ភ្នំពេញៈ ចូរ​ស្រមៃ​ថា កសិករ​អាច​ដំឡើង​ប្រព័ន្ធ​ថាមពល​សូឡា នៅ​ក្នុង​វាល​ស្រែ​របស់​ពួក​គេ ដែល​បំពាក់​ដោយ​ឧបករណ៍​ផ្ដល់​សញ្ញា​ក្នុង​ការ​រក​ឲ្យ​ឃើញ និង​រារាំង​សត្វ​បក្សី​កុំ​ឲ្យ​ស៊ី​ដំណាំ​តាម​រយៈ​ការ​បញ្ចេញ​រលក​សំឡេង ហ្វ្រេកង់​ខ្ពស់​។ នេះ​ជា​ការ​បង្ហាញ​ពី​គំនិត​បង្កើត​ថ្មី​មួយ​របស់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​។

ផែនការ​សម្រាប់​ផលិតផល​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​សហគ្រិន​កម្ពុជា​វ័យក្មេង​នៅក្នុង​ការប្រកួតប្រជែង​សហគ្រិនភាព​អន្តរជាតិ Dongsheng Cup ប្រចាំឆ្នាំ​លើក​ទី​ ៥ នៅ​ទីក្រុង​ប៉េកាំង កាលពី​ចុង​ខែ​ដែល​មាន​គណៈប្រតិភូ​ជាង​ ២០០ មកពី​បណ្ដា​ប្រទេស​៥​ចូលរួម ដើម្បី​បង្ហាញ​គំនិត​របស់​ពួក​គេ​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​។

ខណៈ​គំនិត​នៃ​ការ​រារាំង​សត្វ​បក្សី​ពី​ការ​បំផ្លាញ​ដំណាំ​បាន​ឈ្នះ​ទៅ​ក្រុម​កម្ពុជា​សម្រាប់​ការ​ច្នៃ​ប្រឌិត​នេះ ការ​ទទួល​បាន​មូលនិធិ​អាជីវកម្ម​បង្កើត​ថ្មី​ណាមួយ ពិសេស​លើ​គ្រាប់ពូជ​អាច​មាន​ការ​ពិបាក​។

ដៃគូ​ប្រកួត​ប្រជែង​មួយ​ក្នុង​ចំណោម​ដៃគូ​ប្រកួត​ប្រជែង​ជាច្រើន កញ្ញា នី វួចនា មាន​អាយុ ​២២ ​ឆ្នាំ​ ជា​និស្សិត​វិស្វកម្ម​គីមី នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ថ្លែង​ថា ផលិតផល​របស់​ពួក​គេ​អាច​ផ្តល់​ការ​សន្សំ​ប្រាក់​ដល់​កសិករ និង​ធានា​ថា ដំណាំ​កសិកម្ម​កាន់​តែ​ច្រើន​មិន​មាន​សារធាតុ​គីមី ប៉ុន្តែ​ ផលិតផល​របស់​ក្រុម​នេះ​មិន​អាច​ដំណើរការ​ទៅ​មុខ​ដោយ​មិន​មាន​ការផ្ដល់​មូលនិធិ​បន្ថែម​សម្រាប់​ការ​ស្រាវជ្រាវ និង​ការ​បង្កើត​នោះ​ទេ​។

កញ្ញា​ថ្លែងថា​៖ «​យើង​កំពុង​គិត​អំពី​សត្វ​បក្សី​ដែល​បំផ្លាញ​ដំណាំ​កសិកម្ម​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​យើង​បាន​បង្កើត​គំនិត​នេះ​ឡើង [​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​] ប៉ុន្តែ​នៅ​ពេល​នេះ វា​គ្រាន់តែ​ជា​គំនិត​មួយ​ប៉ុណ្ណោះ​»​។

កញ្ញា ឃាង ស្រី​លក្ខណ៍​ជា​និស្សិត​ អាយុ​ ២១ ​ឆ្នាំ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ក៏​ធ្លាប់​បាន​ចូលរួម ប្រកួត​ប្រជែង​នៅ​ក្នុង «​បច្ចេកវិទ្យា​កសិកម្ម​» ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ RUA កាលពី​ខែ​វិច្ឆិកា​ដែរ ដោយ​បាន​ចាប់​ដៃគូ​ជាមួយ​និស្សិត​៣​នាក់​ផ្សេង​ទៀត ដែល​ពេលនោះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១​។

