ក្រុងវ៉ាស៊ីនតោនៈ ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃពុធបានប្រកាសការផ្ដួចផ្ដើមស៊ើបអង្កេតលើពន្ធប្រឆាំងការលក់បង្ខូចថ្លៃទីផ្សារ និងពន្ធប្រឆាំងនឹងការឧបត្ថម្ភធនទៅលើការនាំចូលផលិតផលកៅស៊ូកងពីប្រទេសចំនួន ៣ រួមទាំងប្រទេសចិនផងដែរ ដែលនេះជាវិធានការប្រភេទបែបនេះទី ៤ ហើយក្នុងឆ្នាំ ២០១៨ ដែលអាមេរិកធ្វើឡើងចំពោះផលិតផលរបស់ចិន។
យោងតាមសេចក្ដីប្រកាសនេះ ការស៊ើបអង្កេតនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុន Alliance Rubber Company ដែលជាប់ពាក់ព័ន្ធនឹងប្រទេសចំនួន ៣ គឺប្រទេសចិន ថៃ និងស្រីលង្កា។ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (ITC) របស់អាមេរិកគ្រោងនឹងកំណត់ពីផលប៉ះពាល់បឋមរបស់ខ្លួននៅថ្ងៃ ឬមុនថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨។
ដោយផ្អែកលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ ប្រសិនបើគណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិកកំណត់ថា មានហេតុផលសមរម្យដែលបង្ហាញថា ការនាំចូលកៅស៊ូកងពីប្រទេសទាំង ៣ បានធ្វើឲ្យខូចតម្លៃទំនិញ ឬបានគំរាមបង្ខូចតម្លៃទំនិញដល់ឧស្សាហកម្មក្នុងស្រុកនៅអាមេរិកនោះ ការស៊ើបអង្កេតនឹងបន្តទៅមុខទៀត ខណៈពេលដែលក្រសួងពាណិជ្ជកម្មអាមេរិកគ្រោងនឹងប្រកាសការកំណត់ជាបឋមរបស់ខ្លួនសម្រាប់ករណីពន្ធប្រឆាំងនឹងការឧបត្ថម្ភធននៅខែមេសា និងករណីពន្ធប្រឆាំងការលក់បង្ខូចថ្លៃទីផ្សារនៅខែកក្កដា។
ស្ថិតិបានពីក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានបង្ហាញថា ការនាំចូលផលិតផលកៅស៊ូកងពីប្រទេសចិនមានតម្លៃប្រមាណ ៤,៥ លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតក្នុងចំណោមប្រទេសដែលត្រូវស៊ើបអង្កេតទាំង ៣ នេះ។
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនកាលពីថ្ងៃអង្គារបានចេញសេចក្ដីជូនដំណឹងអំពីសេចក្ដីសម្រេចចិត្តរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលើគេហទំព័រផ្លូវការរបស់ខ្លួន តែមិនបានបង្ហាញថា ខ្លួននឹងចាត់វិធានការបន្ថែមទៀតចំពោះការស៊ើបអង្កេតនេះទេ៕ People''s Daily/LA