Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សិប្បកម្ម​ ​រ៉ឺម៉ក​ម៉ូតូ​ ដាំ​ក្បាល​ចុះ​ ខណៈ​មាន​ការ​នាំ​ចូល

Content image - Phnom Penh Post
ជាង​កំពុង​ដំឡើង​ភ្លើង​ស៊ីញ៉ូ​លើ​រ៉ឺម៉ក​ម៉ូតូ នៅ​សិប្បកម្ម​មួយ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​២៧១ រាជ​ធានី​ភ្នំពេញ។ ផា លីណា

សិប្បកម្ម​ ​រ៉ឺម៉ក​ម៉ូតូ​ ដាំ​ក្បាល​ចុះ​ ខណៈ​មាន​ការ​នាំ​ចូល

ភ្នំពេញៈ ពេល​លោក ឈាង វណ្ណា ចាប់​ផ្តើម​បង្កើត​អាជីវកម្ម​ផលិត រ៉ឺម៉ក​ម៉ូតូ ដែល​គេ​ស្គាល់​ថា (​តុក​តុក ) ដំបូង​កាល​ពី​ឆ្នាំ​២០០៦ ក្តី​បារម្ភ​ដ៏​ចម្បង​មួយ​របស់​លោក​នា​ពេល​នោះ​គឺ​ការ​ផលិត​ឲ្យ​ទាន់​ការ​បញ្ជា​ទិញ​ពី​អតិថិជន ដោយ​សារ​តម្រូវ​ការ រ៉ឺម៉ក​ម៉ូតូ នា​ពេល​នោះ​មាន​កំណើន​យ៉ាង​ខ្លាំង​។

បញ្ហា​ប្រឈម​តែង​កើត​មាន តែ​ទន្ទឹម​នេះ​អាជីវកម្ម​លោក វណ្ណា បាន​ដំណើរ​ទៅ​មុខ​ជា​លំដាប់ ដោយ​រក្សា​បាន​ទាំង​កំណើន​នៃ​ការ​លក់ ទំហំ​នៃ​ការ​ផលិត និង​ចំនួន​បុគ្គលិក​។

ខែ​មករា​ឆ្នាំ​នេះ គឺជា​ពេល​ដែល​អាជីវកម្ម​របស់​លោក វណ្ណា បាន​ឈាន​ដល់​ឆ្នាំ​ទី ​១១ ហើយ​បញ្ហា​ប្រឈម​ថ្មី​មួយ​ក៏​បាន​លេច​ឡើង​។ ក្តី​បារម្ភ​នា​ពេល​នេះ គឺ​មិន​មែន​ដោយ​សារ​ការ​ផលិត​មិន​ទាន់​ការ​បញ្ជា​ទិញ​ដូច​ពី​មុន​នោះ​ទេ តែ​គឺ​ដោយ​សារ​មិន​មាន​អ្នក​បញ្ជា​ទិញ​ច្រើន​ដូច​មុន​។

នៅ​មុន​ឆ្នាំ ២០១៥ លោក វណ្ណា អាច​លក់ រ៉ឺម៉ក​ម៉ូតូ បាន​ជា​មធ្យម​ជិត​៣០​គ្រឿង​ក្នុង​មួយ​ខែៗ ប៉ុន្តែ​ការ​លក់​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥ មក​ដោយ​លក់​បាន​ត្រឹម​​ ២០​ គ្រឿង​ជា​មធ្យម​ក្នុង​មួយ​ខែ​។ ស្ថានភាព​នេះ​បន្ត​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​លោក វណ្ណា អាច​លក់​បាន​ប្រមាណ​តែ ១០ គ្រឿង​ក្នុង​មួយ​ខែ​។