ស្រី​លក្ខណ៍ និង​សមាជិក​ក្រុម ដែល​ជា​និស្សិត​ឆ្នាំ​ទី​ ៤​ នៅ RUA បាន​ប្ដេជ្ញា​ចិត្ត​ថា ពួក​គេ​នឹង​នាំយក​ការអនុវត្ត​កសិកម្ម​ប្រកប​ដោយ​សុវត្ថិភាព​ទៅ​ទីកន្លែង​តំបន់​ក្រុង​ជាមួយ​នឹង​អាជីវកម្ម​បង្កើត​ថ្មី​របស់​ពួកគេ (Tang) ដែល​ផ្ដល់​កញ្ចប់ និង​សេវា​ក្នុង​ការ​ជួយ​ដល់​គ្រួសារ​ដែល​រស់នៅ​ទីក្រុង​ក្នុង​ការ​ដាំ​ដុះ​នៅ​ក្នុង​សួន​បន្លែ​ផ្ទាល់​របស់​ពួកគេ​។

និស្សិត សុខ សុធារ័ត្ន និយាយ​ថា​៖«​ប្រជាជន​ទីក្រុង​ជារឿយៗ​មមាញឹក​លើ​ការងារ​របស់​ពួក​គេ និង​មិនមាន​ពេល ក្នុង​ការ​ថែរក្សា​ដំណាំ​ដោយ​ខ្លួន​ឯង​ទេ ដូច្នេះ​ពួក​គេ​ញ៉ាំ​បន្លែ​មកពី​ទីផ្សារ​ក្នុង​ស្រុក​ដែល​អាច​មាន​សារធាតុ​គីមី​ដែល​គ្រោះ​ថ្នាក់​ខ្លាំង​»​។

កញ្ញា បន្ត​ថា Tang ផ្ដល់​ដល់​អតិថិជន​ជាមួយ​នឹង​រុក្ខជាតិ ព្រម​ទាំង​កញ្ចប់​វេច​ខ្ចប់​ជាមុន​មាន​សព្វ​គ្រប់​ទាំង​គ្រាប់​ពូជ ជី​កំប៉ុស និង​ជី​ផង​ដែរ​។​

កញ្ញា​ថ្លែងថា​៖ «​ខ្ញុំ​បានទទួល​យោបល់ [​ពី​អ្នកជំនាញ​ក្នុងស្រុក​] ថា អតិថិជន​នៅ​ទីក្រុង មិន​មាន​ជម្រើស​នោះទេ ប៉ុន្តែ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​[​សម្រាប់​ការ​ចៀស​វាង​ការ​ផលិត​ដែល​មាន​សារធាតុ​គីមី​] អាជីវកម្ម​បង្កើត​ថ្មី​របស់ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​»​។

លោក Andre Kwok ដែល​ធ្វើការ​នៅ​មូលនិធិ​វិនិយោគ​គាំទ្រ​ហិរញ្ញវត្ថុ​ខ្សែក្រវាត់ និង​ផ្លូវ ជា​អង្គការ​វិនិយោគ​មូលនិធិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង ​ហុងកុង បាន​ជួយ​រៀបចំ​កម្មវិធី «​បច្ចេកវិទ្យា​កសិកម្ម​» កម្ពុជា ហើយ​ក៏បាន​ចូលរួម​នៅក្នុង​ការ​ប្រកួត​ប្រជែង​នេះ​នៅ​ទីក្រុង​ប៉េកាំង​ដែរ​។

លោក Kwok ថ្លែងថា ការផ្ដល់​មូលនិធិ​គ្រាប់​ពូជ​កាន់​តែ​ច្រើន​មាន​ភាព​ចាំបាច់​នៅក្នុង​ប្រទេស​ កម្ពុជា ដើម្បី​ជួយ​ជ្រោមជ្រែង និង​ជួយ​សម្រួល​ឲ្យ​បាន​ត្រឹម​ត្រូវ​ដល់​​សហគ្រិន​វ័យ​ក្មេង​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការ​ផ្ដល់​មូលនិធិ​អាជីវកម្ម​បង្កើត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ជា​ទូទៅ​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​ខ្លាំង​បំផុត​សម្រាប់​ប្រជាជន​វ័យ​ក្មេង​ដើម្បី​រៀន​សូត្រ​ពី​របៀប​ក្នុង​ការ​សាកល្បង និង​ដើម្បី​យល់​ដឹង​ពី​ទីផ្សារ​នេះ​»​។

លោក​បាន​បន្ត​ថា​៖«​សហគ្រិន​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​ កម្ពុជា ពិត​ជា​កំពុងធ្វើការ​ងារ និង​ការអប់រំ​យ៉ាងខ្លាំង ប៉ុន្តែ​ប្រព័ន្ធ​អេកូ​នៅ​ទីនេះ​មិន​ទាន់​មាន​ភាព​អំណោយ​ផល​សម្រាប់​ការ​វិនិយោគ​លើ​អាជីវកម្ម​បង្កើត​ថ្មី​នោះ​ទេ​»៕ LA