សិង្ហបុរីៈ ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា នាយកដ្ឋាន​ផ្នែក​សេវា​សកលលោក​របស់​ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃ​ជិត​ ១ ​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ពិព័រណ៍​យន្តហោះ​ក្នុង​ប្រទេស​សិង្ហបុរី លើ​វិស័យ​ជាច្រើន​ដូចជា​គ្រឿង​បន្លាស់ ការ​ថែទាំ ការ​ជួសជុល និង ការ​បណ្ដុះបណ្ដាល​។

កិច្ចព្រមព្រៀង​នេះ​បញ្ជាក់​ពី​កំណើន​ដ៏មាន​សារៈសំខាន់​នៃ​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏ធំ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

លោក Stan Deal ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boeing Global Services បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន Boeing មាន​បំណង​ជួយ​ឲ្យ​អតិថិជន​មាន​សុទិដ្ឋិនិយម​លើ​ប្រតិបត្តិការ​នៃ​ក្រុម​យន្តហោះ​របស់​ខ្លួន និង​កាត់បន្ថយ​ការ​ចំណាយ​លើ​ប្រតិបត្តិការ​»​។

ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ទាំង​នោះ​គឺ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ដើម្បី​ទទួល​បាន​ឧបករណ៍​ជួសជុល​ពី​ក្រុម​ផ្លាស់ប្តូរ​ដែល​ថែទាំ​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាកាសចរណ៍​ឈាន​មុខ​គេ​របស់​អាមេរិក​មួយ​នេះ​។

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី Singapore Airlines បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ប្រើប្រាស់​បញ្ជី​សៀវភៅ​អេឡិចត្រូនិក​សម្រាប់​កត់​ហេតុការណ៍​នៅ​លើ​យន្តហោះ Boeing 777 និង​យន្តហោះ Boeing 787 របស់​ខ្លួន​។

ក្រុមហ៊ុន​មិន​បាន​ផ្ដល់​តម្លៃ​នីមួយៗ​សម្រាប់​កិច្ចព្រមព្រៀង​ទាំង​នោះ​ទេ ប៉ុន្តែ​បាន​ថ្លែង​ថា​កិច្ចព្រមព្រៀង​ទាំង​នោះ​មាន​តម្លៃ​សរុប​ជាង​ ៩០០ ​លាន​ដុល្លារ​។

ក្រុមហ៊ុន​ដៃគូ​ប្រកួត​ប្រជែង​អឺរ៉ុប​របស់​ខ្លួន Airbus បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ការ​ធ្វើ​ចរាចរណ៍​ផ្លូវ​អាកាស​នឹង​កើនឡើង​ ៣ ​ដង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ក្រោយ​ដែល​ធ្វើឲ្យ​តំបន់​នេះ​ក្លាយ​ជា​ទីផ្សារ​អាកាសចរណ៍​ធំ​ជាង​គេ​របស់​ពិភពលោក​។

តំបន់​នេះ​នឹង​ត្រូវការ​យន្តហោះ​ថ្មី ១៤ ៤៥០ ​គ្រឿង​ក្នុង​អំឡុង​ពេល​នោះ ដែល​មាន​តម្លៃ​រួច ២,៣ ​ពាន់​ពាន់​លាន​ដុល្លារ​។

តម្លៃ​នេះ​មាន​ចំនួន​ជាង​ ៤០ ​ភាគរយ​នៃ​តម្រូវការ​ពិភពលោក​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Airbus​។

ពិព័រណ៍​យន្តហោះ​នៅ​ប្រទេស​សិង្ហបុរី​ដែល​ជា​ព្រឹត្តិការណ៍​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ ២ ​ឆ្នាំ​ម្ដង ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ថ្លែង​ថា​ពួកគេ​មិន​រំពឹង​ថា​នឹង​មាន​ការ​បញ្ជា​ទិញ​យន្តហោះ​សំខាន់ៗ​នោះ​ទេ​នៅ​ក្នុង​ពិព័រណ៍​យន្តហោះ​ឆ្នាំ​នេះ​៕ LA