ក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន Broadcom ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានកាត់បន្ថយតម្លៃទិញយកក្រុមហ៊ុនផលិតបន្ទះឈីបគ្រឿងអេឡិចត្រូនិកចល័ត Qualcomm ក្នុងគ្រាដែលក្រុមហ៊ុនអាមេរិកមួយនេះបានដំឡើងតម្លៃដេញថ្លៃទិញយកក្រុមហ៊ុន NXP របស់ហូឡង់។
ក្រុមហ៊ុន Broadcom បានទម្លាក់តម្លៃដែលខ្លួនបានផ្តល់ឲ្យក្រុមហ៊ុន Qualcomm ពី ៨២ ដុល្លារមកនៅត្រឹម ៧៩ ដុល្លារក្នុងមួយហ៊ុនដែលនឹងនៅតែជាកិច្ចព្រមព្រៀងដែលមានតម្លៃខ្ពស់បំផុតក្នុងវិស័យបច្ចេកវិទ្យាដដែល បើកិច្ចព្រមព្រៀងនេះត្រូវបញ្ចប់នៅតម្លៃប្រមាណ ១១៧ ពាន់លានដុល្លារ។
ការទម្លាក់តម្លៃនេះកើតមានឡើងក្នុងគ្រាដែលមានការឃ្លាំមើលយ៉ាងខ្លាំងទៅលើសំណើទិញក្រុមហ៊ុន Qualcomm នេះដែលអាចនឹងផ្លាស់ប្តូរវិស័យផលិតបន្ទះឈីបដែលកំពុងរីកចម្រើនខ្លាំងនេះ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវសម្រេចបាន។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Broadcom បានឲ្យដឹងថា ការផ្តល់តម្លៃនេះត្រូវបានកាត់បន្ថយដោយសារ «ក្រុមប្រឹក្សារបស់ក្រុមហ៊ុន Qualcomm បានប្រព្រឹត្តជំទាស់នឹងអត្ថប្រយោជន៍ដ៏ល្អបំផុតរបស់ភាគហ៊ុនិករបស់ខ្លួន តាមរយៈការផ្ទេរដោយឯកតោភាគីនូវតម្លៃដ៏លើសលប់ទៅឲ្យភាគហ៊ុនិកសកម្មរបស់ក្រុមហ៊ុន NXP»។
ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបទូរស័ព្ទទំនើបល្បីឈ្មោះបានងាកមកទប់ស្កាត់កិច្ចប្រឹងប្រែងទិញយកក្រុមហ៊ុនខ្លួនដោយក្រុមហ៊ុន Broadcom ហើយកាលពីសប្តាហ៍មុនបានច្រានចោលសំណើផ្តល់តម្លៃលើកចុងក្រោយចំនួន ៨២ ដុល្លារក្នុងមួយហ៊ុនដោយលើកឡើងថា វាជាតម្លៃទាបពេក។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ានេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សំណើសុំទិញយកក្រុមហ៊ុនដែលត្រូវបានបន្ថយតម្លៃរបស់ក្រុមហ៊ុន Broadcom បានធ្វើឲ្យការផ្តល់តម្លៃមិនគ្រប់គ្រាន់នេះកាន់តែស្ថិតក្នុងស្ថានភាពអាក្រក់ថែមទៀត បើទោះជាមានការដំឡើងតម្លៃច្បាស់លាស់ចំពោះភាគហ៊ុនិករបស់ក្រុមហ៊ុន Qualcomm តាមរយៈការផ្តល់ភាពប្រាកដប្រជាចំពោះការទិញយកក្រុមហ៊ុន NXP ក្តី»។
ក្រុមហ៊ុន Qualcomm បានលើកឡើងថា ការផ្តល់តម្លៃ ៧៩ ដុល្លារក្នុងមួយហ៊ុន ធ្វើឲ្យតម្លៃក្រុមហ៊ុននេះទាបជាងទីផ្សារ ហើយមិនបានពិចារណាពីអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុដែលក្រុមហ៊ុនខ្លួននឹងទទួលបានពីការទិញយកក្រុមហ៊ុន NXP នោះទេ។
កាលពីថ្ងៃអង្គារក្រុមហ៊ុន Qualcomm បានដំឡើងការផ្តល់តម្លៃរបស់ខ្លួនរហូតដល់ ៤៣ ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន NXP ក្នុងគោលបំណងបន្ធូរបន្ថយក្តីបារម្ភរបស់វិនិយោគិនមួយចំនួនរបស់ក្រុមហ៊ុន NXP និងដើម្បីសម្រេចភាពជាដៃគូដែលនឹងធ្វើឲ្យការទិញយកក្រុមហ៊ុន Qualcomm ពីសំណាក់ក្រុមហ៊ុន Broadcom មិនសូវមានភាពទាក់ទាញ។
ក្រុមហ៊ុន Broadcom បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនរបស់ខ្លួននៅតែប្តេជ្ញាចិត្តទិញយកក្រុមហ៊ុន Qualcomm ហើយការផ្តល់តម្លៃទិញយកក្រុមហ៊ុននេះជាសាច់ប្រាក់ និងជាភាគហ៊ុននឹងត្រូវដំឡើងដល់ ៨២ ដុល្លារក្នុងមួយហ៊ុនវិញ បើក្រុមហ៊ុន Qualcomm មិនអាចទិញយកក្រុមហ៊ុន NXP បាន។
ក្រុមហ៊ុន Broadcom បន្តថា៖ «ក្រុមហ៊ុននៅតែមានទំនុកចិត្តថា ភាគហ៊ុនិករបស់ Qualcomm នឹងបន្តគាំទ្រចំពោះសំណើរបស់ខ្លួន ដើម្បីទិញយកក្រុមហ៊ុន Qualcomm»៕ BP