Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឱកាស​កំណើន​ ធានា​រ៉ាប់រង​អាយុ​ជីវិត​ នៅ​តែ​ខ្ពស់

Content image - Phnom Penh Post
លោក David Nutman អគ្គនាយក​ក្រុម​ហ៊ុន Prudential Cambodia។ ហេង ជីវ័ន

ឱកាស​កំណើន​ ធានា​រ៉ាប់រង​អាយុ​ជីវិត​ នៅ​តែ​ខ្ពស់

ភ្នំពេញៈ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត Prudential Life Assurance មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​បាន​ចូល​ទីផ្សារ​កម្ពុជា​លើក​ដំបូង​ កាលពី​ឆ្នាំ​ ២០១៣ គឺ​នៅ​ពេល​ដែល​មនុស្ស​តិច​តួច​នៅ​ក្នុង​ប្រទេស​នេះ​បាន​ដឹង​ពី​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​ជា​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង​។

បន្ទាប់​ពី​ ការ​ធ្វើ​ជា​ដៃគូ​យ៉ាង​រហ័ស​ជាមួយ​ធនាគារ​ អេស៊ីលីដា ក្រុមហ៊ុន​ផ្ដល់​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ ពិភពលោក​មួយ​នេះ​បាន​រីក​ចម្រើន​ជា​លំដាប់​នៅ​កម្ពុជា​។

អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍ Kali Kotoski បាន​ជួប​ជាមួយ​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន Prudential Cambodia ដែល​បាន​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។

តើ​ក្រុមហ៊ុន ព្រូដិនសល បាន​រីក​ចម្រើន​ដូច​ម្ដេច ចាប់​តាំង​ពី​ក្រុមហ៊ុន​នេះ​បាន​ចូល​ទីផ្សារ​នេះ​ជា​លើក​ដំបូង​?

បច្ចុប្បន្ន​យើង​ប្រតិបត្តិការ​នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា​ជាង​១០០​។ ដូច្នេះ​យើង​កំពុង​ស្ថិត​ក្នុង​ទីក្រុង ខេត្ត និង​សង្កាត់​សំខាន់ៗ​។

កាលពី​ឆ្នាំ​ ២០១៤ យើង​បាន​ចាប់​ផ្ដើម​បង្កើត​ប្រតិបត្តិការ​ទីភ្នាក់ងារ​ផ្ទាល់ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ប្រសើរ​។ នៅ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ យើង​បាន​បើក​ការិយាល័យ​នៅ​ខេត្ត​បាត់ដំបង និង​សៀមរាប​។

ការិយាល័យ​ទាំង​នោះ​នាំ​ឲ្យ​យើង​ប្រតិបត្តិការ​ភ្នាក់ងារ​ដោយ​ផ្ទាល់​សរុប​របស់​យើង​ដល់​ ៣ ហើយ​យើង​សង្ឃឹម​ថា យើង​នឹង​មាន​ការិយាល័យ​កាន់​តែ​ច្រើន ដោយ​សារ​តែ​យើង​មាន​ការ​រីក​ចម្រើន​។

ទាក់ទង​នឹង​កំណើន​របស់​យើង កាលពី​ខែ​មិថុនា​ឆ្នាំ​នេះ​យើង​ទទួល​អ្នក​កាន់​ប័ណ្ណ​ធានា​រ៉ាប់រង​ ១០០ ០០០ នាក់​។ ការ​សម្រេច​បាន​ដូច​នោះ​ក្នុង​រយៈពេល​ប្រហែល​ ៤ ​ឆ្នាំ​ គឺជា​អ្វី​ដែល​យើង​មាន​សេចក្ដី​រីករាយ​ខ្លាំង​បំផុត​។

តើ​ចំនួន​នោះ​ស្រប​នឹង​ទិសដៅ​កំណត់​របស់​ក្រុមហ៊ុន ព្រូដិនសល សម្រាប់​ប្រទេស​កម្ពុជា​ទេ​?

ខ្ញុំ​មិន​អាច​និយាយ​ថា យើង​មាន​ទិសដៅ​កំណត់​សម្រាប់​ចំនួន​ប័ណ្ណធានា​រ៉ាប់រង​នោះ​ទេ​។ ពិត​ហើយ អតិថិជន​គឺ​សំខាន់​បំផុត​នៃ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​។ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ធ្វើ​ទីផ្សារ​ផលិតផល​ដែល​អតិថិជន​ត្រូវ​ការ ហើយ​យើង​មាន​សំណាង​ដែល​គំរូ​ជា​ភ្នាក់ងារ​កំពុង​ធ្វើ​ការ​ងារ​ឲ្យ​ពួក​យើង​បាន​ទាន់​ពេល​វេលា​។

តើ​អ្វី​ជា​ចក្ខុ​វិស័យ ដែល​អ្នក​មាន​សម្រាប់​ក្រុមហ៊ុន​ព្រូដិនសល​នៅ​ក្នុង​ប្រទេស​កម្ពុជា​?

