ភ្នំពេញៈ រដ្ឋាភិបាល​បាន​បង្ហាញ​ពី​កំណើន​ទីផ្សារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​លើ​គ្រប់​ផ្នែក​ទាំងអស់​របស់​កម្ពុជា​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ គិត​ត្រឹម​ឆ្នាំ ២០១៧​។ នេះ​បើ​តាម​របាយការណ៍​សង្ខេប​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បង្ហាញ​ពី​កង្វះ​ទិន្នន័យ​ជាក់លាក់ ប៉ុន្តែ​បង្ហាញ​និន្នាការ​វិជ្ជមាន​ទូទៅ​នៅ​ក្នុង​ចំនួន​រោងចក្រ​នៅ​ប្រទេស​នេះ​ចំនួន​កម្មករ​ដែល​បាន​ផ្ដល់​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ទំនិញ​ផ្សេងៗ​ដែល​បាន​ផលិត​សម្រាប់​ការ​នាំ​ចូល និង​ការ​នាំចេញ​។

កម្ពុជា​មាន​រោងចក្រ​ចុះ​បញ្ជី​សរុប ១ ៥២២ រោងចក្រ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កាលពី​ឆ្នាំ​ ២០១៧ កើនឡើង​ ៣៧ ​ភាគរយ​ធៀប​នឹង​ ៥ ​ឆ្នាំ​កន្លង​មក​ដែល​នៅពេល​នោះ​មាន​រោងចក្រ ១ ១០៨ ​រោងចក្រ​ប៉ុណ្ណោះ​។ ក្នុង​នោះ​មាន​តែ​ឆ្នាំ​ ២០១៧ ​ប៉ុណ្ណោះ​ដែល​ធ្លាក់​ចុះ ដោយសារ​ចំនួន​រោងចក្រ​ធ្លាក់​ចុះ​ខ្លាំង​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ដោយ​បាន​ធ្លាក់​ចុះ​បន្តិច​ពី​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​ចំនួន ១ ៥៧៩ រោងចក្រ​ពី​ឆ្នាំ​ ២០១៦​។

ការ​ធ្លាក់​ចុះ​បន្តិច​នៃ​ចំនួន​រោងចក្រ​សរុប​កាលពី​ឆ្នាំ​មុន​អាច​មកពី​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​ពី​រោងចក្រ​កាត់ដេរ និង​សម្រេច​ឲ្យ​បាន​គម្រោង​ទ្រង់ទ្រាយ​កាន់​តែ​ធំ​។ នេះ​បើ​យោង​តាម​លោក ហ៊ត ផេង ប្រធាន​​នាយកដ្ឋាន​កិច្ចការ​ឧស្សាហកម្ម​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​នេះ​យើង​ស្ទើរ​តែ​បំពេញ​តម្រូវការ​សម្រាប់​រោងចក្រ​កាត់ដេរ​ដែល​មាន​ជាង​ ១ ​ពាន់​រោងចក្រ​រួច​ទៅ​ហើយ​»​។

លោក​បន្ត​ថា​៖ «​នៅ​ពេល​នេះ​គោលនយោបាយ​របស់​យើង​នឹង​ផ្ដោត​លើ​ការ​ទាក់ទាញ​ការ​វិនិយោគ​សម្រាប់​រោងចក្រ​បចេ្ចកវិទ្យា​ជា​ឧស្សាហកម្ម​ដ៏មាន​សក្ដានុពល​ដែល​លើក​កម្ពស់​ទ្រង់ទ្រាយ​ធំ​» ដល់​គម្រោង និង​ប្រតិបត្តិការ​ជាច្រើន​។

