Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រោង​ចក្រ​បិទ​និង​បើក ២០១៦​ មាន​ជាង​ ១០០​ រោង​ចក្រ

Content image - Phnom Penh Post
កម្មករ​កំពុង​អ៊ុត​អាវ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក។ ផា លីណា

រោង​ចក្រ​បិទ​និង​បើក ២០១៦​ មាន​ជាង​ ១០០​ រោង​ចក្រ

ភ្នំពេញៈ រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ថ្មី​ជិត​ ១៥០ ​បាន​បើក​ដំណើរ​ការ​កាល​ពី​ឆ្នាំ​មុន ​ខណៈ​រោង​ចក្រ​ប្រហែល ​​១៤០ ​បាន​បិទ​ទ្វារ​ ជាអ្វី​ដែល​សហជីព​កម្មករ​អះអាង​ថា រោងចក្រ​ខ្លះ​បិទ​ហើយ​បើក​ដំណើរ​ការ​ឡើង​វិញ​ក្រោម​ឈ្មោះ​ថ្មី​ដើម្បី​គេច​ពី​ការ​បង់​ពន្ធ​។

តួ​លេខ​បាន​ពី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​បង្ហាញ​ថា ​មាន​រោង​ចក្រ​កាត់ដេរ​ចំនួន​១៤១ ត្រូវ​បា​ន​​បិទ​ទ្វារ​កាល​ពី​ឆ្នាំ​មុន ​ខណៈ​រោង​​ចក្រ​​ថ្មី​១៤៩ ​ត្រូវ​បាន​បើក​។​

លោក​ ហេង ​សួរ ​អ្នក​នាំ​ពាក្យ​​ក្រសួង​ការងារ​បាន​ឲ្យដឹង​ថា ​តួ​លេខ​នេះ​មិនធ្វើ​ឲ្យ​មាន​ការ​បារម្ភ​សម្រាប់​ឧស្សាហ​កម្ម​នេះ​ទេ​។​

លោក​លើក​ឡើង​ថា​៖ «​​យើង​បាន​វិភាគ​តួ​លេខ​នេះ​បាន​​បង្ហាញពី​តុល្យ​ភាព​រវាង​ការ​បិទ​ទ្វារ​ និង​ការ​បើក​ ដែល​ចំនួន​ការ​បើក​ថ្មី​នៅ​នាំ​មុខ​»​។ ​លោក​បន្តថា ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥ ​មាន​រោងចក្រ​កាត់​ដេរ​ ៧៧ ត្រូវ​បាន​បិទ​ទ្វារ​ និង​ រោង​ចក្រ​ថ្មី​ចំនួន ​៤៣ បាន​បើក។

ប៉ុន្តែ​ សហ​ជីព​កម្មករ​អះ​អាង​ថា​ តួលេខ​នេះ​​មិន​អាច​ជឿ​ជាក់​បាន​ទេ ​ដោយ​សារតែ​រោងចក្រ​មួយ​ចំនួន​បាន​​បិទ រួច​​បើក​ឡើង​វិញ​ដោយ​ដាក់​ឈ្មោះ​ថ្មី ​ប៉ុន្តែ​ម្ចាស់​ដដែល​។ ​នេះ​បើ​យោង​តាម​លោក​ស្រី​ យ៉ាង​ សុភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា ហៅ​កាត់ ​(CATU)​។

តាម​អ្នក​ស្រី​ សុភ័ណ្ឌ​ ចាប់​តាំង​ពី​ឆ្នាំ​២០១២ រហូត​មក​ដល់​ពេល​នេះ CATU បាន​រក​ឃើញ​ថា ​​មាន​រោងចក្រ​ចំនួន​៨ បាន​បិទ​ទ្វារ ​ហើយ​បើក​ឡើង​ដោយ​ដាក់​ឈ្នោះ​ថ្មី។ អ្នក​ស្រី​បាន​ហៅ​ទង្វើ​បែប​នេះ​ថា ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​រដ្ឋ​បាន​ពីការ​ប្រមូល​ពន្ធ។

អ្នក​ស្រី​បាន​លើក​ឡើង​ថា​៖ «​យើង​ធ្លាប់​បាន​សួរ​ក្រសួង​ការ​ងារ​​អំពី​តួ​លេខ​នេះ​ ហេតុអ្វី​មិន​មាន​ការ​កត់​ត្រា​រោងចក្រ​បិទ​ហើយ​ បើក​ឡើង​វិញ​​ក្រោម​ឈ្មោះ​ថ្មី​ មាន​ម្ចាស់​ដដែល​ ប៉ុន្តែ​​ក្រសួង​ការងារ​បាន​បដិសេធ​ពន្យល់​»​។