លោក​ថ្លែង​ថា​៖ «​កាល​ពី​មុន ភ្ញៀវ​ត្រូវ​កក់​យើង​មុន​ឲ្យ​បាន​យូរ មុន​នឹង​បាន រ៉ឺម៉ក​ម៉ូតូ ព្រោះ​មាន​ការ​កុម្ម៉ង់​ទិញ​ច្រើន ហើយ​យើង​ផលិត​អត់​ទាន់​»​។

លោក​បញ្ជាក់​ថា ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់​ដើម​ឆ្នាំ​២០១៥ គឺជា​ពេល​ដែល​អាជីវកម្ម​ទទួល​ជោគ​ជ័យ​ខ្លាំង​។ លោក​បន្ថែម​ថា​៖ «​ឥឡូវ​ភ្ញៀវ​មិន​បាច់​រង់ចាំ​ដូច​មុន​ទៀត​ទេ យើង​ផលិត​សល់ ទុក​លក់​ឲ្យ​គាត់​ទៅ​វិញ​»​។

ម្ចាស់​សិប្បកម្ម​ដំឡើង​រ៉ឺម៉ក​ម៉ូតូ ជាច្រើន​ផ្សេង​ទៀត​កំពុង​ប្រឈម​បញ្ហា​ស្រដៀង​គ្នា​ដូច​លោក វណ្ណា​។ តម្រូវ​ការ រ៉ឺម៉ក​ម៉ូតូ ដែល​ផលិត​ក្នុង​ស្រុក បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​នៅ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​ដែល​កំពុង​គំរាម​កំហែង​ដល់​ឧស្សាហ​កម្ម​នេះ ដោយ​សារ​តម្រូវ​ការ​ធ្លាក់​ចុះ ខណៈ​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​រ៉ឺម៉ក​ទេសចរណ៍ នាំ​ចូល​ពី​បរទេស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ផ្គត់ផ្គង់ រ៉ឺម៉ក​ម៉ូតូ ដែល​មាន​ស្រាប់​នៅ​លើ​ទីផ្សារ​រួច​ទៅ​ហើយ​ក៏​ចង់​ងាក​ចេញ​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង​ផង​ដែរ​។

អាជីវកម្ម​លោក​វណ្ណា​ស្ថិត​នៅ​បណ្តោយ​វិថី ២៧១ នៅ​ទីក្រុង​ភ្នំពេញ​ជិត​វត្ត​សន្សំ​កុសល គឺជា​ទីតាំង​ប្រមូល​ផ្តុំ​ដោយ​សិប្បកម្ម​ផលិត និង​ដំឡើង​រ៉ឺម៉ក​ចល័ត​ផ្សេងៗ ហើយ​ក៏​ជា​ទីតាំង​ផលិត រ៉ឺម៉ក​ម៉ូតូ​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​សាកសួរ​សិប្បករ​ជាច្រើន​នៅ​ជុំវិញ​នោះ ហើយ​ស្ទើរ​គ្រប់គ្នា​បាន​បញ្ជាក់​ថា ការ​លក់​បាន​ធ្លាក់​ចុះ​នៅ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​។

មិន​មាន​ទិន្នន័យ​ផ្លូវ​ការ​ពី​ចំនួន​សិប្បកម្ម​ផលិត រ៉ឺម៉ក​ម៉ូតូ​ទេ ប៉ុន្តែ លោក វណ្ណា បាន​ប៉ាន់​ប្រមាណ​ថា មាន​ប្រហែល ៣៣​ កន្លែង​នៅ​ទីក្រុង​ភ្នំពេញ និង ប្រហែល​៨ កន្លែង​ផ្សេង​ទៀត​នៅ​ខេត្ត​សៀមរាប​។

