែលមានឈ្មោះថា Urus នារដូវក្តៅនេះ ដែលត្រូវបានរចនាឡើងសម្រាប់ការបើកបរលើផ្លូវលំបាក។
ក្រុមហ៊ុននេះ បានបង្កើនទំហំនៃទីតាំងផលិតកម្មរថយន្តរបស់ខ្លួនពី ៨ ម៉ឺនម៉ែត្រការ៉ែ ដល់ ១៦ ម៉ឺនម៉ែត្រការ៉េ ដែលនឹងផ្តល់លទ្ធភាពដល់ក្រុមហ៊ុននេះ បង្កើនការផលិតរថយន្តទ្វេរដងនៅឆ្នាំក្រោយ៕ AFP/BP