ភ្នំពេញៈ ឯកសារ​កិច្ច​សហ​ប្រតិបត្តិការរវាង​កម្ពុជា​និង​ចិន​ចំនួន​១៩ ត្រូវ​បាន​ចុះ​ហត្ថលេខានៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​ ទី១១ ខែ​មករា​នេះ​​រវាង​​ប្រទេស​ទាំង​ពីរ​ ក្រោម​អធិបតី​ភាព​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​​នាយករដ្ឋ​មន្ត្រី​ចិន​លោក លី ខឺឈាំង។

​ក្នុង​ចំណោម​ឯកសារ​ទាំង​អស់ ​​កិច្ច​ព្រមព្រៀង​​​ចំនួន​៩ អនុស្សារណៈនៃការ​យោគ​យល់​​​ចំនួន៧ លិខិត​​ប្តូរសារ​​ចំនួន២ និង​កិច្ច​សន្យា​​ចំនួន១ ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​រដ្ឋ​និង​រដ្ឋ រដ្ឋនិង​ឯកជន និង​​ឯកជន​និងឯក​ជន​រវាង​ប្រទេស​ទាំង​ពីរ។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា លោក​ លី បានមានប្រសាសន៍​​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​កម្ពុជា និង​ចិន​ ឲ្យ​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​ឡើងថែម​ទៀត ហើយ​ចិន​នឹង​បន្ត​ជួយ​កម្ពុជាថែម​ទៀត​ទៅ​លើវិស័យ​​នានា ដើម្បី​​ជំរុញ​ការ​​អភិវឌ្ឍ​កម្ពុជា។

លោក សុផល្លែត បាន​ថ្លែង​បន្តថា ក្នុ​ងឱកាស​នោះដែរ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​​បាន​ស្នើសុំ​ឲ្យភាគីចិន​បន្ត​ជួយ​ជំរុញភ្ញៀវ​​ទេសចរ​ចិន​ឲ្យ​មកទេសនា​​កម្ពុជា​ឲ្យ​កាន់​តែច្រើនឡើង​ និង​ស្នើ​​​ឲ្យ​ភាគី​ចិន​​ពិចារណា​នាំ​​ចេញ​ស្ករ​អំពៅ​ពី​កម្ពុជា​ផង​ដែរ ខណៈ​ដែល​ចំពោះ​ករណីនេះ ​លោក​ លី បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មរបស់​ប្រទេស​ទាំង​ពីរ​ពិភាក្សា​គ្នា​បន្ថែម​ទៀត​។

ឯកសារ​​​ទាំង ១៩​នេះ ​​​រួម​មាន​៖

១) អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ស្តី​ពី​​​ការ​លើក​កម្ពស់​បន្ថែម​ការ​អភិវឌ្ឍ​​មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេក​វិទ្យា​កម្ពុជា-ចិន។

២) អនុស្សារណៈ​នៃការ​យោគយល់​គ្នា​​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​លើក​កម្ពស់​គុណភាព​ផលិតផល។

៣) កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេទេស។

៤) លិខិត​ប្តូរសារ​ស្តីពី​គម្រោង​ជួស​ជុល​រាជរាំង​អង្គរ។

៥) លិខិត​ប្តូរសារ​ស្តីពី​ការ​ផ្តល់​ជូ​ន​បរិក្ខា​មួយ​កញ្ចប់។

៦) អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ស្តី​ពី​​​​គម្រោង​ «ដំណើរនៃ​ក្តី​ស្រលាញ់​ពី​បេះ​ដូង» នៅ​កម្ពុជា។

៧) អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ស្តី​ពី​​​​​ផែនការ​រួម​លើ​ការ​អភិវឌ្ឍកសិកម្ម​ទំនើប​នៅ​កម្ពុជា។

៨) អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ស្តី​ពី​​​​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងការ​ស្រាវ​ជ្រាវ​ដំណាំ​ស្រូវ។

៩) កិច្ច​ព្រមព្រៀង​ស្តីពីការ​អនុវត្ត​គម្រោង «ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​និង​អភិរក្ស​ពូជ​ឈើ​មានតម្លៃ​នៅកម្ពុជា»។

១០) កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​សាង​សង់​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០ គីឡូវ៉ុល​ដំណាក់​កាលទី​ ២។

១១) កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវ​ជាតិ​លេខ៣ (ចោមចៅ-បែកគូស-ក្រុង​កំពត)។

១២) អនុស្សារណៈ​នៃ​ការ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ទៅវិញ​ទៅមក។

១៣) កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះ​សីហនុ។

១៤) កិច្ច​ព្រមព្រៀង​ស្តីពី​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ។

១៥) អនុស្សារណៈ​នៃការ​យោគ​យល់គ្នា​ស្តីពី​ពាណិជ្ជកម្ម​អង្ករ។

១៦) កិច្ច​សន្យា​សម្រាប់​គម្រោង​សាង​សង់​ខ្សែ​បញ្ជូន​អគ្គិសនី ៥០០​គីឡូវ៉ុល​ជា​ឆ្អឹង​ខ្នង​សម្រាប់បណ្តាញ​ជាតិ និង​ភ្ជាប់​អនុតំបន់។

១៧) កិច្ច​ព្រម​ព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញថ្មី​ ប្រទេស​កម្ពុជា។

១៨) កិច្ច​ព្រមព្រៀង​ក្រប​ខ័ណ្ឌ​ស្តីពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ «តេជោ ១»។

១៩) កិច្ច​ព្រមព្រៀង​ស្តីពី​គម្រោង​វិនិយោគ​លើ​ការ​សាងសង់​ និង​ប្រតិបត្តិការ​កំពង់ផែ​ស្ទឹង​ហាវ។