សិប្បករ រ៉ឺម៉ក​ម៉ូតូ ម្នាក់​ឈ្មោះ ភីរម្យ បាន​ឲ្យ​ដឹង​ថា ការ​លក់​រ៉ឺម៉ក​ម៉ូតូ​ដំឡើង​របស់​លោក​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ចាប់​តាំង​ពី​រដូវ​វស្សា​ឆ្នាំ​២០១៥ ហើយ​បន្ត​អូស​បន្លាយ​ក្នុង​ស្ថាន​ភាព​នេះ​រហូត​មក​ទល់​សព្វ​ថ្ងៃ​។ នា​ពេល​នេះ លោក ភីរម្យ លក់ រ៉ឺម៉ក​ម៉ូតូ បាន​ជា​មធ្យម ១០​គ្រឿង​ក្នុង​មួយ​ខែ គឺ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុនៗ​ដែល​អាច​លក់​បាន​ជាង​២០​គ្រឿង​។

លោក​លើក​ឡើង​ថា​៖ «​អ្នក​បើក តុកតុក ហ្នឹង​វា​ច្រើន​ស្រាប់​ហើយ ដែល​អ្នក​ខ្លះ​គាត់​រក​លែង​សូវ​បាន​ដូច​មុន អ៊ីចឹង​គេ​ក៏​ត្រូវ​រក​ការងារ​អី​ផ្សេង​ជំនួស​វិញ ព្រោះ​លែង​សូវ​ចំណេញ​ដូច​មុន​ហើយ​»​។

លោក​បាន​បន្ត​ថា​៖ «ឥឡូវ​ហ្នឹង តុកតុក នាំ​ចូល ក៏​កើន​ឡើង​ទៀត អ៊ីចឹង​អ្នក​ខ្លះ​គេ​ទៅ​ទិញ​តុក​តុក ហ្នឹង​បើក​វិញ​»​។

តម្លៃ រ៉ឺម៉ក​ម៉ូតូ ដំឡើង​ក្នុង​ស្រុក​មួយ​គ្រឿង​មាន​តម្លៃ​ជា​មធ្យម ៩០០​ដុល្លារ ហើយ​វា​ចាំបាច់​ត្រូវ​មាន​ម៉ូតូ​មួយ​គ្រឿង​ដើម្បី​អូស​សណ្តោង ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​សរុប​មាន​ជិត ៣០០០​ដុល្លារ ដែល​តម្លៃ​នេះ​ប្រហាក់​ប្រហែល​នឹង​រ៉ឺម៉ក​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ដែរ​។

លោក តុប និមល ម្ចាស់​ក្រុមហ៊ុន EZ Go ជា​ក្រុមហ៊ុន​ដំណើរការ​រ៉ឺម៉ក​ទេសចរណ៍​ដោយ​គិត​តម្លៃ​ដោយ​វាស់​ម៉ែត្រ​ដំបូង​នៅ​កម្ពុជា បាន​ដំណើរការ​ដោយ​ប្រើប្រាស់​រ៉ឺម៉ក​ទេសចរណ៍​ឥណ្ឌា Bajaj ដែល​រ៉ឺម៉ក​ថ្មី​មាន​តម្លៃ​ប្រហែល ២៥០០​ដុល្លារ​ក្នុង​មួយ​គ្រឿង​។

លោក​បាន​បញ្ជាក់​ថា អត្ថប្រយោជន៍​សំខាន់​មួយ​របស់​រ៉ឺម៉ក​ទេសចរណ៍​នេះ គឺ​វា​ស៊ីសាំង​តិច ដែល​ធ្វើ​អ្នក​បើក​បរ​អាច​សន្សំ​សំចៃ​ពី​ការ​ធ្វើ​ដំណើរ​។

លោក​លើក​ឡើង​ថា​៖ «​ការ​ប្រើប្រាស់​តុកតុក Bajaj កំពុង​កើន​ឡើង ដោយ​សារ​វា​ធ្វើ​ឲ្យ​អ្នក​បើកបរ​ចំណាយ​ទាប​ដែល​គាត់​អាច យក​ថ្លៃ​ពី​ភ្ញៀវ​ទាប​ដែរ​។ វា​សម​ហ្នឹង​ស្ថានភាព​ផ្លូវ​ស្រុក​យើង​ដែល​ត្រូវ​ការ​ចំណាយ​ទាប ព្រោះ​ចរាចរ​កកស្ទះ​ខ្លាំង​»​។

