ភ្នំពេញៈ ក្រុមហ៊ុន Profood International Corp ដែកជាក្រុមហ៊ុននាំចេញផ្លែឈើស្ងួតមានមូលដ្ឋាននៅប្រទេស ហ្វីលីពីន បានចាប់ផ្ដើមសាងសង់រោងចក្រថ្មីមួយនៅក្នុងប្រទេសកម្ពុជា ដែលនៅពេលបញ្ចប់អាចកែច្នៃផ្លែស្វាយស្ងួតបាន ៤ ពាន់តោនប្រចាំឆ្នាំ។ នេះបើយោងតាមសារព័ត៌មានប្រចាំថ្ងៃ Sun Star របស់ប្រទេសហ្វីលីពីន។
លោក Justin Uy ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Profood បានប្រាប់ Sun Star ថា រោងចក្រដែលសាងសង់លើផ្ទៃដីទំហំ ១១ ហិកតានេះ ត្រូវបានរំពឹងថានឹងចាប់ផ្ដើមប្រតិបត្តិការក្នុងឆ្នាំ ២០១៩ និងថា ផ្លែស្វាយស្ងួតទាំងអស់ក្នុងរោងចក្រនេះនឹងគ្រោងនាំចេញទៅប្រទេសចិនដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារដែលមានទំហំ ៣ ម៉ឺនតោនប្រចាំឆ្នាំរបស់ប្រទេសនេះ។
ផលិតផលរបស់ក្រុមហ៊ុន Profood លក់ក្នុងប្រទេស ៥២ ខណៈទីផ្សារសំខាន់របស់ក្រុមហ៊ុននេះគឺកាណាដា និងអាមេរិក៕ LA