ភ្នំពេញៈ ​បន្ទាប់​ពី​ដំ​ណើរ​ការ​សាក​ល្បង​បាន​ពីរ​ខែ រោង​ចក្រ​ផលិត​ស៊ី​ម៉ងត៍​ ជីប ម៉ុង​ អ៊ិន​ស៊ី ដែល​​ចំ​ណាយ​ទុន​វិនិ​យោគ​សរុប ​២៦២ ​លាន​ដុល្លារ ​បាន​ប្រកាស​ដាក់​ឲ្យ​​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​នា​ព្រឹក​នេះ​ ដោយ​​មាន​សមត្ថ​ភាព​ផលិត​ស៊ី​ម៉ង​ត៍​ ​ ៥ ០០០ តោន​ក្នុង​មួយ​ថ្ងៃ​ ឬ​​ស្មើរ​នឹង​ ១,៧ លាន​តោន​ក្នុង​មួយ​ឆ្នាំ។

រោង​ចក្រ​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ជា​កិច្ច​​សហ​ការ​វិនិយោគ​​​រវាង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​គឺ​ ក្រុម​ហ៊ុន​ជីប​ម៉ុង គ្រុប ដែល​កាន់​កាប់​ភាគ​ហ៊ុន​ ៦០ ​ភាគ​រយ​ និង​ក្រុម​ហ៊ុន​ស៉្យាម​ ស៊ី​ធី ​ស៊ី​មេន​ របស់​ថៃ​ដែល​មាន​ភាគ​ហ៊ុន ៤០ ភាគ​រយ​។

ផលិត​ផល​ស៊ី​ម៉ងត៍​ ពី​រោង​ចក្រ​ថ្មី​នេះ​នឹង​រួម​ចំ​ណែក​ឆ្លើយ​តប​នឹង​តម្រូវ​ការ​​ស៊ី​ម៉ងត៍​នៅ​កម្ពុជា​ដែល​កំ​ពុង​កើន​ឡើង​។​ អ្នក​ជំ​នាញ​ក្នុង​ទី​ផ្សារ​​ស៊ី​ម៉ងត៍​បាន​ប៉ាន់​ស្មាន​ថា​ តម្រូវ​ការ​ស៊ី​ម៉ងត៍​នៅ​ប្រ​ទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ប្រ​មាណ ​៦ លាន​តោន​ក្នុង​មួយ​ឆ្នាំ។