Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សៀមរាប​ត្រូវ​ការ​សណ្ឋាគារ ភោជនីយដ្ឋាន​បន្ថែម

ភ្ញៀវ​ទេសចរ​បរទេស​កំពុង​ឡើង​ជណ្តើរ​ប្រាសាទ​អង្គរវត្ត នា​ពេល​កន្លង​មក។
ភ្ញៀវ​ទេសចរ​បរទេស​កំពុង​ឡើង​ជណ្តើរ​ប្រាសាទ​អង្គរវត្ត នា​ពេល​កន្លង​មក។ រដ្ឋ​មន្ត្រី​ទេសចរណ៍​ថា ខេត្ត​សៀមរាប ត្រូវ​ការ​សណ្ឋាគារ​ច្រើន​បន្ថែម​ទៀត។ ហុង មិនា

សៀមរាប​ត្រូវ​ការ​សណ្ឋាគារ ភោជនីយដ្ឋាន​បន្ថែម

ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ កាល​ពី​ម្សិល​មិញ​បាន​អំពាវ​នាវ​ឲ្យ​វិនិយោគិន​វិនិយោគ​លើ​ការ​សាង​សង់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅ ខេត្ត​សៀមរាប បន្ថែម​ទៀត ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ដែល​បន្ត​កើន​ឡើង។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ព្រឹតិ្ត​ការណ៍​ពិព័រណ៍​ម្ហូប​អាហារ និង​សណ្ឋាគារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​រាជធានី​ភ្នំពេញ លោក ថោង ខុន លើក​ឡើង​ថា ខេត្ត​សៀមរាប កំពុង​ខ្វះ​បន្ទប់​សណ្ឋាគារ​សម្រាប់​ភ្ញៀវ​ទេសចរ​ជប៉ុន និង​កូរ៉េ ខណៈ​ចំនួន​ភ្ញៀវ​ចិន​កើន​ឡើង​ច្រើន​នៅ​រដូវ​ភ្ញៀវ​ច្រើន (High Season)។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​តួលេខ​ភ្ញៀវ​ទេសចរ​ជប៉ុន និង​កូរ៉េ ឆ្នាំ​នេះ​តិច​ជាង​ឆ្នាំ​មុន។ ខ្ញុំ​បាន​សិក្សា​ពី​បញ្ហា​នេះ​ហើយ​បាន​រក​ឃើញ​ថា ភ្ញៀវ​ភាគ​ច្រើន​មិន​អាច​កក់​សណ្ឋាគារ​បាន។ យើង​ខ្វះ​បន្ទប់​សម្រាប់​ពួក​គាត់ ហើយ​ភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​បាន​លើក​ឡើង​ត្រង់ៗ​ថា ពួក​គេ​មិន​អាច​កក់​សណ្ឋាគារ​នៅ ខេត្ត​សៀមរាប បាន»។

លោក​បន្ត​ថា៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ​ស្នើ​ឲ្យ​វិស័យ​ឯកជន​វិនិយោគ​សង់​សណ្ឋាគារ​បន្ថែម​ទៀត​នៅ ខេត្ត​សៀមរាប។ ភ្ញៀវ​ច្រើន​ណាស់ យើង​ត្រូវ​ការ​បន្ទប់ និង​ភោជនីយដ្ឋាន​បន្ថែម»។

ជាមួយ​គ្នា​នេះ​ដែរ លោក ថោង ខុន ថ្លែង​ថា គិត​ត្រឹម ខែ​ឧសភា ឆ្នាំ​២០១៤ នេះ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន ៤៣ ភាគ​រយ​នៃ​ទំហំ​វិនិយោគ​សរុប​ដែល​មាន​នៅ​ក្នុង ប្រទេស​កម្ពុជា។

