សណ្ឋាគារ​ដ៏ប្រណីត និង​ប្រវត្តិសាស្ត្រ​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩២០ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ដើម្បី​បើក​សម្ពោធ​សាជាថ្មី

សណ្ឋាគារ ឡឺបូកគោ ផាឡេស មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​តំបន់​ព្រៃ​ត្រូពិក​ និង​ឆ្នេរសមុទ្រ​ពណ៌​បៃតង​លើ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ ក្បែរ​ក្រុង​កំពត​ដែល​ត្រូវ​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​ ១៤ ខែ​កុម្ភៈ ឆ្នាំ​ ១៩២៥ ដោយ​បម្រើ​ជូន​រាជវង្សានុវង្ស និង​អភិជន​ជាច្រើន​ទសវត្សរ៍​។

សណ្ឋាគារ​ត្រូវ​បាន​បើក​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​ ១៩៦២ ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ ដែល​ផ្តល់​សេវាកម្ម​ជូន​មន្ត្រី​ជាន់ខ្ពស់ រាជរដ្ឋាភិបាល និង​ពាណិជ្ជករ​ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ហើយ​វា​ក៏​ជា​កន្លែង​វិស្សមកាល​ដែល​ព្រះករុណា​ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ចូលចិត្ត​ជា​ទីបំផុត​។

ស្ថិត​នៅ​ច្រាំង​ថ្ម​ចោត​នៃ​កំពូល​ភ្នំ​បូកគោ សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ផ្តល់​នូវ​ទេសភាព​ដ៏ស្រស់ត្រកាល ដែល​ត្រូវ​បាន​ជនជាតិ​បារាំង​ហៅ​ថា ឆ្នេរសមុទ្រ​បៃតង​។ អាកាសធាតុ​នៅ​លើ​កំពូលភ្នំ​បូកគោ​មាន​ចន្លោះ​ពី ១៧ ​ដល់​ ២៤ ​អង្សាសេ​ (៦២,៦ ​ដល់​ ៧៥,២ ​អង្សា​ហ្វារិនហៃ​) ពេញ​មួយ​ឆ្នាំ​។

ភ្នំ​បូកគោ​មិន​ត្រឹម​តែ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏​ជា​រមណីយដ្ឋាន​សុខភាព ដែល​ព្យាបាល​ដោយ​ធម្មជាតិ​រួមមាន​ឥទ្ធិពល​ទៅ​លើ​សួត ការ​ដក​ដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធ​ប្រសាទ ការ​ស្តារ​ឡើង​វិញ​នៃ​ចលនា​ឈាម និង​ការ​បង្កើន​កម្លាំង​។

សណ្ឋាគារ​ ឡឺបូកគោ ផាឡេស គឺជា​អគារ​បួន​ជាន់​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អិតល្អន់​ជាមួយ​នឹង​វត្តមាន​ដ៏មាន​អានុភាព មាន​រានហាល និង​ជណ្តើរ​ថ្មើរជើង​បែប​អ៊ីតាលី​។

សព្វ​ថ្ងៃ​នេះ​សណ្ឋាគារ​ ឡឺបូកគោ ផាឡេស ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ដោយ​សណ្ឋាគារ និង​រមណីយដ្ឋាន​ សុខា ​។

អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ ឡឺបូកគោ​ ផាឡេស លោក FRUGERE F. Philippe បាន​មាន​ប្រសាសន៍​ថា​៖ “​ឡឺបូកគោ ​ផាឡេស ជា​សណ្ឋាគារ​ប្រវត្ដិសាស្ត្រ និង​ជា​រតនសម្បត្ដិ​របស់​ប្រទេស​យើង​។ ក្រុមហ៊ុន​បាន​ជួសជុល​សំណង់​អគារ​នេះ​សាជាថ្មី ដោយ​រក្សា​ទុក​នូវ​លក្ខណៈ​ពិសេស​របស់​វា និង​បង្កើត​ឡើង​វិញ​នូវ​រចនាប័ទ្ម​ផ្ទៃ​ខាង​ក្នុង​បែប​អាណានិគម ជាមួយ​នឹង​គ្រឿង​បំពាក់​បន្ទប់​ទឹក ដែល​នាំ​ចូល​មកពី​ប្រទេស​អ៊ីតាលី និង​ឥដ្ឋការ៉ូ​ដ៏ប្រណីត ដែល​នាំ​ចូល​ពី​ប្រទេស​អេស្ប៉ាញ​។

