ភ្នំពេញៈ កម្ពុជា នាំចេញប្រេងដូងមិនទាន់កែច្នៃជាង ៤០ ០០០ តោនកាលពីឆ្នាំ ២០១៧ កើនឡើង ១៤៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៦ ខណៈអ្នករកស៊ីនៅក្នុងវិស័យនេះបារម្ភថា ឧស្សាហកម្មនេះនឹងរងផលប៉ះពាល់ដោយការហាមឃាត់ប្រេងដូងរបស់សហភាពអឺរ៉ុប (EU)។
យោងតាមរបាយការណ៍បានពីអគ្គនាយកដ្ឋានកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញប្រេងដូងមិនទាន់កែច្នៃ ៤៤ ៧៣០ តោនទៅទីផ្សារអន្តរជាតិកាលពីឆ្នាំមុន ដែលកើនឡើងពី ១៨ ៣៩០ តោនកាលពីឆ្នាំ២០១៦។
ការកើនឡើងរបស់ឧស្សាហកម្មនេះនឹងទំនងជាងរងផលប៉ះពាល់ដោយការសម្រេចចិត្តរបស់សភា EU កាលពីថ្ងៃពុធ ក្នុងការកែទម្រង់បទប្បញ្ញត្តិរបស់ប្រទេសនេះជុំវិញការនាំចូលប្រេងដូង ហើយជាពិសេសច្បាប់ថ្មីនេះចែងថា នឹងហាមឃាត់ការប្រើប្រាស់ប្រេងដូងនៅក្នុងជីវៈឥន្ធនៈ ត្រឹមឆ្នាំ ២០២០។
ចម្ការប្រេងដូងជាច្រើនត្រូវបានធ្វើឡើងលើផ្ទៃដីដែលបំផ្លាញព្រៃឈើ ហើយក្រុមបរិស្ថានបានរិះគន់ការផលិតរបស់ដំណាំកសិកម្មនេះ។
ការសម្រេចចិត្តរបស់ EU អាចមានផលប៉ះពាល់យ៉ាងខ្លាំងលើតម្រូវការប្រេងលើពិភពលោក ប្រសិនបើច្បាប់នេះត្រូវបានផ្ដល់សច្ចាប័នដោយរដ្ឋាភិបាលអឺរ៉ុប ហើយវិធានការនេះបានធ្វើឲ្យមានការតវ៉ានៅក្នុងប្រទេសនាំចេញប្រេងដូងសំខាន់ៗដូចជាប្រទេសម៉ាឡេស៊ីជាដើម។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំនៃក្រសួងកសិកម្មបានថ្លែងថា ប្រេងដូងកម្ពុជាភាគច្រើនត្រូវបាននាំចេញទៅប្រទេសម៉ាឡេស៊ី។
លោក មុន្ធីវុធ ថ្លែងថា ជាមួយនឹងការហាមឃាត់ពី EU ជាទូទៅវានឹងប៉ះពាល់ដោយប្រយោលដល់ប្រទេសកម្ពុជា។លោកថ្លែងថា៖ «ខ្ញុំគិតថា ការកាត់បន្ថយពីEU នឹងប៉ះពាល់ដោយប្រយោលដល់ទីផ្សាររបស់យើង»។
ក្រុមហ៊ុននាំចេញប្រេងដូងឈានមុខគេរបស់ប្រទេសកម្ពុជា ជាការវិនិយោគរួមរវាងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងក្រុមហ៊ុន TCC Group របស់ប្រទេសថៃ បាននាំចេញប្រេងដូងមិនទាន់កែច្នៃប្រហែល ៣៧ ០០០ តោនកាលពីឆ្នាំមុន ដែលភាគច្រើនទៅប្រទេសអាស៊ី ប៉ុន្តែ ១៥ភាគរយនៃការនាំចេញនេះបាននាំចេញទៅ EU ផងដែរ។ នេះបើយោងតាមលោក ប្រាចាក់ គង់តានំថាំ អនុប្រធានផ្នែកលក់ និងទីផ្សារនៅក្រុមហ៊ុន Mong Reththy Investment Cambodia Oil Palm Co Ltd ។
លោក ប្រាចាក់ គង់តានំថាំ បានថ្លែងកាលពីម្សិលមិញថា ចំនួនការនាំចេញនោះបាននាំឲ្យមានកំណើនប្រាក់ចំណូល៧៣ភាគរយកាលពីឆ្នាំ២០១៦ ប៉ុន្តែលោកបានព្រមានថា ការហាមឃាត់របស់ EU នឹងទំនងជាធ្វើឲ្យធ្លាក់ចុះតម្លៃប្រេងដូង និងអាចបង្កឲ្យមានបញ្ហាប្រឈមសម្រាប់ឧស្សាហកម្មនេះ។
លោកថ្លែងថា ឧស្សាហកម្មប្រេងដូងនឹងទទួលរងផលប៉ះពាល់ដោយសារការកាត់បន្ថយការប្រើប្រាស់ពី EU ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ប៉ុន្តែក្រុមហ៊ុននឹងពិនិត្យមើលការប្រើប្រាស់របស់ប្រទេសឥណ្ឌា និងចិន។
លោកថ្លែងថា៖ «យើងនឹងពិនិត្យអ្វីនឹងកើតឡើងនៅក្នុងប្រទេសឥណ្ឌា និងចិន ថាតើពួកគេបង្កើនបរិមាណការប្រើប្រាស់ដែរឬអត់?»។
លោកបានបន្តថា៖ «យើងគួរតែស្វែងរករបៀបដែលអាចកាត់បន្ថយតម្លៃការផលិតរបស់យើង ជាពិសេសតម្លៃដឹកជញ្ជូន និងថាមពល»។ លោកកត់សម្គាល់ថា តម្លៃគឺ «ខ្ពស់ខ្លាំង» នៅក្នុងប្រទេសកម្ពុជា៕ LA