Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វិធានការ​លើ​ប្រាក់​បាត ​ថៃ ​ត្រូវ​បាន​ជំរុញ

Content image - Phnom Penh Post
បុគ្គលិក​ធនាគារ​កំពុង​រាប់​ប្រាក់​បាត​នៅ​ធនាគារមួយ​នា​ទីក្រុ​ង​បាងកក។ រូបថត AFP

វិធានការ​លើ​ប្រាក់​បាត ​ថៃ ​ត្រូវ​បាន​ជំរុញ

ក្រុង​បាងកកៈ វិស័យ​ឯកជន​នៅ​ប្រទេស​ថៃ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​កណ្តាលថៃ​រៀប​ចំកិច្ច​ប្រជុំ​មួយ​ស្តីពីការ​ស្វែង​រក​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​កំណើន​ថ្លៃ​ប្រាក់​បាត​ខ្ពស់ ដែល​កំពុង​ធ្វើ​ឲ្យ​ប្រាក់​បាត​ក្លាយ​ជា​រូបិយប័ណ្ណ​មួយ​​ក្នុង​ចំណោម​រូបិយប័ណ្ណ​ដែល​​ឡើង​ថ្លៃ​ខ្ពស់​នៅ​អាស៊ី។

លោក Kalin Sarasin ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រួម​ស្តីពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​ (JSCCIB) ​ឲ្យ​ដឹងថា គណៈកម្មាធិការ​នេះ នឹង​ស្នើ​ឲ្យ​យក​សប្តាហ៍​ក្រោយ​នេះ សម្រាប់​ការ​ជួប​ប្រជុំ​របស់​ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ប្រាក់​បាត​មាន​តម្លៃ​ខ្ពស់​ពេក ហើយ​កំពុង​ជះ​ឥទ្ធិពល​លើ​ក្រុមហ៊ុន​នាំចេញ​របស់​ថៃ និង​ឧស្សាហកម្ម​ទេសចរណ៍​ថៃ។ លោក​បាន​បន្ថែម​ថា វិស័យ​ពាណិជ្ជកម្ម សង្ឃឹមថា រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ឆាប់​រហ័ស។

លោក​ Kalin បាន​បន្ត​ឲ្យ​ដឹង​ថា៖ «​ប្រាក់​បាត​បាន​ឡើង​ថ្លៃ​ជិត ​១២​ភាគ​រយ (គិត​ចាប់តាំង​ពី​ដើម​​ឆ្នាំ​២០១៧​មក) ធៀប​នឹង​ប្រាក់​ដុល្លារ ដោយ​បាន​ជំរុញ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​មាន​ក្តី​បារម្ភ»។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «​[តម្លៃ​នេះ​មាន​កម្រិត​​ខ្ពស់​] បើ​ធៀប​នឹង​រូបិយប័ណ្ណ​របស់​ប្រទេស​ជិត​ខាង ដូចជា​ប្រាក់​រីងហ្គីត​របស់​ម៉ាឡេស៊ី ដែល​បាន​កើន​ឡើង​ ៩​ភាគ​រយ ប្រាក់​ប៉េសូ​របស់​ហ្វីលីពីន [​ដែល​បាន​ឡើង​ថ្លៃ ៧​ភាគ​រយ] និង​ប្រាក់​ដុង​របស់​វៀតណាម [ដែល​ឡើង​ថ្លៃ​ ១​ភាគ​រយ]​»។

នៅ​ដើម​សប្តាហ៍​នេះ ប្រាក់​បាត​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ពេល​ ៤០​ខែ ធៀប​នឹង​ប្រាក់​ដុល្លារ​នៅ​តម្លៃ ៣២,១០​បាត ដែល​បើ​គិត​ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ រូបិយ​ប័ណ្ណ​នេះ​បាន​កើន​ឡើង ១,២​ភាគ​រយ ពោល​គឺជា​កំណើន​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​ចំណោម​រូបិយប័ណ្ណ​ក្នុង​តំបន់​អាស៊ី។ នៅ​ឆ្នាំ​២០១៧ ប្រាក់​បាត​គឺ​ជា​រូបិយប័ណ្ណ​ដែល​បាន​ឡើង​ថ្លៃ​ខ្ពស់​បំផុត បន្ទាប់​ពី​ប្រាក់​វ៉ុន​​របស់​កូរ៉េ​ខាង​ត្បូង។

កាល​ពី​ថ្ងៃ​សុក្រ ធនាគារ​កណ្តាល​ថៃ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ចាត់​វិធាន​ការ បើ​ប្រាក់​បាត​ឡើង​ថ្លៃ​ល្មម​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឯកជន​នោះ។

លោក Mathee Supapongse ទេសាភិបាល​រង​ធនាគារ​កណ្តាល​ថៃ​ថ្លែង​ថា ធនាគារ​កណ្តាល​កំពុង​ពិនិត្យ​តាម​ដាន​ទីផ្សារ​រូបិយប័ណ្ណ​បរទេស ហើយ​នឹង​ចាត់​វិធានការ​ដើម្បី​ទប់​ស្កាត់​កំណើន​ថ្លៃ​ប្រាក់​បាត​ បើ​រូបិយប័ណ្ណ​មួយ​នេះ​ឡើង​ថ្លៃ​ខ្លាំង​ពេក​ដែល​ពិបាក​នឹង​ឲ្យ​​​ក្រុមហ៊ុន​ក្នុង​ស្រុក​សម្រប​ខ្លួន​តាម​នោះ៕ BP

0

Comments

Please, login or register to post a comment