លោក Frugerge F. Philippe នាយក​ចាត់ការ​ទូទៅ​នៃ​សណ្ឋាគារ Le Bokor Palace​។

ក្រោយ​ពី​ជួសជុល​រួចរាល់ សំណង់​អគារ​អាណានិគម​ដ៏ធំ​ស្កឹមស្កៃ​នេះ​នឹង​ត្រូវ​បាន​បើក​សម្ពោធ​នៅ​ដើម​ឆ្នាំ​ ២០១៨ ដែល​មាន​បន្ទប់​ស្នាក់នៅ និង​បន្ទប់​ស្វ៊ីត​ដ៏ប្រណីត​ចំនួន​ ៣៦ ​បន្ទប់ ភោជនីយដ្ឋាន​ចំនួន ២ ដែល​បង្ហាញ​នូវ​ប្រណីតភាព​នៃ​សណ្ឋាគារ​នេះ​នា​សម័យ​អតីតកាល​។ ចុងភៅ​ស្វីស និង​ខ្មែរ​បាន​រៀបចំ​នូវ​មុខ​ម្ហូប​កាលពី​ ១០០ ​ឆ្នាំ​មុន និង​ម្ហូបអាហារ​គ្រួសារ​រាជវង្ស​ខ្មែរ ជាមួយ​នឹង​បន្លែ​សរីរាង្គច និង​គ្រឿងផ្សំ​ថ្មី​ស្រស់ៗ ដែល​ដាំ​នៅ​ចម្ការ​បន្លែ​ក្បែរ​នោះ​។ ឈ្មោះ​សណ្ឋាគារ ឡឺ បូកគោ ផាឡេស ត្រូវ​បាន​រក្សា​ទុក​ក៏​ដូចជា​ការ​រក្សា​ទុក​នូវ​ប្រវត្តិសាស្ត្រ​នៃ​អាណានិគម និង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​។

សំណង់​អគារ​អាណានិគម​សេសសល់ ដែល​នៅ​តែ​អាច​មើល​ឃើញ​នាពេល​បច្ចុប្បន្ន​រួម​មាន​ផ្ទះ​ជប៉ុន ព្រះវិហារ​កាតូលិក វត្ត​សំពៅប្រាំ ដំណាក់​ស្លាខ្មៅ ដំណាក់​ស្តេច សាលាក្រុង និង​សំណង់​អគារ​អាណានិគម​ជាច្រើន​ទៀត ដែល​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង និង​តែងតែ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អ័ព្ទ​។

ទន្ទឹម​នឹង​នេះ ភ្ញៀវទេសចរ​ដែល​ស្នាក់នៅ​សណ្ឋាគារ​ ឡឺបូកគោ ​ផាឡេស ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រមណីយដ្ឋាន​សុខភាព​បែប​ធម្មជាតិ​ក៏​អាច​ទៅ​ទស្សនា​បឹង​លើ​ភ្នំ​ដ៏ស្រស់​ត្រកាល ទឹកជ្រោះ​ពពក​វិល ដ៏​ស្រស់​ស្អាត ថ្ម​ដែល​បង្កើត​ជា​រូបរាង​ខុសៗ​គ្នា​ជាច្រើន​នៅ​វាលស្រែ​ ១០០ និង​រូបរាង​ដ៏អស្ចារ្យ​នៃ​និមិត្តរូប​ច្រកទ្វារ​រវាង​ឋានសួគ៌ និង​ឋានមនុស្ស​។ ការ​តាំង​សមាធិ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ធ្វើ​នៅ​លើ​ភ្នំ​បូកគោ ជាពិសេស​វាលស្រែ​ ៥០០​។

ភ្នំ​បូកគោ ជា​កន្លែង​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ផ្កា​បំពង់​ក្រឡោម ដែល​ត្រូវ​បាន​អ្នក​ស្រុក​យក​មក​ប្រើ​ប្រាស់​ជា​ឱសថ​។

សម្រាប់​ព័ត៌មាន​ផ្សេងៗ​,

សូម​ទំនាក់​ទំនង

អ្នកស្រី សំរិទ្ធ ប៊ុននិច្ច

ប្រធាន​ផ្នែក​ទីផ្សារ

អ៊ីមែល: nickie.samrith@sokhahotels.com

ទូរស័ព្ទ:+855 33 683 9999

ហ្វេសប៊ុក:https://www.facebook.com/LeBokorPalaceKP/

វេបសាយ: www.lebokorpalace.com