ភ្នំពេញៈ ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ មាន​ជំនឿ​ថា ការប្រើ​ឈ្មោះ «​ម្លិះ​អង្គរ​» ជា​យីហោ​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា​សម្រាប់​ការនាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​ជំរុញ​ការ​នាំ​ចេញ​កាន់តែខ្លាំង​ឡើង ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ធ្វើការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​ឧស្សាហ​កម្ម​នេះ​។

ការ​លើក​ឡើង​នេះ ធ្វើឡើង​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី ៦ រយៈពេល ២ ​ថ្ងៃ ដែល​បាន​រៀបចំ​ឡើង កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ភ្នំពេញ​។

វេទិកា​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ក្នុង​ការ​ចែករំលែក​ទស្ស​នៈ និង​បទពិសោធ​ក្នុង​ចំណោម​ក្រុម​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​។

ព្រឹត្តិការណ៍​នេះ​មាន​ការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល ក្រុមហ៊ុន​នាំ​ចេញ​អង្ករ វិស័យ​ឯកជន និង​សហករណ៍​កសិករ ។

លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ថ្លែង​ថា យីហោ​អង្ករ​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចូល​ទៅ​ទីផ្សារ​ប្រកប​ដោយ​ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យីហោ​អង្ករ​មាន​សារៈសំខាន់​សម្រាប់​ការ​ទៅ​ដល់​ទីផ្សារ​ប្រកប​ដោយ​ស្ថិរភាព យីហោ​នេះ​នឹង​បិទ​ភ្ជាប់​នឹង​បាវ​អង្ករ​របស់​ក្រុមហ៊ុននាំចេញ​នីមួយៗ​ដែល​ធានា​គុណភាព និង​ប្រភព​ដើម​របស់​អង្ករ​តម្លៃ​ខ្ពស់ និង​អង្ករ​ក្រអូប​មកពី​ប្រទេស​កម្ពុជា​សម្រាប់​អតិថិជន​អន្តរជាតិ​»​។

លោក​ថ្លែងថា​៖ «​យើង​ចាប់​ផ្ដើម​យុទ្ធនាការ ឬ​ការ​លើក​កម្ពស់​រួមគ្នា ដោយ​ផ្អែក​លើ​យីហោ​អង្ករ ម្លិះ​អង្គរ តែ​មួយ​គត់ យីហោ​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំនេះ​»​។

លោក​បន្ថែម​ថា យីហោ​នេះ​នឹង​បង្កើន​ទំនុក​ចិត្ត​ទីផ្សារ និង​បង្កើន​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ជំហាន​បន្ទាប់​យើង​នឹង​សហការ​ជាមួយ​បណ្ដាញ​ទីផ្សារ​ផ្សេងទៀត​ដើម្បី​កំណត់​ស្ដង់ដារ និង​នីតិវិធី ដើម្បី​ធានា​គុណភាព​សម្រាប់​ទីផ្សារ​អន្តរជាតិ ខ្ញុំ​ជឿជាក់​ថា ការ​នាំ​ចេញ​អង្ករ​យើង​នឹង​កើនឡើង​»​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​របស់​វិស័យ​ស្រូវ​អង្ករ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​នឹង​ផ្ដោត​លើ​ការ​ពង្រឹង​លើ​ការ​គ្រប់គ្រង​ផ្ទៃ​ក្នុង ជា​ពិសេស​ធ្វើ​ការ​ងារ​ជាមួយ​កសិករ ដើម្បី​បង្ហាញ​ពី​ការ​ធ្វើ​ទំនើប​កម្ម​កសិករ​ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​ផលិត និង​លើក​កម្ពស់​ផលិតភាព​។ នេះ​បើ​តាម​លោក សុខ ពុទ្ធីវុធ​។

លោក​ស្រី ឃី មុនី អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd ស្វាគមន៍​ការ​សម្រេច​យក យីហោ​នេះ ខណៈ​បញ្ហា​នេះ​ត្រូវ​បាន​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

លោក​ស្រី​ថ្លែងថា​៖ «​បើ​គ្មាន​ការ​កំណត់​ជាក់លាក់​នៃ​អង្ករ​របស់​យើង​ទេ យើង​នឹងមិន​ទទួល​បាន​កម្រិត​ជាក់លាក់​ណាមួយ​សម្រាប់​គុណភាព​អង្ករ​នោះទេ​»​។

