ក្រុង​វ៉ាស៊ីនតោនៈ ក្រសួង​ពាណិជ្ជ​កម្មអា​មេរិក ​បាន​ឲ្យដឹង​​ថា ចាប់​ពីថ្ងៃ​ចន្ទ​ ទៅ​ខ្លួន​នឹង​ចាប់​ផ្ដើម​ទទួល​យក​សំណើ​សុំ​​លើក​លែង​​​ផលិត​​ផល​មួយចំនួន​​ពីការ​ដក​​ពន្ធថ្មី​​ខ្ពស់​លើ​​ ដែក​ថែប និង​ អាលុយ​មីញ៉ូម​ ដែល​នាំចូល​​របស់​​លោក​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​។​

​កិច្ច​ប្រឹងប្រែង​នេះ​ត្រូវបាន​ធ្វើ​​ឡើង​ ដើ​ម្បី​បន្ធូរ​បន្ថយ​ផល​ប៉ះ​ពាល់​ដែល​រំពឹង​ថា​នឹង​កើត​មាន​ទៅ​​លើ​​​តម្លៃ​ ដែល​បង្ក​​​ដោយ​​ពន្ធ​នាំចូល​នេះ ដែល​លោក​ ត្រាំ បានដាក់​កាល​ពី​ដើម​ខែ​នេះ​ ដោយ​​មានការ​ប្រឆាំង​ពី​សំណាក់​ក្រុម​​ឧស្សាហ​​កម្ម ​ក្រុម​ហ៊ុន​លក់​រាយ​ សមាជិក​​រដ្ឋបាល​សំខាន់ៗ​របស់​លោក​ និង​ដៃគូ​ពាណិជ្ជ​​កម្មធំៗ​។​

ក្រុម​ពាណិជ្ជ​ករ​អាមេរិក​ បាន​រក្សា​យុទ្ធ​នាការ​របស់ពួកគេ​​ ដើម្បី​រា​រាំង​​លោក ត្រាំ មិន​ឲ្យ​បន្ត​ទៅ​មុខ​ទៀត​​ ដោយ​អះ​អាង​ថា ពន្ធ​នាំចូល​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​​​​ក្រុម​ហ៊ុន​អាមេរិក​ជា​ច្រើន​ទទួល​រង​នូវ​​ «​​ប្រតិ​​កម្មតប​នៃ​​​ផល​វិបាក​អវិជ្ជ​មាន​ជាច្រើន»​។​

រដ្ឋ​បាល​អាមេរិក​​បាន​ប្រកាស​លើក​លែង​ពន្ធ​ជា​បឋម​​ សម្រាប់​​​ប្រទេស​ផ្គត់​ផ្គង់​សំខាន់ៗ​ គឺ​​ប្រទេស​​កាណាដា និង​ម៉ិកស៊ិក​។​

​លោក Wilbur Ross ​រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជ​កម្ម​​អាមេរិក​បាន​​ឲ្យ​ដឹង​​​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ «​​នីតិវិធី​ទាំង​នេះ​នឹង​អនុញ្ញាត​​ឲ្យរដ្ឋ​បាល​អាមេរិក​​ដក​​ពន្ធ​​នាំ​ចូល​​ទាំង​នេះ​​​​​បន្ថែម​ទៀត​ ដើម្បី​ធានា​​ឲ្យ​ប្រាកដ​ថា អត្រា​ពន្ធ​ទាំង​នេះ​ជួយ​ការពារ​សន្ដិសុខ​ជាតិ​របស់​យើង​ ខណៈ​ដែល​​​កាត់​បន្ថយ​​ឲ្យដល់​កម្រិត​អប្បបរមានូវ​ផល​ប៉ះពាល់​ដ៏ខ្លាំង​ទៅ​​​លើ​ឧស្សាហ​កម្ម​កែ​ច្នៃ​អាមេរិក​»​។​

ក្រសួង​​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ថា​ ក្រុម​មន្ដ្រី​​​នឹង​ពិចារ​ណា​ថា តើ​សំណើ​សុំ​​​លើក​លែង​ពន្ធ​នេះ​ សម្រាប់​​​ទំនិញ​ដែល​ត្រូវ​បាន​​ផលិត​នៅអាមេរិក​ក្នុង​បរិមាណ​ និង​គុណ​ភាព​​គ្រប់​គ្រាន់​ដែរ​​ឬទេ មុន​ពេល​សម្រេច​ចិត្ត​លើ​ការ​លើក​លែង​ពន្ធ​នាំ​ចូល​ណា​មួយ​។

ប៉ុន្តែ​បុគ្គល ឬ​ស្ថាប័ន​អា​មេរិក​ណា​មួយ​ អាច​ជំទាស់ទៅ​​នឹង​ការ​លើក​លែ​ងនេះ​ ដោយ​​បង្កើត​បាន​ជា​សមរភូមិ​​មួយ​រវាង​​​ក្រុម​ហ៊ុន​ផលិត​ដែកថែប​​ និង​អាលុយ​មីញ៉ូម​​ក្នុង​ស្រុក​ ដែល​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​​ពី​ពន្ធ​​​​ការពារ​ទាំង​នេះ និង​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ពឹង​លើ​ការ​នាំចូល៕ AFP/LA​