ភ្នំពេញ ​ក្រុមហ៊ុន McCann Health បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួន​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន ANGFA ដើម្បី​​បង្កើត​សៀវភៅ​រូបភាព​​លើក​ដំបូង​ក្នុង​ពិភព​លោក​​ដែល​អាច​ដុស​លាង​នឹង​​សាប៊ូ​បាន ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​ជួយ​អប់រំ​កុមារ​ក្នុង​ប្រទេស​​កំពុង​អភិវឌ្ឍន៍​ដែល​រួម​មានទាំង​កម្ពុជា​ដែរ​នោះ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​សាប៊ូ​​សម្លាប់​មេរោគ​។

យោង​តាម​គេហ​ទំព័រ campaignbrief.com គោល​បំណង​របស់​សៀវភៅ​ដែល​អាច​ដុស​លាង​បាន​នេះ គឺ​ដើម្បី​ប្រាប់​កុមារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ថា អនាគត​ដ៏​អស្ចារ្យ​មួយ​កំពុង​រង់ចាំ​ពួក​គេ​តាមរយៈ​ការ​បង្ការ​ជំងឺ​ដោយ​ការ​លាង​ដៃ​របស់​ពួកគេ​នឹង​សា​ប៊ូ។

យោង​តាម​គេហទំព័រ​នេះ សៀវភៅ​រូបភាព​នេះ​​​​ត្រូវ​បាន​បង្កើត​ជា​របៀប​សាច់​រឿង ហើយ​សាច់រឿង​ជា​រូបភាព​នេះ​អាច​នឹង​លេច​ចេញឡើង​នៅ​ពេល​ដែល​កុមារ​យក​សាប៊ូ​ដុស​លាង​លើ​ដៃ​របស់​តួអង្គ​នៅ​ក្នុង​សៀវភៅ​នេះ​។ តាម​រយៈ​បច្ចេកវិទ្យា​បោះពុម្ព​ពិសេស​មួយ នៅ​ពេល​ដែល​​ដៃ​របស់តួអង្គ​ដែល​ជា​ផ្ទាំង​ពណ៌ស​ត្រូវបាន​ដុស​លាង​នោះ សាច់រឿង​​នឹង​លេច​ចេញ​មក​ជា​ពណ៌​ធម្មជាតិ​នៅ​​លើ​ដៃ​របស់​តួអង្គ​​ទាំង​នោះ។

គំនិត​នេះ​គឺ​ថា កុមារ​នឹង​ចាប់ផ្តើម​ដឹងថា ការ​ប្រើប្រាស់​សាប៊ូ​សម្លាប់មេរោគ​អាច​បង្កា​ជំងឺ​បាន ហើយ​នឹង​ផ្តល់​អនាគត​ដ៏​ត្រចេះ​ត្រចង់ដល់​ពួកគេ។ សម្រាប់ការ​ចែក​ចាយ​ដំបូង​នៃ​យុទ្ធនាការ​នេះ សៀវភៅ​ចំនួន ៤០០​ ក្បាល ត្រូវ​បាន​ផលិត​ឡើង ហើយ​នឹង​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​រួម​ជា​មួយ​នឹង​សាប៊ូ​សម្លាប់​មេរោគ ANGFA ចំនួន ៤០០ ​ដុំ​ផងដែរ។

បាតដៃរបស់​តួអង្គ​ដែលស​ស្អាត មុន​ពេល​មិនទាន់យកសាប៊ូទៅដុស​លាងពីលើ។ រូបថត campaignbrief.com

ក្រុមហ៊ុន McCann Health គឺជា​ក្រុមហ៊ុន​​ដែល​ផ្តល់​សេវា​ធ្វើ​ទីផ្សារ​ពិភព​លោក​ឈានមុខ​គេ​មួយ​សម្រាប់​សេវា​ថែទាំ​​សុខភាព​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក ខណៈ​ក្រុមហ៊ុន ANGFA ​មាន​ភាព​ល្បី​ល្បាយ​ដោយសារ​​​ផលិត​ផល​វេជ្ជសាស្រ្ត​សម្រាប់​​បង្កា​មេរោគ​​​របស់​ខ្លួន។

គេហទំព័រ ​campaignbrief.com បាន​ដក​ស្រង់​សំដី​របស់​​លោក Jeremy Perrott ប្រធាន​ផ្នែក​គំនិត​ច្នៃ​ប្រឌិត​ពិភព​លោក​របស់​ក្រុមហ៊ុន McCann Health ខណៈ​លោក​ថ្លែង​ក្នុង​ «ទិវា​លាង​ដៃ» ក្នុង​ប្រទេស​ជប៉ុន​កាលពី​សប្តាហ៍មុន​ថា៖ «សភាវគតិ​ពិត​របស់​មនុស្ស​ចំពោះ​ការ​ប៉ះ អារម្មណ៍ និង​បទពិសោធ ត្រូវ​បាន​នាំយក​មកកាន់​​សៀវភៅ​​នេះ។ អ្វី​ដែល​ខ្ញុំ​ស្រលាញ់​សៀវភៅ​នេះគឺ​ប្រពន្ធ​ដ៏​ជឿន​លឿន​​មួយ​ក្នុង​ការ​ពាំ​នាំ​សារ​»។ លោក​បាន​បន្ថែមថា៖ «ជំនួស​មក​​វិញ ​យើង​រៀនសូត្រ​​តាម​រយៈ​បទពិសោធ​មួយ និង​ការ​ចង​ចាំ ដោយ​សារ​សកម្មភាព​សាមញ្ញ​នៃការ​ដុស​លាង​លើ​ផ្ទៃ​មួយ​ដើម្បីង​បង្ហាញ​សារ។ វា​ពិត​ជា​អស្ចារ្យ»។

ក្នុ​ង​ប្រទេស​កំពុង​អភិ​វឌ្ឍន៍ កុមារ​ចំនួន ៦​ពាន់នាក់​ស្លាប់​ជា​រៀង​រាល់ថ្ងៃ​ដោយសារ​ជំងឺ​ឆ្លង៕