ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​ចំនួន​ប្រាំ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​រួម​មាន​ទាំង​កម្ចី និង​ជំនួយ​ឥត​សំណង មាន​ទឹក​ប្រាក់​សរុប ១៨០ លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​គម្រោង​៣​នៅ​កម្ពុជា​ដែល​សុទ្ធសឹង​ជា​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​។

កិច្ច​ព្រម​ព្រៀង​ទាំង​៥ ដែល​រួមមាន​កម្ចី​សម្បទាន​ចំនួន ៣ និង​ជំនួយ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Samiuela Tukuafu នាយក​ប្រចាំ​ប្រទេស ADB នៅ​កម្ពុជា​។

កិច្ច​ព្រម​ព្រៀង​ទាំង​អស់​គឺ​ដើម្បី​ដំណើរការ​គម្រោង ​៣ ​រួម​មាន ការ​គាំទ្រ​ដល់​ការ​កែលម្អ​ផ្លូវ​ថ្នល់ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​តាម​ខេត្ត និង​អភិវឌ្ឍ​កសិកម្ម​ខ្នាត​តូច ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើក​ឡើង​បន្ទាប់​ពី​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​កាលពី​ម្សិលមិញ​ថា ហិរញ្ញប្បទាន​ទាំង​អស់​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដើម្បី​រក្សា​ទំនុក​ចិត្ត​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

លោក​ថ្លែងថា​៖ «​គម្រោង​ទាំង​ ៣​ នេះ​សុទ្ធ​តែ​មាន​គោលដៅ​រួម គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​ទាំង​នៅ​ទី​ប្រជុំជន និង​ទាំង​ទី​ជនបទ​»​។

គម្រោង​ទី១​ដែល​មាន​ទឹក​ប្រាក់​កម្ចី​ចំនួន ៧០​ លាន​ដុល្លារ គឺ​សម្រាប់​កែលម្អ​កំណាត់​ផ្លូវ​ជាតិ​ប្រវែង ១៤៧ ​គីឡូម៉ែត្រ​នៅ​ក្នុង​ខេត្ត​ព្រៃវែង សៀមរាប និង​ស្វាយរៀង​។

គម្រោង​ទី២​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៥០​ លាន​ដុល្លារ រួម​នឹង​ជំនួយ​ឥត​សំណង​ចំនួន ១០​ លាន​ដុល្លារ ដែល​បាន​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ធនាគារ ADB គឺ​សម្រាប់​ការ​ពង្រីក និង​ការ​កែ​លម្អ​ការ​ផ្គត់​ផ្គត់​ទឹក​នៅ​ខេត្ត​បាត់ដំបង កំពង់ចាម សៀមរាប និង​ព្រះសីហនុ ដែល​សង្ឃឹម​ថា នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​ជាង ២០៩ ០០០​ នាក់​។

កិច្ច​ព្រម​ព្រៀង​ទី​៣ ដែល​រួម​មាន​កម្ចី ៤៥,៧​ លាន​ដុល្លារ និង​ជំនួយ​ឥត​សំណង ៤,៣ ​លាន​ដុល្លារ​ពី​ធនាគារ ADB គឺ​សម្រាប់​កែ​លម្អ​ផលិតភាព​កសិកម្ម និង​ធ្វើ​ពិពិធ​កម្ម​នៃ​សេដ្ឋកិច្ច​នៅ​តំបន់​អាង​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​កសិករ​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និង​ត្បូង​ឃ្មុំ។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​លម្អិត​កាលពី​ម្សិលមិញ​ទាក់ទង​នឹង​អត្រា​ការ​ប្រាក់​កម្ចី​នេះ លោក Samiuela Tukuafu មិន​បាន​ផ្ដល់​តួលេខ​ពិតប្រាកដ​ស្ដីពី​អត្រា​កម្ចី​នេះ​ទេ ប៉ុន្តែ​លោក​ថ្លែង​ថា អត្រា​ការ​ប្រាក់​កម្ចី​ទាំង​អស់​គឺជា​អត្រា​ការ​ប្រាក់​សម្បទាន​។ លោក​បន្ថែម​ថា ភាគ​ច្រើន​នៃ​កម្ចី​ទាំង​នេះ​គឺ​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

លោក​ថ្លែង​ថា​៖ «​យើង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហការ​រី​របស់​យើង​នៅក្នុង​រដ្ឋាភិបាល ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​លើ​គម្រោង​ទាំង​៣​នេះ ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​»​។

យោង​តាម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា​ថា ដោយ​រួម​បញ្ចូល​ទាំង​កិច្ច​ព្រម​ព្រៀង​ហិរញ្ញវត្ថុ​ថ្មី​ដែល​ទើប​នឹង​ចុះ​ហត្ថលេខា​ កាលពី​ម្សិលមិញ​នេះ ធនាគារ ADB បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​កម្ពុជា​សរុប​ចំនួន ២,៧៥​ ពាន់​លាន​ដុល្លារ​ហូត​មក​ដល់​ពេល​នេះ ដែល​ក្នុង​ចំនួន​នោះ ទឹក​ប្រាក់​ចំនួន ២,២៩ ពាន់​លាន​ដុល្លារ​ជា​កម្ចី​សម្បទាន ខណៈ ៤៥៥ ​លាន​ដុល្លារ​ជា​ជំនួយ​ឥត​សំណង​។

រហូត​ដល់​ចុង​ឆ្នាំ​ ២០១៦ បំណុល​សរុប​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រហែល ៦,៤៥ ​ពាន់​លាន​ដុល្លារ ឬ​ប្រហែល ៣២​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ប្រទេស​។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​សិ្ថតិ​បំណុល​សាធារណៈ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​របាយ​ការណ៍​រូបិយវត្ថុ​អន្តរជាតិ (IMF) កាល​ពី​ឆ្នាំ​ ២០១៧៕ LA