ក្រុង​វ៉ាស៊ីនតោនៈ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ថ្ងៃព្រហស្បតិ៍គ្រោង​នឹង​ប្រកាស​ពី​ទណ្ឌ​កម្ម​​​ប្រឆាំង​នឹង​ប្រទេស​ចិន ​ជុំវិញ​ ​«ការ​លួច» កម្មសិទ្ធិ​បញ្ញា​​របស់​អាមេរិក ដែល​អាច​បង្ក​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​លើក​ទពីរ​​ក្នុង​រយៈ​ពេលជា​ច្រើន​ខែ។​ នេះ​បើយោង​តាម​មន្ត្រី​សេតវិមាន។​

លោក Raj Shah អ្នកនាំពាក្យ​សេតវិមាន​បាន​ប្រាប់ទីភ្នាក់​ងារ​ព័ត៌មាន AFP ថា លោក ត្រាំ នឹង​ប្រកាស​ឲ្យដឹង​ពី​វិធានការ​មួយ​ចំនួន បន្ទាប់​ពី «ការ​ស៊ើបអង្កេត​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្ខូច​​​​ទីផ្សារ​ ដែលដឹកនាំដោយ​រដ្ឋ​របស់ ​ចិន​ ដើម្បី​បង្ខំ​ដាក់​សម្ពាធ និង​លួច​​បច្ចេកវិទ្យា និ​​ង​កម្មសិទ្ធិ​បញ្ញា​របស់​​អាមេរិក»។​​

រដ្ឋាភិបាលក្រុងប៉េកាំង ​បាន​ព្រមាន​រួចជាស្រេច​ដល់​រដ្ឋបាល​របស់​លោក ​ត្រាំ ប្រឆាំង​នឹង​វិធានការ​នេះ ដោយ​បាន​ជំរុញ​មិន​ឲ្យ​លោក ត្រាំ ធ្វើ​ការងារ​ទៅតាម «​អារម្មណ៍»។ វាមាន​រយៈ​ពេល​ត្រឹមតែប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ​ គិត​ចាប់តាំង​ពី​លោក ត្រាំ ​បាន​ប្រកាស​ពី​ទណ្ឌកម្ម​មួយ​ចំនួន​លើ​ដែក​ថែប និង​អាលុយមីញ៉ូម ដែល​ត្រូវ​បានផលិត​នៅ​បរទេស។​

វិធានការ​នោះបានជំរុញ​ឲ្យ​មានការ​លាលែង​ចេញពី​តំណែង​របស់​លោក Gary Cohn ទីប្រឹក្សា​សេដ្ឋកិច្ចជាន់​ខ្ពស់​របស់​អាមេរិក ការ​លក់​ចេញ​ភាគហ៊ុននៅលើទីផ្សារ​ពិភពលោក ជម្លោះផ្លូវ​ច្បាប់ និង​ការ​គំរាមកំហែង​ស្តីពី​វិធានការ​វាយ​បកវិញ។​

លោក Jerome Powell​ ប្រធានធនាគារ​កណ្តាលអាមេរិក​បាន​រំឭក​កាលពី​ថ្ងៃពុធថា ចក្ខុវិស័យ​នៃ​សង្គ្រាមពាណិជ្ជកម្ម គឺជា​ការ​គំរាមកំហែង​ដែលកំពុង​កើនឡើងមួយចំពោះ​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភពលោកមួយនេះ។​ តែ​លោកប្រធានាធិបតី​ដែលមិន​សូវ​ពិចារណាវែងឆ្ងាយមួយនេះ កំពុង​បង្ហាញថា​គ្មាន​សញ្ញានៃ​ការ​ចុះញមនោះទេ៕ AFP/BP