ក្រុងព្រុចសែលៈ ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប គប្បីទាញយកប្រយោជន៍ពីការធ្លាក់ចុះតម្លៃថាមពលកកើតឡើងវិញ ដោយវិនិយោគបន្ថែមទៀតក្នុងវិស័យនេះ និងធ្វើឲ្យវិស័យនេះ មានទំហំស្មើនឹង ១ ភាគ ៣ នៃទិន្នផលថាមពលសរុបនៅឆ្នាំ២០៣០។ នេះបើយោងតាមរបាយការណ៍ថ្មីមួយកាលពីថ្ងៃអង្គារ។
ការសិក្សារបស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) បានឲ្យដឹងថា សហភាពអឺរ៉ុប អាចបង្កើតថាមពលកកើតឡើងវិញស្មើនឹង ៣៤ ភាគរយ នៃទិន្នផលសរុបនៅឆ្នាំ ២០៣០ ពោលគឺកើនឡើងពីទិសដៅនាពេលបច្ចុប្បន្នចំនួន ២៧ ភាគរយ និងកើនឡើងទ្វេដងធៀបនឹងទិន្នផលនៅឆ្នាំ ២០១៦។
លោក Miguel Arias Canete គណៈកម្មាការថាមពលសហភាពអឺរ៉ុប បានសាទរចំពោះការកំណត់ពេលវេលារបស់របាយការណ៍ដែលគ្រប់គ្រងដោយសហភាពអឺរ៉ុបនេះ ពោលគឺជាពេលដែលស្របគ្នាទៅនឹងការធ្លាក់ចុះតម្លៃថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។
លោក Canete ថ្លែងថា៖ «របាយការណ៍នេះ បញ្ជាក់ពីការវាយតម្លៃផ្ទាល់របស់យើងដែលការចំណាយលើថាមពលកកើតឡើងវិញ បានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
លោកបានបន្តថា៖ «យើងចាំបាច់ពិចារណាលើភាពជាស្តែងថ្មីទាំងនេះនៅកម្រិតប្រកបដោយមហិច្ឆិតារបស់យើងសម្រាប់ការចរចានាពេលខាងមុខ ដើម្បីរៀបចំបញ្ចប់គោលនយោបាយថាមពលកកើតឡើងវិញរបស់អឺរ៉ុប»។
ទោះជាយ៉ាងនេះក្តី ការសិក្សានេះបានរំឭកថា បើប្រទេសជាសមាជិកបន្តប្រកាន់ខ្ជាប់ទៅនឹងគម្រោង និងកម្មវិធីនាពេលបច្ចុប្បន្នរបស់ខ្លួននោះ ថាមពលកកើតឡើងវិញនឹងមានទំហំត្រឹមតែ ២៤ ភាគរយ ប៉ុណ្ណោះនៃទិន្នផលថាមពលសរុបនៅឆ្នាំ ២០៣០»។
បន្ទាប់ពីកើនដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០១១ ទីភ្នាក់ងារនេះបានឲ្យដឹងថា ការវិនិយោគថ្មីក្នុងវិស័យថាមពលកកើតឡើងវិញនៅសហភាពអឺរ៉ុប បានធ្លាក់ចុះខ្លាំងធៀបនឹងតំបន់ធំៗផ្សេងទៀតក្នុងពិភពលោក។
របាយការណ៍ដដែលនេះបានបន្តឲ្យដឹងថា ដើម្បីសម្រេចបានគោលដៅរួម ៣៤ ភាគរយ ក្នុងឆ្នាំ ២០៣០ ខាងមុខនេះ តំបន់នេះចាំបាច់ត្រូវវិនិយោគជាមធ្យម ៧៣ ពាន់លានដុល្លារ (៥៨,៨ ពាន់លានអឺរ៉ូ) ក្នុងមួយឆ្នាំ តែការវិនិយោគនេះនឹងត្រូវបានប៉ះប៉ូវដោយកម្រិតបំពុលបរិស្ថានកាន់តែទាប ដែលកាត់បន្ថយការចំណាយផ្នែកសុខាភិបាល។
សេណារីយ៉ូ ដ៏ល្អដែលត្រូវបានលើកឡើងដោយទីភ្នាក់ងារ IRENA នេះ អំពាវនាវឲ្យសហភាពអឺរ៉ុបអភិវឌ្ឍថាមពលកកើតឡើងវិញគ្រប់ប្រភេទ រថយន្តអគ្គិសនី ការប្រើប្រាស់ជីវៈម៉ាស់ ព្រមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់ និងកំដៅដែលប្រើប្រាស់ថាមពលជំនួស៕ AFP/BP