លោក​បន្ថែម​ថា តាម​ការ​ប៉ាន់​ស្មាន រ៉ឺម៉ក​ទេសចរណ៍​នាំ​ចូល​ពី​បរទេស​ដែល​កំពុង​ដំណើរការ​សរុប​មាន​ប្រហែល ១ ពាន់​គ្រឿង​នៅ​ភ្នំពេញ ក្នុង​នោះ​ក្រុមហ៊ុន​លោក​មាន ៦០ គ្រឿង​។

យ៉ាង​ណា​ក៏​ដោយ លោក និមល ក៏បាន​លើក​ឡើង​ពី​គុណ​វិបត្តិ​របស់​រ៉ឺម៉ក​ទេសចរណ៍ Bajaj ដោយ​សារ​តែ​វា​មាន​ទំហំ តូច ខ្លី ធៀប​នឹង​រ៉ឺម៉ក​ទេសចរ​កម្ពុជា ហើយ​ការ​ប្រើ​ប្រាស់​អាច​មិន​សូវ​ធន់​ដូច​រ៉ឺម៉ក​ទេសចរណ៍​ខ្មែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​អ្នក​បើកបរ​រ៉ឺម៉ក​ទេសចរណ៍​ខ្មែរ​យើង គាត់​កំណត់​តម្លៃ​ជាក់លាក់​ជាមួយ​តម្លៃ​សមរម្យ ហើយ​មាន​សម្តី​រាក់​ទាក់ ខ្ញុំ​គិត​ថា​អ្នក​ដំណើរ​នឹង​នៅ​តែ​ប្រើប្រាស់​រ៉ឺម៉ក​ខ្មែរ​យើង​ច្រើន​»​។

មិន​មាន​ទិន្នន័យ​ផ្លូវ​ការ​អំពី​ការ​ប្រើ​ប្រាស់​រ៉ឺម៉ក​ម៉ូតូ​ផលិត​នៅ​កម្ពុជា​កំពុង​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ យោង​តាម​ទិន្នន័យ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA ) គ្រាន់​តែ​សមាជិក​របស់ IDEA ដែល​ប្រកប​របរ​បើក​រ៉ឺម៉ក​ទេសចរណ៍​មាន ៦ ០០០ នៅ​ភ្នំពេញ និង​សៀមរាប​។

ខណៈ​ការ​ប្រើ​ប្រាស់​រ៉ឺម៉ក​ទេសចរណ៍ ​នាំ​ចូល​កំពុង​កើន​ឡើង​ខ្ពស់ លោក ឈាង វណ្ណា ដែល​ដំណើរការ​អាជីវកម្ម​ដំឡើង​រ៉ឺម៉ក​ទេសចរណ៍​បែប​ខ្មែរ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ បាន​ឲ្យ​ដឹង​ថា និន្នាការ​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​អាជីវកម្ម និង​ការងារ​របស់​បុគ្គលិក​របស់​លោក​។

លោក​លើក​ឡើង​ថា​៖ «​យើង​លែង​ពឹង​តែ​លើ​ការ​ដំឡើង​រ៉ឺម៉ក​ទេសចរណ៍ តែ​មួយ​មុខ​ដូច​មុន​ទៀត​ហើយ​។ ​ពេល​នេះ​ខ្ញុំ​កំពុង​ងាក​ទៅ​ផលិត​អី​ផ្សេង​ជំនួស​បណ្តើរៗ​ដូចជា ​រ៉ឺម៉ក​ចល័ត​សម្រាប់​តូប​អាហារ ឬ ផលិត​អី​ផ្សេងៗ​វិញ​»៕LA

0

Comments

Please, login or register to post a comment

ព័ត៌មាន ពាក់ព័ន្ធ