Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វៀតណាម​ ចង់​បាន​ការ​វិនិយោគ​បន្ថែម​ពី​ប្រេស៊ីល

Content image - Phnom Penh Post
លោក Ferreira ចាប់ដៃ​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​។ AFP

វៀតណាម​ ចង់​បាន​ការ​វិនិយោគ​បន្ថែម​ពី​ប្រេស៊ីល

ក្រុងហាណូយៈ នាយក​រដ្ឋមន្ដ្រី​វៀតណាម Nguyen Xuan Phuc និង​លោក Aloysio Nunes Ferreira រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ប្រេស៊ីល​បាន​បង្ហាញ​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​ថា​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ប្រេស៊ីល​កាន់តែ​ច្រើន​នឹង​វិនិយោគ​នៅ​ក្នុង​ប្រទេស​ទាំង​ ២ ​នេះ​។

ក្នុង​អំឡុង​ពិធី​ទទួល​លោក Ferreira នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​អង្គារ​លោក​នាយក​រដ្ឋមន្ដ្រី Phuc បាន​ហៅ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​រដ្ឋមន្ដ្រី​ប្រទេស​ប្រេស៊ីល​នេះ​ថា​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ដោយ​កត់សម្គាល់​ថា​ទោះបី​ជា​ភូមិសាស្ដ្រ​មាន​ចម្ងាយ​ឆ្ងាយ​ក៏ដោយ ក៏​ប្រទេស​ទាំង​ ២ ​នេះ​មាន​មិត្តភាព​ជា​លក្ខណៈ​ប្រពៃណី​ផង​ដែរ​។

លោក Ferreira បាន​ថ្លែង​ថា​លោក​ចាប់​អារម្មណ៍​នឹង​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​កើនឡើង​ដល់​ ៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៦​។ លោក​បន្ថែម​ថា​ប្រទេស​ទាំង​ ២ ​គួរ​តែ​លើក​កម្ពស់​ទំនាក់ទំនង​ខាង​បច្ចេកវិទ្យា​វិទ្យាសាស្ដ្រ ការ​ការពារ​សន្ដិសុខ ការ​បណ្ដុះបណ្ដាល​ការ​អប់រំ និង​កសិកម្ម​។

លោក​បាន​កត់សម្គាល់​ថា​ប្រទេស​ប្រេស៊ីល​ចង់​នាំ​ចេញ​ផលិតផល​ជាច្រើន​ទៅ​ប្រទេស​វៀតណាម​ដែល​រួម​ទាំង​សាច់គោ ហើយ​ប្រទេស​នេះ​កំពុង​ជំរុញ​កំណែ​ទម្រង់ ហើយ​សង្ឃឹម​ថា​នឹង​ទាក់ទាញ​ការ​វិនិយោគ​ពី​វៀតណាម​កាន់តែ​ច្រើន​។

ក្នុង​ជំនួប​នេះ​លោក Ferreira ក៏​បាន​ប្រគល់​លិខិត​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​ទៅ​លោក​នាយករដ្ឋមន្ដ្រី Phuc ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ប្រទេស​ប្រេស៊ីល​ផង​ដែរ​។

លោក Phuc ថ្លែង​ថា​ប្រទេស​ទាំង​ ២ ​ចាំបាច់​ត្រូវ​ជំរុញ​ភាព​ជា​ដៃគូ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​តាមរយៈ​ពាណិជ្ជកម្ម​។

លោក​បាន​សង្កត់ធ្ងន់​ទៅ​លើ​តួនាទី​របស់​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ក្នុង​ការ​ពិចារណា​លើ​ផែនការ​កិច្ចសហប្រតិបត្តិការ ជាពិសេស​ខាង​ពាណិជ្ជកម្ម ការ​វិនិយោគ វប្បធម៌ និង​វិស័យ​ជាច្រើន​ផ្សេង​ទៀត​។

លោក​បញ្ជាក់​ថា​ប្រេស៊ីល​ជា​ទីផ្សារ​ដ៏ធំ​ដែល​មាន​ប្រជាជន​ ២០០ ​លាន​នាក់ ខណៈ​វៀតណាម​មាន​ប្រជាជន​ជិត​ ១០០ ​លាន​នាក់​ដែល​បង្ហាញ​ឱកាស​សម្រាប់​សហគ្រាស​របស់​ពួកគេ​ក្នុង​ការ​សហប្រតិបត្តិការ​ក្នុង​សកម្មភាព​វិនិយោគ និង​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​។

លោក Phuc បន្ត​ថា​វៀតណាម​ចង់​ឲ្យ​ក្រុមហ៊ុន​ប្រេស៊ីល​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម​ដោយ​ស្នើ​ឲ្យ​ភាគី​ទាំង​ ២ ​លុប​ចោល​ឧបសគ្គ ហើយ​បង្កើត​លក្ខខណ្ឌ​ដែល​អាច​ធ្វើ​បាន​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​របស់​ប្រទេស​ទាំង​ ២៕ ANN/LA

0

Comments

Please, login or register to post a comment