ក្រុងប៊ែរឡាំងៈ លោកស្រី អធិការបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃពុធបានរំឭកថា ប្រទេសចិនមិនត្រូវភ្ជាប់ការវិនិយោគរបស់ខ្លួនក្នុងតំបន់បាល់កង់ (Balkan) ដែលស្ថិតនៅភាគអាគ្នេយ៍នៃតំបន់អឺរ៉ុបទៅនឹងការទាមទារផ្នែកនយោបាយនោះឡើយ។
លោកស្រី Merkel បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយលោក Zoran Zaev នាយករដ្ឋមន្ត្រីម៉ាសេដ្វានថា៖ «ខ្ញុំពុំមានការជំទាស់អ្វីទៅនឹងហេតុផលដែលប្រទេសចិនចង់ធ្វើពាណិជ្ជកម្ម និងវិនិយោគនោះទេ»។
លោកស្រីបន្តថា៖ «យើងប្តេជ្ញាចិត្តអនុវត្តពាណិជ្ជកម្មសេរី»។ តែលោកស្រីបញ្ជាក់ថា៖ «ពាណិជ្ជកម្មនោះត្រូវមានទៅមក ហើយការបើកចំហនោះនឹងមិនត្រូវធ្វើឡើងតែពីភាគីម្ខាងនោះទេ តែត្រូវធ្វើឡើងដោយគ្រប់ភាគីទាំងអស់»។
លោកស្រីបានថ្លែងទៀតថា៖ «សំណួរគឺថា តើទំនាក់ទំនងសេដ្ឋកិច្ចត្រូវភ្ជាប់ទៅនឹងបញ្ហានយោបាយដែរឬទេ?» ដោយលោកស្រីបញ្ជាក់ថា ហេតុផលនេះ «នឹងមិនស្ថិតក្នុងស្មារតីនៃពាណិជ្ជកម្មសេរីឡើយ»។
ប្រទេសចិនបានវិនិយោគច្រើនក្នុងកិច្ចផ្តួចផ្តើម «ផ្លូវសូត្រថ្មី» ដ៏ធំមួយសម្រាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោករវាងតំបន់អាស៊ី និងអឺរ៉ុបដោយបានជំរុញឲ្យតំបន់អឺរ៉ុបព្រួយបារម្ភអំពីឥទ្ធិពលនយោបាយដែលកំពុងកើនឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រទេសមួយចំនួននៅអឺរ៉ុប ព្រួយបារម្ភថាក្រុមប្រទេសក្នុងតំបន់បាល់កង់ ដែលរួមមានទាំងរូម៉ានី ស៊ែប៊ី ដែរនោះ ដែលទទួលប្រយោជន៍ពីការវិនិយោគចិន មាននិន្នាការកាន់តែខ្លាំង ដើម្បីការពារផលប្រយោជន៍របស់ចិនក្នុងសហភាពអឺរ៉ុប ជាពិសេសបញ្ហាសិទ្ធិមនុស្ស និងពាណិជ្ជកម្ម៕ BP