អ្នក​ស្រី​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា រោងចក្រ​ដែល​បាន​បិទ​ទ្វារ​ និង​បើក​ឡើង​វិញ​ភាគ​ច្រើន​​គឺ​ដើម្បី​គេច​ពី​ការ​បង់​ពន្ធ​ ខណៈ​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ត្រូវ​បាន​​ផ្ដល់​ការ​លើក​លែង​ពន្ធ​ពី​រដ្ឋាភិបាល​សម្រាប់​​ប្រតិបត្តិ​ការ​របស់​ពួក​គេ​រយៈ​ពេល​៥​ឆ្នាំ​។​

​អ្នក​ស្រី​បញ្ជាក់​ថា​៖ «​រោង​ចក្រ​ភាគ​ច្រើន​ បន្ទាប់​ពី​រយៈ​ពេល​៥​ឆ្នាំ រោង​ចក្រ​ទាំង​នោះ​បាន​បិទ​​ ហើយ​​បើក​ឡើង​វិញ​ដោយ​ប្រើ​ឈ្នោះ​ថ្មី ​ដែល​រោង​ចក្រ​មួយ​ចំនួន​នៅ​​ទី​តាំង​ដដែល​ រោង​ចក្រ​​មួយ​ចំនួន​ផ្លាស់​ប្តូរទៅ​ទី​តាំង​ថ្មី​​ ប៉ុន្តែ​​​ម្ចាស់​ដដែល​»​។

លោក​ស្រី​បន្ថែ​មថា​៖ «ដោយ​សារ​រោងចក្រ​ទាំង​នោះ​​ចង់​គេច​ពី​ការ​បង់​ពន្ធ​បន្ទាប់​ពី​ប្រតិ​បត្តិការ​បាន​៥ឆ្នាំ​​​»​។​

ប៉ុន្តែ​ លោក ​ហេង ​សួរ ​បាន​ឲ្យ​ដឹង​ថា តាម​ច្បាប់​ នៅ​ពេល​ក្រុម​ហ៊ុន​ប្រកាស​ក្ស័យ​ធន​ ឬ​បិទ​ទ្វារ រោង​ចក្រ​ទាំង​នោះ​ត្រូវ​តែ​​បង់​ប្រាក់​សំណង​ដល់​កម្មករ​។​ លោកថ្លែង​ថា​៖ «​ទោះ​បី​ជា​រោង​ចក្រ​ត្រូវ​បិទ​ទ្វារ​ក៏​ដោ​យ​ ក៏​រោង​ចក្រ​ទាំង​នោះ​ចាំបាច់​ត្រូវ​ដោះ​ស្រាយ​ប្រាក់​សំណង​​ទាំង​អស់​ដល់​កម្មករ​ផង​ដែរ»។

លោក ​ខេន​ លូ​ អគ្គលេខាធិការ ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​ថា ​សហជីព​កម្មករ​ មាន​សិទ្ធិ​បញ្ចេញ​មតិ​ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​​របស់​ GMAC​ ចំនួន​សមាជិក​មាន​ការ​ធ្លាក់​ចុះ​។

លោក​ លូ ​បន្ទោស​ការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​តែ​ការ​កើន​ឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ខណៈ​ការ​បញ្ជា​ទិញ​​ធ្លាក់​ចុះ​។​

លោក​ថ្លែង​ថា​៖ «​រោង​ចក្រ​ទាំង​នោះ​ពិតជា​ខាតបង់​ ដោយ​សារតែ​​ប្រាក់​ឈ្នូល​អប្បបរមា បន្ត​កើន​ឡើង​ ហើយ​អ្នក​ទិញ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ ដូច្នេះ​តើ​រោងច​ក្រទាំង​នោះ​រក​ប្រាក់​ចំណេញ​​បាន​ដូច​ម្ដេច​ អ៊ី​ចឹង​មាន​តែ​​រោង​ចក្រ​ទាំង​នោះ​បិទ​ទ្វារ​»​។

លោក​បន្ថែម​ថា​៖ «​វា​ពិបាក​​ក្នុង​ការ​ព្យាករ​អំពី​ឧស្សាហ​កម្ម​កា​ត់ ដេរ​ណាស់​ព្រោះ​វា​មាន​បញ្ហា​ដូច​ៗគ្នា​ដែល​កំពុង​កើត​ឡើង​»​។

ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ ​ត្រូវ​បាន​ដំឡើង​ដល់​ ១៥៣ ​ដុល្លារ៕ LA

0

Comments

Please, login or register to post a comment