Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) រយៈពេល ​៥ ​ឆ្នាំ​មាន​ស្ថិរភាព

Content image - Phnom Penh Post
ការ​ដ្ឋាន​សាង​សង់​គម្រោង​ SINO Plaza នៅ​ផ្សារ​បឹង​ត្របែក​កាល​ពី​ខែ​មីនា​។ ស្រេង ម៉េងស្រ៊ុន

លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) រយៈពេល ​៥ ​ឆ្នាំ​មាន​ស្ថិរភាព

ភ្នំពេញៈ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា​ បាន​បង្ហាញ​ពី​កំណើន​ថេរ​ក្នុង​អំឡុង ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ១,៧​ ពាន់​លាន​ដុល្លារ​ទៅ​ ១,៩​ ពាន់​លាន​ដុល្លារ ​ប្រចាំ​ឆ្នាំ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

កំណើន​មាន​ស្ថិរភាព​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​ថា កំពុង​ជួយ​កម្ពុជា​ឆ្ពោះ​ទៅ​ប្រទេស​មាន​ប្រាក់​ចំណូល​កណ្ដាល​ខ្ពស់​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​ទៀត​។

ទិន្នន័យ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បង្ហាញ​ថា លំហូរ FDI មក​កម្ពុ​ជា មាន​ចំនួន ​១,៩ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ ​២០១៦ កើន​ឡើង ​១៣​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥​។ តួលេខ​នេះ​មាន​នៅ​ក្នុង​ការ​វាយ​តម្លៃ ចក្ខុ​វិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ កម្ពុជា ឆ្នាំ ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​នេះ​។

របាយការណ៍​បាន​បង្ហាញ​ថា លំហូរ​ចូល FDI កាលពី​ឆ្នាំ ​២០១២ មាន​ចំនួន ​១,៨៣ ​ពាន់​លាន​ដុល្លារ ឆ្នាំ ២០១៣ មាន​ចំនួន​ ១,៨៧​ ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំ​ ២០១៤ មាន ​១,៧២ ពាន់​លាន​ដុល្លារ និង​ឆ្នាំ​ ២០១៥ មាន ១,៧០​ ពាន់​លាន​ដុល្លារ​។

លោក ហ៊ីង ថូរ៉ាស៊ី អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​កិច្ចសហ​ប្រតិបត្តិការ និង​សន្ដិភាព​កម្ពុជា (CICP) បាន​ឲ្យ​ដឹង​ថា លំហូរ​ចូល FDI ប្រកប​ដោយ​ស្ថិរភាព​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​គឺជា​ប្រតិបត្តិការ​ដ៏​ល្បី​ឈ្មោះ​សម្រាប់​កម្ពុជា ហើយ​ទុន​បរទេស​នេះ​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ និង​ការ​ធ្វើ​ពិពិធ​កម្ម​វិស័យ​ផលិតកម្ម​របស់​ប្រទេស​នេះ​។

លោក​ព្យាករ​ថា លំហូរ FDI នឹង​រក្សា​ភាព​ខ្លាំង​ក្នុង​ពេល​អនាគត​រយៈពេល​វែង ដែល​គាំទ្រ​ដោយ​ការ​ចាប់​ផ្ដើម​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥ ​ឆ្នាំ​ ២០២៥ និង​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​របស់​ កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ជាមួយ​នឹង​និន្នាការ​កំណើន​នៃ​លំហូរ FDI កម្ពុជា ​នឹង​រក្សា​កំណើន​សេដ្ឋកិច្ច​ចំនួន​ ៧​ ភាគរយ ​ប្រចាំ​ឆ្នាំ​ជា​មធ្យម បង្កើត​ឱកាស​ការងារ​កាន់​តែ​ច្រើន ហើយ​បង្កើត​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់​សម្រាប់​ប្រជាជន​»​។

លោក​បន្ត​ថា​៖ «​កំណើន​នេះ​នឹង​ជួយ​ប្រទេស​កម្ពុជា​សម្រេច​បាន​តាម​ទិសដៅ​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កណ្ដាល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០២៦ ឬ ឆ្នាំ​ ២០២៧»​។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​បាន​ពី NBC ចេញ​ផ្សាយ​ កាល​ពី​ដើម​ឆ្នាំ​នេះ បាន​បង្ហាញ​ថា FDI ជាង​ ៥៣៩ លាន​ដុល្លារ​វិនិយោគ​ទៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ៣៩០​ លាន​ដុល្លារ​ទៅ​ក្នុង​ផលិតកម្ម នៅ​វិស័យ​អចលនទ្រព្យ មាន​ ៣៧០ លាន​ដុល្លារ​កសិកម្ម ២៣២ លាន​ដុល្លារ និង​ផ្នែក​នៅ​សល់​បាន​ទៅ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។

កាល​ពី​ឆ្នាំ​២០១៦ វិនិយោគ​មកពី​ប្រទេស​ចិន​ឈាន​មុខ​គេ​នៅ ​កម្ពុជា ដោយ​មាន​ការ​វិនិយោគ​តម្លៃ ៥១១​ លាន​ដុល្លារ បន្ទាប់​មក​ទីក្រុង​ហុងកុង ២៣៧ លាន​ដុល្លារ ​វៀតណាម​ ១៩២​ លាន​ដុល្លារ និង ​ជប៉ុន ១៨៥​ លាន​ដុល្លារ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​មើល​ឃើញ​ការ​វិនិយោគ​កាន់​តែ​ច្រើន​មកពី​បរទេស ពិសេស​ប្រទេស​ ចិន និង​ ជប៉ុន ដោយ​សារ​តម្រូវ​ការ​ពង្រីក​ការ​វិនិយោគ​មក​ពី​ប្រទេស​ទាំង​នេះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិនិយោគ​កាន់​តែ​ប្រសើរ​របស់​កម្ពុជា​ នៅ​ពេល​អនាគត ដូចជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​កាន់​តែ​ប្រសើរ ការ​ផ្គត់ផ្គង់​អគ្គិសនី​ដែល​អាច​ទុក​ចិត្ត​បាន និង​ច្បាប់​វិនិយោគ​គួរ​ឲ្យ​ទាក់ទាញ​។

លោក​ថ្លែងថា​៖ «​លំហូរ FDI ក្នុង​រោងចក្រ​ដំឡើង និង​ការ​ផលិត​អេឡិច​ត្រូនិក​នឹង​កើន​ឡើង ហើយ​ឧស្សាហកម្ម​ប្រភេទ​នេះ​ផ្ដល់​ប្រាក់​ឈ្នួល​កាន់​តែ​ខ្ពស់​សម្រាប់​កម្មករ​កម្ពុជា​»​។

លោក​បន្ត​ថា​៖ «​កំណើន FDI នឹង​ជួយ​ជំរុញ​ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​សាធារណៈ​ដូច​ជា ផ្លូវ​ថ្នល់ ស្ពាន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​»៕ LA

0

Comments

Please, login or register to post a comment