ភ្នំពេញៈ ក្រុមហ៊ុន​រុករក​រ៉ែ Angkor Gold Corp នឹង​ជំរុញ​ឆ្ពោះ​ទៅ​រក​ដំណាក់កាល​ទី​ ២ ​នៃ​កម្មវិធី​រុករក​រ៉ែ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​មាន​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏រឹងមាំ​នៃ​ទីតាំង​រ៉ែ​ស្ពាន់ និង​ប្រាក់​នៅ​ក្នុង​គម្រោង Halo​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

អនុប្រធាន​ប្រតិបត្តិការ​នៅ​ក្រុមហ៊ុន Angkor Gold បាន​ពន្យល់​ថា​នេះ​គឺជា​គម្រោង​ដ៏សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​។ លោក​ថ្លែង​ថា​៖ «​លទ្ធផល​វិជ្ជមាន​ដែល​បាន​បង្ហាញ​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ជុំ​ដំបូង​ដែល​យើង​បាន​ខួង​រុករក​ជម្រៅ​ ១ ៨០០ ​ម៉ែត្រ​»​។

លោក​បន្ថែម​ថា​ដំណាក់កាល​នៃ​កម្មវិធី​ទី​ ២ ​នេះ​នឹង​មាន​ការ​ខួង​រុករក ១ ២០០ ​ម៉ែត្រ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ទទួល​បាន​លទ្ធផល​វិជ្ជមាន ហើយ​ការងារ​នេះ​បាន​កំណត់​ដំណាក់កាល​សម្រាប់​ដំណាក់កាល​ទី​ ២ ​​។ យើង​ពិតជា​អាច​បង្កើត​គំរូ​នៃ​ប្រព័ន្ធ​នេះ​»​។ លោក​ថ្លែង​ថា​៖ «​វា​នៅ​តែ​ជា​ការ​ចាប់ផ្តើម ប៉ុន្តែ​ខ្ញុំ​មាន​សុទិដិ្ឋនិយម​។ វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»​។

លោក​បាន​បន្ត​ថា​៖ «​រ៉ែ​ទាំង​នេះ [​ដែល​ក្រុមហ៊ុន Angkor បាន​រកឃើញ​តាម​ការ​ចង្អុល​បង្ហាញ​ដែល​មាន​ស្រាប់​] គឺ​មិន​តិច​នោះ​ទេ ជាធម្មតា​រ៉ែ​ទាំង​នោះ​គឺជា​រ៉ែ​ដ៏ធំ​ជាង​គេ​។ នេះ​អាច​ជា​គម្រោង​ដ៏ធំ​សម្រាប់​ទាំង​ពួកយើង និង​ប្រទេស​កម្ពុជា​»​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​គម្រោង​នេះ​នៅ​ក្នុង​ផែនការ​រយៈពេល​វែង យើង​គ្រាន់​តែ​ត្រូវការ​ដៃគូ​មាន​ដើមទុន​ច្រើន​ដើម្បី​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​តែ​ប៉ុណ្ណោះ​»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​គ្រោង​ចាក់​បញ្ចូល​សាច់ប្រាក់ ១ ​លាន​ដុល្លារ​ក្នុង​ការ​បង្កើន​គំរូ និង​ការ​ធ្វើ​ផែនទី​ភូមិសាស្ដ្រ​របស់​ខ្លួន​រហូត​ដល់​ខែ​មីនា​។

ក្រុមហ៊ុន​នឹង​ធ្វើ​ការងារ​រួម​​ជាមួយ​ក្រុមហ៊ុន​ដៃគូ​រុករក​រ៉ែ សហប្រតិបត្តិការ​ប្រេង ឧស្ម័ន និង​លោហធាតុ​របស់​ជប៉ុន (JOGMEC) ស្ថិត​ក្រោម​អាជ្ញាប័ណ្ណ​ផ្ដាច់មុខ​អូរយ៉ាដាវ​ខាង​ត្បូង​របស់​ក្រុមហ៊ុន Angkor នៅ​ក្នុង​ខេត្ត​រតនគិរី​ដែល​បាន​ផ្ដល់​កាលពី​ឆ្នាំ​មុន​។