លោកស្រី​បន្តថា​៖ «​ឈ្មោះ​នេះ​នឹង​បញ្ឈប់​ជម្លោះ​ទាំងអស់ និង​ការច្រឡំ​ឈ្មោះ​ជាមួយ​ប្រទេស​ជិត​ខាង​»​។

តាម​លោក សុខ ពុទ្ធីវុធ ការ​ធ្វើ​ទំនើបកម្ម​វិស័យ​ស្រូវ​អង្ករ​កម្ពុជា គឺ​ឲ្យ​ស្រប​ទៅ​នឹង​និន្នាការ​ទីផ្សារ​ពិភពលោក ទាំង​សមត្ថភាព​ប្រកួត​ប្រជែង​ខាង​តម្លៃ កំណើន​ផលិតភាព និង​ការ​លើក​កម្ពស់​ការ​នាំ​ចេញ​។

លោក​ថ្លែងថា​៖ «​យើង​ចាប់ផ្ដើម​បង្កើន​ការ​យល់​ដឹង​ពី​ទំនើបកម្ម ពង្រឹង​សហករណ៍ និង​បណ្ដាញ​កសិកម្ម ដើម្បី​ទទួលបាន​មូលនិធិ​ដើម្បី​សម្រេច​បាន​ប្រព័ន្ធ​ទំនើបកម្ម​»​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​សហការ​ជាមួយ​អ្នក​បច្ចេកទេស​មក​ពី​ប្រទេស​អូស្ដ្រាលី ព្រមទាំង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម​ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​។

ទាក់ទង​នឹង​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​បង់ក្លាដែស លោក ពុទ្ធីវុធ បាន​បញ្ជាក់​ថា បញ្ហា​សំខាន់​ជាប់​ទាក់​ទង​នឹង​តម្លៃ និង​ពេលវេលា​នៃ​ការ​ចែកចាយ​។ ទោះបី​យ៉ាង​នេះ​ក្តី​លោក​នៅ​តែ​រំពឹង​ថា កម្ពុជា​នឹង​អាច​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​បង់ក្លាដែស​នៅ​ឆ្នាំនេះ​។

ប្រភេទ​អង្ករ​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​អង្ករ​ក្រអូប​ប្រណីត​ដែល​នឹង​ត្រូវ​បិទ​យីហោ «​ម្លិះ​អង្គរ​» នេះ​រួមមាន អង្ករ​ផ្កា​រំដេង អង្ករ​ផ្កា​រំដួល ផ្កា​រមៀត និង​អង្ករ​សុម៉ាលី​។

​លោក នី​ល សុភាព ប្រធាន​សហព័ន្ធ​អង្គការ​អភិវឌ្ឍន៍​កសិករ​កម្ពុជា ដែល​ចូលរួម​វេទិកា​ស្រូវ​អង្ករ​នេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា យីហោ​នេះ​នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុ​ជាមាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​។​

លោក​ថ្លែងថា​៖«​យីហោ​អង្ករ​នឹង​លើក​កម្ពស់​តម្រូវការ​អង្ករ​ដែល​នឹង​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​កាន់​តែ​ច្រើន​ពី​កសិករ ដែល​នឹង​បង្កើន​ប្រាក់​ចំណូល​ដល់​ពួកយើង​»​។

លោក​បន្ថែមថា ការធ្វើ​ទំនើបកម្ម​កសិករ ត្រូវការ​ពេលវេលា​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ដល់​កសិករ ឲ្យ​ស្រប​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ​។

លោក​បន្ថែម​ថា​៖ «​វា​ជា​គោល​នយោបាយ​ដ៏​ល្អ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ទំនើប​កម្ម ប៉ុន្តែ​ការ​យល់​ដឹង​របស់​កសិករ​ គឺ​នៅ​តែ​មាន​កម្រិត​ក្នុង​ការ​ទទួល​យក ខ្ញុំ​គិតថា វា​ត្រូវការ​ពេលវេលា​ក្នុងការ​ដឹក​ជញ្ជូន និង​ត្រូវការ​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ជាច្រើន​ពី​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​ឲ្យ​ការងារ​នេះ​កើត​ឡើង​»៕ LA