ក្រុង​អូតាវ៉ាៈ ឱនភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​ កាណាដា ​បាន​កើន​ឡើង​ដល់​ ៣,២ ​ពាន់​លាន​ដុល្លារ​ កាណាដា (២,៦​ ពាន់​លាន​ដុល្លារអាមេរិក) កាលពី​ខែធ្នូ​ដោយ​បាន​បញ្ចប់​ឆ្នាំ ​២០១៧ ជា​មួយ​នឹង​ការ​ធ្លាក់ចុះ​ពាណិជ្ជកម្ម​ជាមួយ​​​សហរដ្ឋ​អាមេរិក។ នេះ​បើយោង​តាម​ទីភ្នាក់​ងារ​ស្ថិតិ​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃអង្គារ។​

តួលេខ​នេះ បាន​កើន​ឡើង​បើ​ធៀប​នឹង​ឱនភាព​ចំនួន ២,៧​ ពាន់​លាន​ដុល្លារ​កាណាដា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា និង​មាន​កម្រិត​ខ្ពស់​ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នកវិភាគ​ដែល​បាន​ព្យាករ​ថា​អាច​នឹង​មាន​ចំនួន​តែ ២,២​ ពាន់​លាន​ដុល្លារ​កាណាដា។​

យោង​តាម​ការិយាល័យ​ស្ថិតិ​របស់​ប្រទេស​កាណាដា ការ​នាំ​ចូល​សរុប​បាន​កើន​ឡើង ១,៥ ​ភាគ​រយ​ដល់​កម្រិត​ខ្ពស់​បំផុត ៤៩,៧​ ពាន់​លាន​ដុល្លារ​កាណាដា​កាលពី​ខែ​ធ្នូ ទន្ទឹម​នឹង​នោះ​ដែរ​​ការ​នាំ​ចេញ​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​បី​ខែ​ជាប់គ្នា ដោយ​បានកើនឡើង ០,៦ ​ភាគ​រយ ដល់ ៤៦,៥ ​ពាន់​លាន​ដុល្លារ​កាណាដា។ ​​​

កំណើន​នាំចេញ​និង​នាំចូល​របស់​ប្រទេស​នេះ ត្រូវ​បាន​នាំ​មុខ​ដោយ​ផលិតផល​ថាមពល។​​

ការ​នាំ​ចូល​ប្រេង​ឆៅ និង​កៅស៊ូ​ក្រាល​ថ្នល់ បាន​កើន​ឡើង ២៣,៩​ ភាគ​រយ ខណៈ​ការ​នាំ​ចូល​ផលិត​ផល​ថាមពល​ប្រេង​សាំង​ដែល​​ចម្រាញ់​រួច បាន​កើន​ឡើង ១៧,៨ ​ភាគ​រយ ភាគ​ច្រើន​ដោយ​សារ​ការ​នាំ​ចូល​ប្រេង ​ម៉ាស៊ូត និង​ប្រេង​ឥន្ទនៈកាន់​តែ​ខ្ពស់។​

ការ​នាំ​ចូល​ឈើហ៊ុប រ៉ែ គ្រឿង​ម៉ាស៊ីន​បម្រើ​ឲ្យ​វិស័យ​សំណង់ និង​ឧបករណ៍​ផ្សេងៗ ក៏​បាន​កើន​ឡើង​​​ដល់​កម្រិត​ខ្ពស់​បំផុត ៨៩៧​ លាន​ដុល្លារ​កាណាដា។

ពាណិជ្ជកម្ម​រួម​ជា​មួយ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​នៅខែ​ធ្នូ ដែល​ធ្វើ​ឲ្យ​មាន​កំណើន​អតិរេក​ពាណិជ្ជកម្ម​បន្តិច​ដែល​មាន​ចំនួន ៣,៤ ​ពាន់​លាន​ដុល្លារ​ការណា៕ AFP/BP