ប្រទេស​កម្ពុជា​មាន​ប្រជាជន​១៥​លាន​នាក់ ហើយ​តាម​ចក្ខុ​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត ប្រទេស​នេះ​នៅ​តែ​មិន​គ្រប់គ្រាន់​។ ប្រជាជន​មាន​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​ទីនេះ​តិច​ជាង​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​។

រហូត​មក​ដល់​ពេល​នេះ​យើង​បារម្ភ​ពី​ទីផ្សារ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់ ដែល​មាន​ន័យ​ថា ឱកាស​សម្រាប់​កំណើន​មាន​ភាព​វិជ្ជមាន​។ ព្រូដិនសល ត្រូវ​ផ្ដោត​ខ្លាំង​លើ​អាស៊ី ជា​តំបន់​មាន​សារៈ​សំខាន់​នៃ​កំណើន​។

តើ​អ្នក​មើល​ឃើញ​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដូច​ម្ដេច​ដែរ ខណៈ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កាន់​តែ​ច្រើន​ចូល​មក​កម្ពុជា​?

ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​កំណើន​ដ៏​សំខាន់ ហើយ​គឺជា​ទីតាំង​ដ៏​ល្អ​នៃ​ការងារ​អាស៊ាន​របស់​យើង​។ វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​អ្នក​ផ្សេង​ទៀត​សម្លឹង​មើល​ទីផ្សារ​នេះ​នៅ​ក្នុង​ការ​យល់​ឃើញ​ដូច​គ្នា​ដែល​យើង​ធ្វើ​។ និយាយ​តាម​ត្រង់ ព្រូដិនសល​ស្វាគមន៍​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​នេះ​ដោយ​សារ​តែ​វា​ចាំបាច់​ត្រូវ​រីក​ចម្រើន​។

ជាទូទៅ ដោយ​មាន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​នៅ​ទីនោះ គួរ​តែ​មាន​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​កាន់​តែ​រហ័ស ដែល​ជា​ភាព​វិជ្ជមាន​មួយ​។

ដោយ​សារ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ជា​អាជីវកម្ម​រយៈពេល​វែង តើ​ពេល​ណា​អ្នក​នឹង​ទទួល​ប្រាក់​ចំណេញ​?

ប្រាក់​ចំណេញ​នឹង​ចូល​មក​នៅ​ពេល​ណា​មួយ​។ សម្រាប់​ពួក​យើង វា​និយាយ​អំពី​ការ​អនុវត្ត​យុទ្ធសាស្ដ្រ​របស់​យើង និង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​វិនិយោគ​ឡើង​វិញ​លើ​ប្រាក់​ចំណេញ​របស់​យើង​ក្នុង​ការ​ពង្រីក​ផលិតផល​របស់​យើង​។ ការ​ធានា​រ៉ាប់រង​គឺជា​អាជីវកម្ម​រយៈពេល​វែង ដូច្នេះ​ប្រាក់​វដ្ដ​នៃ​ចំណេញ​គឺ​ខុស​គ្នា​ខ្លាំង​ណាស់​។ យើង​បាន​ចាប់​ផ្ដើម​រឹងមាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​យើង​នៅ​តែ​កំពុង​ស្ថិត​ក្នុង​ការ​ចាប់​ផ្ដើម​វដ្ដ​ប្រាក់​ចំណេញ​របស់​យើង​។

តើ​កន្លែង​ណា​ដែល​អ្នក​មើល​ឃើញ​ប្រាក់​ចំណេញ​បាន​ពី​ប្រទេស​កម្ពុជា​ក្នុង​ការ​វិនិយោគ​ដ៏​មាន​សក្ដានុពល​នេះ​?