លោក​បន្ថែម​ថា​ក្រុមហ៊ុន JOGMEC បាន​សន្យា​មូលនិធិ​ ១​ ​លាន​ដុល្លារ​នេះ​ដើម្បី​ចំណាយ​លើ​សម្ភារ​ជា​មុន​ដល់​ថ្ងៃ​ទី​ ៣១ ខែ​មីនា​។ លោក​ថ្លែង​ថា​លោក​មាន​ទំនុក​ចិត្ត​លើ​ដំណាក់កាល​ទី​ ៣ ​នៃ​ការ​រុករក​រ៉ែ​ និង​ទំនង​ជា​ចាប់ផ្ដើម​នៅ​ខែ​កក្កដា​នៅ​ដើម​រដូវវស្សា​។ លោក​បាន​បន្ត​ថា​៖ «​ដំណាក់កាល​នីមួយៗ​កាន់តែ​សំខាន់​ឡើងៗ និង​អនុញ្ញាត​ឲ្យ​ពួកយើង​ត្រូវ​ផ្ដោត​កាន់តែ​ខ្លាំង​លើ​ការ​ខួង​រក​រ៉ែ​»​។

លោក​បាន​ថ្លែង​ថា​៖ «​អ្វី​ដែល​យើង​មើលឃើញ [​នៅក្នុង​ប្រទេស​កម្ពុជា​] គឺ​កម្រិត​ខ្ពស់​នៃ​អត្ថប្រយោជន៍​ដោយសារ​តែ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​រួច​ហើយ​នៅ​ទី​នេះ​រហូត​មក​ដល់​ពេល​នេះ​។ នៅ​ពេល​វិនិយោគិន​យល់​ថា​មាន​រ៉ែ​នៅ​ទី​នេះ ពួកគេ​នឹង​ចាប់ផ្ដើម​ចូល​មក​ដែល​បង្កើត​ប្រទេស​កម្ពុជា​ជា​ទិសដៅ​ដ៏ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​រុករក​រ៉ែ​»​។ លោក​បន្ត​ថា​៖ «​នេះ​ប្រហែល​ជា​ការ​ចាប់​ផ្ដើម​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ដំណើរការ​ឧស្សាហកម្ម​រុករក​រ៉ែ​របស់​ខ្លួន​ឆ្ពោះ​ទៅ​មុខ​»​។

លោក យស មុនីរ័ត្ន អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​គម្រោង​នេះ​បង្ហាញ​ពី​ភាព​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​បាទ នេះ​គឺជា​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​ដោយ​វិជ្ជមាន​»​។

លោក​បន្ថែម​ថា​ ​ក្រសួង​កំពុង​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ឧស្សាហកម្ម​រុករក​រ៉ែ​។

លោក Richard Stanger ប្រធាន​សមាគម​ក្រុមហ៊ុន​រ៉ែ និង​ការ​រុករក​រ៉ែ​នៅ​កម្ពុជា (CAMEC) បាន​ថ្លែង​ថា​នេះ​គឺជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ជា​វិជ្ជមាន​សម្រាប់​ការ​រុករក​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ថែម​ថា ​ខណៈ​បច្ចុប្បន្ន​ការ​រុករក​រ៉ែ​បន្តិចបន្តួច​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដំណើរការ​បទ​ប្បញ្ញត្តិ​ត្រូវ​បាន​ធ្វើ​ឡើង​កាន់តែ​រលូន​ដោយ​រដ្ឋាភិបាល​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ចូល​ក្នុង​ឧស្សាហកម្ម​នេះ​។

ក្រុមហ៊ុន​រុករក​រ៉ែ​របស់​អូស្ត្រាលី Medusa Mining កាលពី​សប្តាហ៍​មុន​ក៏​បាន​ប្រកាស​ផែនការ​ចាប់ផ្ដើម​រុករក​រ៉ែ​មាស ស្ពាន់ និង​ប្រេង​នៅ​ក្នុង​ឃុំ​ព្រែកកាំពី​របស់​ខេត្ត​ក្រចេះ​ដែល​លាត​សន្ធឹង​ប្រហែល​ ៣៥ ​គីឡូម៉ែត្រ​នៃ​ទន្លេមេគង្គ​ជា​កន្លែង​ត្រី​ផ្សោត​ទន្លេ​ជិត​ផុត​ពូជ​រស់នៅ​ផង​ដែរ​។

ក្រុមហ៊ុន Medusa Mining បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU) ជាមួយ​ក្រុមហ៊ុន Sea Resources ដែល​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​រុករក​នៅ​ព្រែក​កាំពី​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​។ តំបន់​ព្រែក​កាំពី​គឺជា​កន្លែង​សត្វ​ផ្សោត​ទន្លេ Irrawaddy ដែល​ជិត​ផុត​ពូជ​រស់នៅ​ក្នុង​នោះ​មាន​ប្រហែល​ ៨០ ​ក្បាល​ក្នុង​ទន្លេមេគង្គ​៕ LA