ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​គំរាម​ចាត់​វិធានការ​សងសឹក​ប្រឆាំង​នឹង​ដៃគូ​ពាណិជ្ជកម្ម​អាស៊ី​ធំៗ​ចំនួន​ ២ ​កាលពី​ថ្ងៃ​អង្គារ ដោយ​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ចិន និង​ប្តេជ្ញា​ពិនិត្យ​មើល​ឡើង​វិញ ឬ​លុបចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាង​ត្បូង​។

ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​បទ​បំផ្លាញ​ឧស្សាហកម្ម​ផលិត​ដែក និង​អាលុយមីញ៉ូម​របស់​អាមេរិក លោក ត្រាំ មាន​ប្រសាសន៍​ថា លោក​បាន «​ពិចារណា​នូវ​ជម្រើស​ទាំងអស់​» រួម​ទាំង​ពន្ធ និង​កូតា​ផង​ដែរ​។

នាពេល​ថ្មីៗ​នេះ​លោក ត្រាំ បាន​ទទួល​របាយការណ៍​ចំនួន​ពីរ​របស់​ក្រសួង​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ការ​ឧបត្ថម្ភធន​របស់​ចិន​ដែល​ត្រូវ​បាន​ចោទប្រកាន់​សម្រាប់​ការ​នាំ​ចេញ​ដែក និង​អាលុយមីញ៉ូម​ដែល​ជា​វត្ថុ​ធាតុដើម​ដ៏សំខាន់​សម្រាប់​ឧស្សាហកម្ម​ជាច្រើន​រាប់​ចាប់​ពី​សំណង់​រហូត​ដល់​ឧស្សាហកម្ម​ផលិត​រថយន្ត​។

លោក​មាន​រយៈពេល​ ២ ​ខែ​ទៀត ដើម្បី​សម្រេច​ពី​វិធានការ​សងសឹក​ដែល​អាច​អនុវត្ត​បាន តែ​លោក​បាន​បង្ហាញ​យ៉ាង​មុតមាំ​ថា លោក​កំពុង​ងាក​ទៅ​រក​ការ​តបត​វិញ​ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​ធ្វើការ​សម្រេចចិត្ត​ដែល​ឆ្លុះ​បញ្ចាំង​ពី​អត្ថប្រយោជន៍​ប្រសើរ​បំផុត​របស់​សហរដ្ឋអាមេរិក រួម​ទាំង​ភាព​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ហួស​កម្រិត​នៅ​ប្រទេស​ចិន និង​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​ជាដើម​»​។

ក្រុម​អ្នក​ជំនាញ​ជឿជាក់​ថា​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នឹង​ជំរុញ​ឲ្យ​ប្រទេស​ចិន​ឆ្លើយតប​វិញ ដោយ​ការ​ប្រើប្រាស់​ទណ្ឌកម្ម​របស់​ខ្លួន​ផ្ទាល់​ដោយ​បាន​ជំរុញ​ស្មារតី​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ ២ ​នេះ​។

ប្រទេស​ចិន​ផលិត​ប្រហែល​ពាក់កណ្តាល​នៃ​ទិន្នផល​ដែក​ពិភពលោក ហើយ​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ចាក់​បញ្ចូល​ដែក​តម្លៃ​ថោក​ទាំង​នោះ​ទៅក្នុង​ទីផ្សារ ដើម្បី​រក្សា​សម្ទុះ​សេដ្ឋកិច្ច​របស់​ខ្លួន​។ តែ​លោក​ ត្រាំ ក៏​ស្ថិត​ក្រោម​សម្ពោធ​ផង​ដែរ ដើម្បី​សង្គ្រោះ​រោងចក្រ​ដែល​អាច​ក្ស័យធន​ដោយសារ​ផលិតផល​ដែក​លក់​បង្ខូច​តម្លៃ​ទីផ្សារ​។

កំណើន​ឱនភាព​ពាណិជ្ជកម្ម

ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក ដែល​លោក ត្រាំ បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ថា​នឹង​ដោះស្រាយ​នោះ​បាន​កើនឡើង​ជា​បន្ត​នៅ​ក្នុង​អំឡុង​ពេល​លោក​កាន់​អំណាច​ឆ្នាំ​ដំបូង ដែល​កើន ១២ ​ភាគរយ​ដល់ ៥៦៦ ​ពាន់​លាន​ដុល្លារ​។

លោក ត្រាំ បាន​ប្រាប់​ក្រុម​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សេតវិមាន​ថា​៖ «​ពួកគេ​កំពុង​លក់​ទំនិញ​បង្ខូច​តម្លៃ​ទីផ្សារ និង​បំផ្លាញ​ឧស្សាហកម្ម​របស់​យើង ហើយ​បំផ្លាញ​ក្រុម​គ្រួសារ​ពលករ​របស់​យើង ហើយ​យើង​មិន​អាច​បណ្តោយ​ឲ្យ​បញ្ហា​នោះ​កើតឡើង​នោះ​ទេ​»​។

