ក្រុងហ្សការតាៈ ក្រុម​អ្នកវិភាគ និង​ពាណិជ្ជករ​នៅ​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​នឹង​អនុវត្ត​គោលនយោបាយ​ថែម​ទៀត ដើម្បី​សម្រេច​បាន​សក្ដានុពល​របស់​ខ្លួន​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​។

លោក Sri Mulyani Indrawati រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី ថ្លែង​នៅ​ពេល​ថ្មីៗ​នេះ​ថា​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​លើ​គំនិត​ផ្ដួចផ្ដើម​ចំនួន ៤ ដោយ​សង្ឃឹម​ថា នឹង​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​មក​ប្រទេស​នេះ​។

គំនិត​ផ្ដួចផ្ដើម​ទាំង​នេះ​រួមមាន ពង្រីក​វិស័យ​ពាណិជ្ជកម្ម​សម្រាប់​ការ​លើកលែង​ពន្ធ​ធ្វើឲ្យ​នីតិវិធី​ដាក់ពាក្យ​សុំ​លើកលែង​ពន្ធ​មាន​ភាព​ងាយស្រួល ពង្រីក​រយៈពេល​លើកលែង​ពន្ធ និង​ការ​លុបចោល​ពន្ធ​លើ​ភាគលាភ​ដែល​ដក​លើ​មូលធនិក​វិនិយោគ​រួម​នៅ​ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម (SME)​។

ស្ថិត​ក្រោម​គំនិត​ផ្ដួចផ្ដើម​ថ្មី​ទាំង​នេះ​រដ្ឋាភិបាល​នឹង​បន្ត​រយៈពេល​ការ​លើកលែង​ពន្ធ​ពី​រយៈពេល​បច្ចុប្បន្ន ៥-២០ ​ឆ្នាំ​រហូត​ដល់ ៣០ ​ឆ្នាំ​។ រដ្ឋាភិបាល​នឹង​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់ SME ពី ១ ភាគរយ​មក​ត្រឹម ០,៥ ​ភាគរយ​។

លើស​ពី​នេះ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​នឹង​ផ្ដល់​ការ​កាត់បន្ថយ​ពន្ធ​រហូត​ដល់ ២០០ ​ភាគរយ​សម្រាប់​ក្រុមហ៊ុន​ណា​ដែល​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ធ្វើការ​ស្រាវជ្រាវ​។

បទប្បញ្ញត្តិ​ជា​ធរមាន​មួយ​ចំនួន​នឹង​ត្រូវ​តែ​ត្រូវ​បាន​កែ ដើម្បី​សម្រួល​ដល់​គំនិត​ផ្ដួចផ្ដើម​ទាំង​នេះ​ដូចជា​ច្បាប់​ស្ដីពី​ការវិនិយោគ​មូលធន និង​បទប្បញ្ញត្តិ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​។

ខណៈ​ស្វាគមន៍​ និង​ផ្ដួចផ្ដើម​ទាំង​នេះ​លោក Sutrisno Iwantono ប្រធាន​សមាគម​និយោជក​ឥណ្ឌូនេស៊ី បាន​ថ្លែង​ថា​ការ​លើក​ទឹកចិត្ត​ថ្មីៗ​ទាំងនេះ​គួរ​រួម​បញ្ចូល​ទាំង SME ផង​ដែរ​៕ ANN/LA