យើង​ផ្ដោត​លើ​ការ​ជួយ​អភិវឌ្ឍ​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​នឹង​ក្លាយ​ជា​អ្នក​ទិញ​ទ្រព្យសកម្ម​រួច​ហើយ​។ ប៉ុន្តែ​ជំហាន​ដំបូង​នឹង​បង្កើត​បរិយាកាស​នៅ​កន្លែង​ដែល​ទ្រព្យសកម្ម​ទាំង​នោះ​អាច​រីក​ចម្រើន​បាន​។

ដូច្នេះ​ មូល​បត្រ​បំណុល​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រួច​ហើយ​ក្នុង​ការ​អភិវឌ្ឍ ហើយ​យើង​នឹង​ធ្វើ​ការងារ​ដើម្បី​មើល​ឃើញ​ថា តើ​កម្មវិធី​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ឬទេ​? ខ្ញុំ​មិន​អាច​និយាយ​ថា យើង​នឹង​ជា​វិនិយោគិន​ដំបូង​នៅ​ក្នុង​មូល​បត្រ​បំណុល​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ទីផ្សារ​មូល​បត្រ​បំណុល​អភិវឌ្ឍ របៀប​ដែល​ទីផ្សារ​នេះ​មាន​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ថៃ បន្ទាប់​មក​ច្បាស់​ហើយ​ថា នឹង​ជា​ទ្រព្យសកម្ម​ដ៏​មាន​សក្ដានុពល​នៅ​ទីនេះ​។

តើ​ការ​ធ្វើ​ដៃគូ​ជាមួយ​ធនាគារ​អេស៊ីលីដា​មាន​ដំណើរ​ការ​ដូច​ម្ដេច​ដែរ​?

និយាយ​តាម​ត្រង់ យើង​មាន​ភាព​ជា​ដៃ​គូ​យោង ដែល​ធនាគារ​អេស៊ីលីដា ជា​បំពង់​បញ្ចូល​អតិថិជន​ឲ្យ​ពួក​យើង​។ ធនាគារ អេស៊ីលីដា​ត្រូវ​បាន​គោរព​បាន​យ៉ាង​ល្អ​ជាមួយ​ទំនាក់​ទំនង​ដ៏​ល្អ​នៅ​ក្នុង​សហគមន៍ ព្រម​ទាំង​មាន​ភាគ​ហ៊ុនិក​បរទេស​ជាច្រើន​។ ជា​មួយ​គ្នា​នេះ យើង​កាន់​តែ​ខ្លាំង​ក្នុង​ការ​ផ្ដល់​ដល់​អតិថិជន​របស់​ពួក​គេ​នូវ​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​។

បើ​ប្រទេស​កម្ពុជា​បង្កើត​បទ​ប្បញ្ញត្តិ​សម្រាប់​ធនាគារ​ជាច្រើន​ក្នុង​ការ​លក់​ផលិតផល​របស់​អ្នក តើ​នឹង​ជួយ​ជំរុញ​កំណើន​ដូច​ម្ដេច​?

មាន​គំរូ​សម្រាប់​ធនាគារ​លក់​ផលិតផល​ធានា​រ៉ាប់រង​ខុសៗ​គ្នា​ជាច្រើន​។ គំរូ​មួយ​អាច​ដំណើរ​ការ​នៅ​កន្លែង​មួយ តែ​មិន​ដំណើរ​ការ​នៅ​កន្លែង​ផ្សេង​ទៀត ហើយ​ទោះបី​ជា​នៅ​ក្នុង​អាស៊ី​ក៏​ដោយ ក៏​យើង​បាន​មើល​ឃើញ​គំរូ​ខុស​ប្លែក​គ្នា​ដែរ​។

ដូច​នេះ អ្វី​ដែល​កម្ពុជា​ត្រូវ​ការ​គឺជា​គំរូ​មួយ​ដែល​ត្រឹម​ត្រូវ​សម្រាប់​ជំហរ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ទីផ្សារ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ហើយ​ដើម្បី​នាំ​យក​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដល់​មហាជន វា​ត្រូវ​ការ​បណ្ដាញ​ចែក​ចាយ​កាន់​តែ​ច្រើន​។

សំណាង​ល្អ ព្រូដិនសល ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​គ្នា​ជាច្រើន​នៅ​ក្នុង​ដំណាក់កាល​ខុស​គ្នា​នៃ​ការ​អភិវឌ្ឍ ដូច​នេះ​យើង​បាន​រៀន​សូត្រ​ដើម្បី​ធ្វើ​ឲ្យ​រីក​ចម្រើន និង​ទទួល​យក​បទ​ប្បញ្ញតិ្ត​ក្នុង​ស្រុក ទោះបី​ជា​បទ​ប្បញ្ញតិ្ត​នោះ​ផ្លាស់​ប្តូរ​ក៏​ដោយ​។ ប៉ុន្តែ​ការ​ចែក​ចាយ​គឺ​នៅ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​អាជីវ​កម្ម​នេះ​៕ LA

0

Comments

Please, login or register to post a comment