លោក ត្រាំ បាន​ទទួល​ការ​គាំទ្រ​ខ្លះ​ពី​ក្រុម​សមាជិក​សភា​នេះ តែ​ក៏​មាន​ការ​រំឭក​ផង​ដែរ​ថា សកម្មភាព​ប្រឆាំង​ទៅ​នឹង​ប្រទេស​ចិន​នេះ​អាច​ជំរុញ​ឲ្យ​តម្លៃ​ទំនិញ​កើនឡើង ហើយ​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម​របស់​អាមេរិក​ផ្សេង​ទៀត​ក្រៅពី​វិស័យ​ផលិត​ដែក និង​អាលុយមីញ៉ូម​។

លោក Roy Blunt សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​ថា​៖ «​លោក​ប្រធានាធិបតី ខ្ញុំ​យល់​ថា​យើង​ពិត​ជា​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ ដែល​យើង​មិន​ចាប់​ផ្តើម​សង្គ្រាម​ទៅវិញ​ទៅមក​លើ​ការ​ហូតពន្ធ​នោះ​ទេ​»​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ «​លោក​ដឹង​ទេ យើង​ផលិត​អាលុយមីញ៉ូម យើង​ផលិត​ដែក​។ តែ​យើង​ទិញ​អាលុយមីញ៉ូម​ច្រើន ហើយ​យើង​ទិញ​ដែក​ក៏​ច្រើន​ដែរ​»​។

លោក Daniel Ikenson បម្រើការ​នៅ​វិទ្យាស្ថាន CATO ដែល​គាំទ្រ​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា លោក ត្រាំ អាច​នឹង​ត្រូវ​បង្ខំ​ឲ្យ​កាត់​បន្ថយ​វិធានការ​របស់​លោក​។

លោក Ikenson បាន​សរសេរ​ក្នុង​សប្តាហ៍​នេះ​ថា៖ «​បើ​ទោះ​ជា​មាន​វោហារស័ព្ទ​នេះ​ក្តី តែ​លោក ត្រាំ ពុំ​ចង់​បំផ្លាញ​សេដ្ឋកិច្ច «​របស់​លោក​នោះ​ទេ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​បច្ចុប្បន្ន​លោក ត្រាំ បាន​យល់​ដឹង​កាន់តែ​ច្រើន​ថា សកម្មភាព​គ្មាន​ការ​ពិចារណា​ដែល​លោក​បាន​គំរាម​អនុវត្ត​នោះ​នឹង​ធ្វើឲ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ច្រើន​»​។

នោះ​ក៏​ជា​ការ​ពិត​ផង​ដែរ​ចំពោះ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​បាន​បង្ក​បញ្ហា​រួច​ទៅ​ហើយ​ ដោយសារ​ជម្លោះ​ពាក្យ​សម្តី​របស់​លោក ត្រាំ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​។

ដោយ​បាន​កំណត់​ទិសដៅ​លើ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល លោក ត្រាំ បាន​ត្អូញត្អែរ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្នាំ​ ២០១២ ​របស់​អាមេរិក​ជាមួយ​កូរ៉េ​ខាង​ត្បូង «​គឺជា​គ្រោះ​មហន្តរាយ​មួយ​» ដោយ​បាន​សន្យា​ថា សហរដ្ឋ​អាមេរិក​នឹង​ចរចា​ឡើង​វិញ​នូវ «​កិច្ចព្រមព្រៀង​ដោយ​ស្មើភាព​មួយ​» ឬ​លុបចោល​កិច្ចព្រមព្រៀង​នេះ​តែ​ម្តង​។

រដ្ឋបាល​របស់​លោក ត្រាំ បាន​ផ្តួចផ្តើម​កិច្ចពិភាក្សា​ចរចា​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក-កូរ៉េ (KORUS) កាលពី​ខែ​កក្កដា ឆ្នាំ​មុន​ដោយ​បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​នេះ​មាន​ភាព​លម្អៀង ដោយសារ​ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​អាមេរិក​បាន​កើនឡើង​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​នេះ​។

លោក ត្រាំ ថ្លែង​ថា​៖ «​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មិន​ល្អ​ជាមួយ​កូរ៉េ​» ​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ចំពោះ​យើង​កិច្ចព្រមព្រៀង​នេះ​មិន​បាន​ផ្តល់​ផលប្រយោជន៍​អ្វី ក្រៅពី​ការ​ខាតបង់​នោះ​ទេ​»​។

ការ​អធិប្បាយ​របស់​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​មួយ​ថ្ងៃ បន្ទាប់ពី​លោក​បាន​លើក​ឡើង​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ចិន​រួម​ទាំង​ប្រទេស​ជប៉ុន​ផង​ដែរ​ជុំវិញ​អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក​ដោយ​បាន​ចោទប្រកាន់​ប្រទេស​ទាំង​នោះ​ថា «​បាន​រួច​ខ្លួន​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​»៕ BP