ក្រុងញូវយ៉កៈ ក្រុមហ៊ុន Ford បាន​បណ្តេញ​លោក Raj Nair ប្រធាន​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាមេរិក​ខាង​ជើង​ចេញពី​តំណែង នៅ​ពេល​មាន​ការ​ចោទប្រកាន់​ពីបទ «​មាន​ឥរិយាបថ​មិន​សមរម្យ​» របស់​មន្ត្រី​ប្រតិបត្តិ​រូប​នេះ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ធំ​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​កាលពី​ថ្ងៃ​ពុធ​។

ក្រុមហ៊ុន Ford មិន​បាន​ប្រកាស​ពី​ព័ត៌មាន​លម្អិត​ទេ តែ​បាន​ឲ្យ​ដឹង​ថា ការ​វាយតម្លៃ​មួយ «​បាន​សម្រេច​ពី​ឥរិយាបថ​ជាក់លាក់​របស់​លោក Nair ដែល​ផ្ទុយ​ពី​ក្រមសីលធម៌​របស់​ក្រុមហ៊ុន​»​។

លោក Nair បាន​បម្រើការ​នៅ​ក្រុមហ៊ុន Ford ក្នុង​ឆ្នាំ ១៩៨៧ និង​បាន​កាន់​តំណែង​ជាន់ខ្ពស់​ជាច្រើន​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​ទី​​ ២ ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ នៅ​មុន​ពេល​ចាត់តាំង​ឲ្យ​ដឹកនាំ​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាមេរិក​ខាង​ជើង​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៧​។

លោក​ក៏​បាន​កាន់តំណែង​ជា​អនុប្រធាន​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន​នេះ​ផង​ដែរ​។

លោក Jim Hackett នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​យើង​បាន​សម្រេច​បែប​នេះ បន្ទាប់ពី​ការ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ និង​ការ​ពិចារណា​ដ៏ប្រុងប្រយ័ត្ន​»​។

លោក​បាន​ថ្លែង​បន្ថែម​ថា​៖ «​ក្រុមហ៊ុន Ford ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំងក្លា​ទៅ​នឹង​ការ​ផ្តល់​ និង​បង្កើត​នូវ​វប្បធម៌​សុវត្ថិភាព​ដោយ​ការគោរព ហើយ​យើង​រំពឹង​ថា មេដឹកនាំ​របស់​យើង​នឹង​ប្រកាន់​ខ្ជាប់​ទាំង​ស្រុង​នូវ​តម្លៃ​ទាំងនេះ​»​។

លោក Nair បាន​បង្ហាញ​ពី​ការ​ស្តាយ​ក្រោយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​ហេតុការណ៍​មួយ​ចំនួន​កើតឡើង​ដែល​ខ្ញុំ​មិន​បាន​បង្ហាញ​ពី​ឥរិយាបថ​ក្នុង​នាម​ជា​មេដឹកនាំ​ស្រប​តាម​គោលការណ៍​ដែល​ក្រុមហ៊ុន និង​រូបខ្ញុំ​ផ្ទាល់​តែងតែ​គាំទ្រ​នោះ​»៕ BP