ភ្នំពេញៈ ធនាគារ​អេស៊ីលីដា កាលពី​ម្សិលមិញ​បាន​ប្រកាស​បន្ទាប​ការប្រាក់​លើ​ប្រាក់​បញ្ញើ​សំចៃ​ជា​ប្រាក់​រៀល​ពី​ ១,២៥ ភាគរយ​ក្នុង​មួយ​ឆ្នាំ​មក​នៅ​ត្រឹម ០,៥ ភាគរយ​ក្នុង​មួយ​ឆ្នាំ​វិញ​ដែល​នឹង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ខែ​កុម្ភៈ​ខាង​មុខ​តទៅ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អេស៊ីលីដា​កាលពី​ម្សិលមិញ​។

គណនី​ប្រាក់​បញ្ញើ​សំចៃ គឺ​សំដៅ​ដល់​ប្រាក់​បញ្ញើ​ដែល​​អតិថិជន​អាច​ដាក់-ដក​បាន​គ្រប់​ពេល​ដែល​ជា​ទូទៅ​គណនី​បញ្ញើ​ប្រភេទ​នេះ​បាន​អត្រា​ការប្រាក់​ទាប​ជាង​ការ​ដាក់​ប្រាក់​បញ្ញើ​ដែល​មាន​កាល​កំណត់​។

តាមរយៈ​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់ អតិថិជន​អាច​ដក​ប្រាក់​បាន​លុះ​ណា​តែ​ដល់​ពេល​ដែល​ខ្លួន​បាន​កំណត់​កាលពី​ពេល​ដាក់​ប្រាក់​ដំបូង​ដូចជា ៣ ខែ ៦ ខែ ឬ​រយៈពេល​ផ្សេង​ទៀត​។ យ៉ាង​ណា​ក៏ដោយ​ធនាគារ​នៅ​រក្សា​អត្រា​ការប្រាក់​លើ​ប្រាក់​បញ្ញើ​មាន​កាលកំណត់​នៅ​ដដែល​។

អ្នកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​លើក​ឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ការ​សម្រេច​បន្ទាប​អត្រា​ការប្រាក់​លើ​ប្រាក់​បញ្ញើ​សំចៃ​ជា​រៀល​នេះ​គឺ​ដោយសារ​មាន​កំណើន​ប្រាក់​បញ្ញើ​ប្រភេទ​នេះ​ច្រើន​ជាង​មុន​នៅ​លើ​ទីផ្សារ ហើយ​លើក​ឡើង​ថា​ការ​ផ្លាស់ប្តូរ​អត្រា​ការប្រាក់​ប្រភេទ​បញ្ញើ​នេះ​តែង​ធ្វើ​ឡើង​ស្រប​តាម​ការ​ប្រែប្រួល​នៃ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ប្រាក់​បញ្ញើ​ជាក់ស្តែង​។

អ្នកស្រី​ថ្លែង​ថា​៖ «​យើង​រំពឹង​ថា​ការ​បន្ទាប​ការប្រាក់​បញ្ញើ​នេះ​នឹង​អាច​ឲ្យ​យើង​មាន​លទ្ធភាព​នៅ​ក្នុង​ការ​យក​បញ្ញើ​នេះ​ទៅ​ផ្តល់​កម្ចី​បន្ត​ជា​ប្រាក់​រៀល​ដែល​មាន​ការប្រាក់​ស្មើ​នឹង​កម្ចី​ជា​ដុល្លារ​»៕