ក្រុងវ៉ាស៊ីនតោនៈ មហា​សេដ្ឋីជាតិ​អាមេរិក​ លោក​​ Bill Gates បា​ន​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​លើ​​ការ​​បង់ពន្ធ​ជាង ​១០ ​ពាន់​​លាន​ដុល្លារ​ក្នុងមួយ​ជីវិត​​របស់​លោក​ តែ​មហាសេដ្ឋី​ពាន់​លាន​ជា​ច្រើនរូប​ដូច​រូប​លោក​ដែរ​នោះ គួរ​តែ​បង់​ពន្ធ «ច្រើន» ​ថែម​ទៀត ដោយ​សារ​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​​ពី​ប្រព័ន្ធ​ពន្ធ។​

សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និងជា​បុរស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ទី​ពីរ​​​ក្នុង​​ពិភព​លោក បន្ទាប់​ពី​លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon បាន​រិះគន់​ចំពោះ​កំណែ​ទម្រង់​ពន្ធ​​នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន និង​បាន​កាត់​បន្ថយ​ពន្ធ​ចំពោះ​បុគ្គល​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់។​

លោក​បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​មួយ​នឹង​ស្ថានីយ​ទូរទស្សន៍ CNN ថា៖ «​ខ្ញុំ​បាន​បង់​ពន្ធ​ច្រើន​ជាង ​១០ពាន់​លាន​ដុល្លារ ច្រើន​ជា​ង​អ្នក​ផ្សេង​ទៀត តែ​រដ្ឋាភិបាល​គប្បី​តម្រូវ​ឲ្យ​មនុស្ស​ដែល​ឋិត​ក្នុង​ស្ថានភាព​ដូច​រូប​ខ្ញុំ បង់​ពន្ធ​កាន់តែ​ច្រើន​ផង​ដែរ»។​

លោក​បាន​ឲ្យ​ដឹងថា កំណែទម្រង់ពន្ធ​ដែល​ត្រូវ​បានអនុម័ត​កាលពី​ខែធ្នូនេះ ផ្តល់​ប្រយោជន៍​ដល់​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន បើ​ទោះ​ជា​គណបក្ស​សាធារណរដ្ឋ​អះ​អាង​ថា វា​នឹង​ជួយ​ប្រជា​ជន​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​អ្នក​ធ្វើ​ការងារ​តូច​តាច​ក្តី។

លោក​ថ្លែង​ថា៖ «​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន ទំនង​ជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ជាង​អ្នក​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ឬ​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ។ ដូច្នេះ​ហើយ វា​ផ្ទុយ​ពី​និន្នាការ​ទូទៅ​ដែល​អ្នក​ចង់​ឃើញ នោះ​គឺ​​សំណាញ់​សុវត្ថិភាព​សង្គម កំពុង​តែ​រឹង​មាំ​កាន់​តែ​​ខ្លាំង និង​​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន កំពុង​បង់ពន្ធ​កាន់​តែ​ច្រើន»។

ដោយ​ ១ ភាគ ៦ ​នៃ​ប្រជាជន​អាមេរិក​​កំពុង​រស់​នៅ​ក្នុង​អ្វី​​ដែល លោក​ចាត់​ទុក​ថា ​​ជា​ស្ថានភាព​ដ៏ «គួរ​ឲ្យ​ខកចិត្ត» នោះ លោក​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​បង្កើត​គោល​នយោ​បាយ​អាមេរិក ចាំ​បាច់​ត្រូវ​ពិចារណា​លើ​​វិសមភាព​ដែល​កំពុង​កើន​ឡើង និង​សួរ​ថា «ហេតុអ្វី​បាន​ជា​យើង​មិន​អាច​​ធ្វើ​ការ​ងារ​បាន​កាន់​តែ​ប្រសើរ​សម្រាប់​ប្រជាជន​ទាំង​នោះ​?»៕ AFP/BP