លោក អាង គឹមអៀង ប្រធាន សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ដែរ​ថា ដោយ​សារ​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ជន​ជាតិ​ចិន​មាន​កំណើន​ច្រើន ក្នុង​នោះ​បន្ទប់​ដែល​មាន​នៅ​ក្នុង ខេត្ត​សៀមរាប បច្ចុប្បន្ន​មាន​ជាង ២ ម៉ឺន​បន្ទប់​មិន​អាច​ទទួល​ភ្ញៀវ​អស់​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «យើង​ត្រូវ​ការ​សណ្ឋាគារ​បន្ថែម​នៅ សៀមរាប នោះ​គឺ​សណ្ឋាគារ​បែប​លំដាប់​ផ្កាយ ៣ ទៅ​ផ្កាយ ៥។ ភ្ញៀវ​កើន​ច្រើន។ គាត់​ចាប់​ផ្តើម​កក់​សណ្ឋាគារ​មុន​ពេល​ដែល​គាត់​មក​ដល់។ ពេល​យើង​មិន​មាន​បន្ទប់​សម្រាប់​គាត់ មាន​ន័យ​ថា យើង​បាត់​បង់​ភ្ញៀវ​នោះ​ហើយ។ ជាក់​ស្តែង ឥឡូវ​នេះ​ខ្ញុំ​កំពុង​រក​បន្ទប់ ១៥ បន្ទប់​សម្រាប់​ភ្ញៀវ​តែ​រក​មិន​ទាន់​បាន​ដោយ​សារ​ពេញ​អស់​ហើយ»។

លោក​បន្ថែម​ថា មិន​ត្រឹម​តែ ខេត្ត​សៀមរាប នោះ​ទេ តែ​ខេត្ត​ផ្សេងៗ​ដែល​មាន​តំបន់​ទេសចរណ៍​សំខាន់ៗ ក៏​នឹង​ត្រូវ​ការ​សណ្ឋាគារ ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ទំនើបៗ​បន្ថែម​ចាប់​ពី​ពេល​នេះ​ត​ទៅ​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ ខណៈ​កម្ពុជា​កំពុង​ក្លាយ​ជា​ទិស​ដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​ក្នុង​តំបន់។

លោក នួន ទេវិភា នាយក​គ្រប់​គ្រង​ទូទៅ​នៃ​សណ្ឋាគារ​អប្សរា​អង្គរ នៅ​ក្នុង ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា បញ្ហា​កង្វះ​បន្ទប់​នៅ​ក្នុង​រដូវ​សម្បូរ​ភ្ញៀវ​ជា​បញ្ហា​ប្រឈម​តាំង​ពី ១០ ឆ្នាំ​មុន​ម៉្លេះ ហើយ​ថា បន្ទប់​ដែល​មាន​ពេល​បច្ចុប្បន្ន​គឺ​គ្រប់​គ្រាន់ ឬ ខ្វះ​ខាត​តិច​តួច​នៅ​ក្នុង​ខែ​ដែល​ភ្ញៀវ​ចូល​មក​ទស្សនា​ច្រើន។

លោក​បន្ត​ថា ការ​វិនិយោគ​បន្ថែម​ជា​រឿង​ល្អ តែ​ថា អ្នក​វិនិយោគ​ប្រឈម​នឹង​ការ​ចំណាយ​ខ្ពស់​នៅ​ក្នុង​ខែ​ដែល​មាន​ភ្ញៀវ​តិច។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ភ្ញៀវ​មក​ច្រើន​តែ ៤ ខែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ គឺ​ពី​ខែ ១១ រហូត​ដល់ ខែ​២។ ក្រៅ​ពី​នេះ​ភ្ញៀវ​មក​ជា​មធ្យម​ឬ​តិច​តួច។ គាត់​អាច​ពិចារណា​សង់​បាន​តែ​យើង​ត្រូវ​ការ​ផ្សព្វ​ផ្សាយ ឬ ទាក់​ទាញ​ភ្ញៀវ​ឲ្យ​មក​ច្រើន​ក្នុង​ខែ ៥ ឬ ខែ ៦ ឬ រៀបចំ​ព្រឹត្តិការណ៍​ដើម្បី​ទាក់​ទាញ​បន្ថែម​ដើម្បី​បំពេញ​ចន្លោះ​ពេល​ដែល​មិន​មាន​ភ្ញៀវ​ច្រើន»។

គិត​ត្រឹម ឆ្នាំ​២០១៣ កម្ពុជា មាន​សណ្ឋាគារ​សរុប ៤៧៩ ផ្ទះ​សំណាក់​មាន​ចំនួន ១៣២៨ ហើយ​ភោជនីយដ្ឋាន​ចំនួន ១១៥៦។ ក្នុង​នោះ ខេត្ត​សៀមរាប មាន​សណ្ឋាគារ​ចំនួន ១៣៨ ផ្ទះ​សំណាក់ ២៣០ និង​ភោជនីយដ្ឋាន​ចំនួន ១៥៩។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួង​ទេសចរណ៍។

កម្ពុជា​រំពឹង​ថា នឹង​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៥ លាន​នាក់​នៅ ២០១៥៕

0

Comments

Please, login or register to post a comment