ក្រុងហ្សាការតាៈ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​ម៉ូដែល Sukhoi Su-35 ចំនួន ១១ ​គ្រឿង​ពី​ប្រទេស​រុស្ស៊ី​។ នេះ​បើ​យោង​តាម​មន្ត្រី​មួយ​រូប​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។

លោក Totok Sugiharto អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​តំណាង​របស់​ប្រទេស​ទាំង​ ២ ​នាទី​ក្រុង​ហ្សាការតា​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​មាន​តម្លៃ​សរុប ១,១៤ ​ពាន់​លាន​ដុល្លារ​។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​យន្តហោះ​ម៉ូដែល Sukhoi ចំនួន​ ២ ​គ្រឿង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ខែ​សីហា​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​»​។

យន្តហោះ​ចំនួន ៦ គ្រឿង​ផ្សេង​ទៀត​នឹង​ត្រូវ​បញ្ចូន​ទៅ​ឲ្យ​ឥណ្ឌនេស៊ី​ក្នុង​រយៈពេល ១៨ ​ខែ បន្ទាប់ពី​កិច្ចសន្យា​នេះ​ចូល​ជា​ធរមាន ហើយ​យន្តហោះ​ចំនួន ​៣ ​គ្រឿង​ចុង​ក្រោយ​នឹង​ត្រូវ​បញ្ចូន​ក្នុង​រយៈពេល​ ៥ ​ខែ​ក្រោយ​ទៀត​»​។

កិច្ចព្រមព្រៀង​នេះ​កើត​មាន​ឡើង បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹង​កាលពី​ខែ​សីហា​ថា ខ្លួន​នឹង​ព្យាយាម​ធ្វើ​ពាណិជ្ជកម្ម​ប្រេងដូង កាហ្វេ និង​តែ ដើម្បី​ទិញ​យក​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​នេះ ដោយ​ប្រទេស​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​មាន​បំណង​ទាញ​យក​ផលប្រយោជន៍​ពី​ទណ្ឌកម្ម​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​។

ឥណ្ឌូនេស៊ី និង​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ ដើម្បី​ដោះដូរ​យន្តហោះ​ចម្បាំង Sukhoi ១១ ​គ្រឿង​ជាមួយ​ទំនិញ​សំខាន់ៗ​មួយ​ចំនួន​នៅ​ទីក្រុង​ម៉ូស្គូ​កាលពី​ខែ​សីហា​ឆ្នាំ​មុន​។

តែ​យ៉ាង​ណា​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មិន​មាន​ការ​ប្រកាស​ពី​វិធី​ទូទាត់​ប្រាក់ សម្រាប់​ការ​ចំណាយ​ទេ​៕ BP