ចំនួន​រោងចក្រ​កាត់ដេរ​បាន​កើនឡើង​​ ២៩ ​ភាគរយ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ហើយ​នៅពេល​នេះ​មាន​ចំនួន ១០៣១ ​រោងចក្រ​ប្រហែល​ជា​ ២ ​ភាគ​ ៣ ​នៃ​ចំនួន​រោងចក្រ​សរុប​។ រោងចក្រ​នៅ​សល់​ ១ ​ភាគ​ ៣ ​ទៀត​គឺ​ក្រុម​ចម្រុះ​នៃ​ប្រតិបត្តិការ​ផលិតកម្ម​ដែល​រួមមាន​រោងចក្រ​អាហារ ភេសជ្ជៈ និង​បារី​ចំនួន​ ១១៧ ​រោងចក្រ រោងចក្រ​កែច្នៃ​ម្រេច​ចំនួន​ ៤៤ និង​រោងចក្រ​កៅស៊ូ និង​ប្លាស្ទិក​គីមី​ ១០៤ ​រោងចក្រ​។

រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​រក​បាន​ប្រាក់​ចំណូល ១០,៧៩ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​កើនឡើង ​៧០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៣​។ ប្រាក់​ចំណូល​ជាង​ ៧ ​ពាន់​លាន​ដុល្លារ​ក្នុង​ចំណោម​ចំនួន​សរុប​នោះ​បាន​មកពី​ឧស្សាហកម្ម​កាត់ដេរ​ដែល​ផ្ដោត​លើ​ការ​នាំ​ចេញ ខណៈ​ឧស្សាហកម្ម​ក្នុង​ស្រុក​រក​បាន​ប្រាក់​ចំណូល​ផ្សេង​ទៀត​ចំនួន​ ២,៦២ ​ពាន់​លាន​ដុល្លារ​។

លោក ងួន ម៉េងតិច នាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កំណើន​ប្រកប​ដោយ​ស្ថិរភាព​នៅក្នុង​វិស័យនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​កែលម្អ​គោលនយោបាយ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​រដ្ឋាភិបាល ប៉ុន្តែ​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្ម​បន្ថែម​ទៀត​ដល់​កម្លាំង​ពលកម្ម​របស់​ខ្លួន និង​បង្កើន​ជំនាញ​កម្មករ​របស់​ខ្លួន​ដើម្បី​មាន​សមត្ថភាព​ប្រកួតប្រជែង​បាន​។

លោក​ថ្លែង​ថា​៖ «​ទោះបី​ជា​យើង​មាន​គោលនយោបាយ​ល្អ​ពី​រដ្ឋាភិបាល ឧស្សាហកម្ម​នេះ​នឹង​ត្រូវ​ការ​ធនធាន​មនុស្ស និង​អ្នក​បច្ចេកទេស​ដើម្បី​បម្រើការ​វិនិយោគ​ថ្មី​»​។

លោក​បន្ត​ថា​៖ «​យើង​ត្រូវតែ​លើក​ទឹក​ចិត្ត​កម្មករ​ចំណាកស្រុក​ឲ្យ​សម្លឹង​មើល​ទៅ​ការងារ​នៅ​ក្នុង​ប្រទេស​នេះ​»​។

ឧស្សាហកម្ម​កាត់ដេរ​បាន​ផ្ដល់​ការងារ​ដល់​កម្មករ ៨៤៧ ៤១៩ នាក់​កាលពី​ឆ្នាំ​មុន​ដែល​មាន​ ៨៦ ​ភាគរយ​ក្នុង​ចំណោម​កម្មករ​សរុប ៩៨២ ២០៣ នាក់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ នេះ​បើ​យោង​តាម​របាយការណ៍​នេះ​។

សេដ្ឋកិច្ច​របស់​កម្ពុជា​​ បាន​ពឹង​ផ្អែក​រយៈពេល​វែង​លើ​វិស័យ​កាត់ដេរ ដែល​ភាគច្រើន​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប និង​អាមេរិក​។ ការ​នាំ​ចេញ​នោះ​ដាក់​ប្រទេស​នេះ​ក្នុង​ហានិភ័យ​នៃ​បញ្ហា​ដោយសារ​វិបត្តិ​ដែល​អាច​កើតឡើង​ក្នុង​ឧស្សាហកម្ម​នេះ ឬ​ការ​ផ្លាស់ប្តូរ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​ជាប់​ទាក់ទង​នឹង​ស្ដង់ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​៕ LA