Search

Search form

Grab ​ផ្តល់​សេវា​ហៅ​ម៉ូតូឌុប​ជិះ​​ ដំបូង​នៅ​កម្ពុជា

Content image - Phnom Penh Post
អ្នក​រត់​ម៉ូតូឌុប Grab កំពុង​ឈរ​រង់ចាំ​ការ​ហៅ​ពី​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​។ Robin Spiess

Grab ​ផ្តល់​សេវា​ហៅ​ម៉ូតូឌុប​ជិះ​​ ដំបូង​នៅ​កម្ពុជា

ភ្នំពេញៈ Grab ដែល​ជា​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​អន្តរជាតិ​ឈាន​មុខ​គេ​មួយ​បាន​ចាប់ផ្ដើម​ផ្ដល់​សេវា​ការ​ហៅ​ម៉ូតូ​ជិះ​សាកល្បង​នៅ​ទីក្រុង​ភ្នំពេញ ដោយ​បាន​ក្លាយ​ជា​កម្មវិធី​ហៅ​ម៉ូតូ​ជិះ​លើក​ដំបូង​នៅ​កម្ពុជា​។

លោក Wee Tang Yee ប្រធាន​ប្រចាំ​ប្រទេស​ទទួល​បន្ទុក​កម្ពុជា និង​ថៃ​របស់​ក្រុមហ៊ុន Grab បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការ​ដំណើរការ​សាកល្បង​ដំណាក់កាល​ទី​ ២ ​របស់ GrabBike នេះ​ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​ប្រហែល​មួយ​សប្ដាហ៍​កន្លង​មក​ហើយ​នៅ​ក្នុង​តំបន់​កំណត់​កណ្ដាល​ទីក្រុង​ភ្នំពេញ​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​មើល​ឃើញ​ប្រជាជន​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ដែល​ប្រើប្រាស់​ម៉ូតូឌុប ហើយ​យើង​បាន​គិត​ថា យើង​អាច​ជួយ​អ្នក​បើកបរ​តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើប្រាស់​កម្មវិធី​នេះ​ក្នុង​ការ​ស្វែងរក​អតិថិជន​»​។

លោក​បន្ត​ថា​៖ «​ជាមួយ​នឹង​ការ​ធ្វើ​ចរាចរណ៍​នៅ​​ទីនេះ ម៉ូតូ​ហាក់​ដូចជា​មាន​ប្រយោជន៍​ច្រើន [​ជាង​រ៉ឺម៉ក​ម៉ូតូ ឬ​រថយន្ត​] ប្រសិន​បើ​អ្នក​ចង់​ទៅ​ទីកន្លែង​ណា​មួយ​ឲ្យ​រហ័ស​»​។

លោក​ថ្លែង​ថា​ក្រុមហ៊ុន Grab បាន​ចុះ​ហត្ថលេខា​ជាមួយ​អ្នក​បើកបរ​ម៉ូតូ​ប្រហែល ១០០ ​នាក់​នៅ​ទីក្រុង​ភ្នំពេញ​រហូត​មក​ដល់​ពេល​នេះ​ដោយ​អ្នក​បើកបរ​ម្នាក់ៗ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​សុវត្ថិភាព និង​ព័ត៌មាន​អំពី​របៀប​ប្រើប្រាស់​កម្មវិធី Grab មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាប់ផ្ដើម​ការ​បើកបរ​។

លោក​បន្ត​ថា អ្នក​បើកបរ​នៅ​ពេល​អនាគត​ទាំងអស់​ត្រូវ​តម្រូវ​ឲ្យ​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ប័ណ្ណ​បើកបរ​ម៉ូតូ​របស់​ពួកគេ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ម៉ូតូ​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ការិយាល័យ​កណ្ដាល​របស់ Grab​។

លោក​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​អ្នក​បើកបរ​មិន​មាន​សុវត្ថិភាព យើង​ចាត់​វិធានការ​។ វា​ពិតជា​ងាយស្រួល​ក្នុង​ការ​ប្រាប់ [​នៅពេល​អ្នក​បើកបរ​មិន​សម្រេច​បាន​តាម​ស្ដង់ដារ​របស់​យើង​]»​។

លោក​បន្ថែម​ថា តំណាង​ក្រុមហ៊ុន Grab កំពុង​ធ្វើការ​សាកល្បង​អ្នក​បើកបរ​ដោយ​ហៅ​មក​ជិះ​ចាប់​តាំងពី​ការ​សាកល្បង​ចាប់ផ្ដើម​។

លោក​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន Grab មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ក្នុង​ការ​ចាប់ផ្ដើម​ដំណើរការ GrabBike ជា​ផ្លូវការ​នៅក្នុង​​ទីក្រុង​ភ្នំពេញ​នោះ​ទេ​។

តម្លៃ​ចាប់ផ្តើម​សម្រាប់​ការ​ជិះ​ម៉ូតូ​នៅ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​ត្រូវ​បាន​កំណត់​ក្នុង​តម្លៃ​ ២៥០០ ​រៀល​សម្រាប់​មួយ​គីឡូម៉ែត្រ​ដំបូង បន្ទាប់មក​អតិថិជន​ត្រូវ​គិត​ប្រាក់​បន្ថែម ១ ០០០ ​រៀល​ក្នុង​មួយ​គីឡូម៉ែត្រ​។

លោក យឿន រតនៈ គឺជា​អ្នក​បើក​មួយ​រូប​ក្នុង​ចំណោម​អ្នក​បើកបរ​នៅ Grab Bike ជាច្រើន​ទៀត​ដែល​បាន​ចុះ​ឈ្មោះ​ប្រើ​សេវា​នេះ​។ ដោយ​មាន​ការងារ​ពេញ​ម៉ោង​ជា​ជំនួយការ​បច្ចេកទេស លោក យឿន បាន​ចាប់ផ្ដើម​ការ​បើកបរ​ឲ្យ​ក្រុមហ៊ុន Grab មួយ​សប្ដាហ៍​កន្លង​មក​ហើយ និង​ផ្ដល់​សេវា​ដឹក​អតិថិជន​ ៥ ​នាក់​ក្នុង​មួយ​ថ្ងៃ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា តម្លៃ​គឺ​សមរម្យ តម្លៃ​នេះ​ស្រដៀង​នឹង​តម្លៃ​របស់​កម្មវិធី PassApp»​។ លោក​បន្ថែម​ថា លោក​មិន​អាច​រក​បាន​ប្រាក់​គ្រប់គ្រាន់​នោះ​ទេ ប្រសិន​បើ​លោក​មិន​​មាន​ការងារ​ផ្សេង​ទៀត​ដើម្បី​បង្គ្រប់​លើ​ប្រាក់​ចំណូល​របស់​លោក​។

លោក​បន្ត​ថា​៖ «​វា​ពិតជា​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ក្រុមហ៊ុន Grab ហើយ​ចំពោះ​ខ្ញុំ​ត្រូវការ​ពេលវេលា​បណ្ដុះបណ្ដាល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ដើម្បី​ក្លាយ​ជា​អ្នក​បើកបរ​»​។

ក្នុង​អំឡុង​ពេល​វគ្គ​បណ្ដុះ​បណ្ដាល​រយៈពេល​ ៤ ​ម៉ោង លោក យឿន ថ្លែង​ថា លោក​ត្រូវ​បាន​បង្រៀន​ពី​របៀប​ក្នុង​ការ​ស្វែងរក​ការ​បង្ហាញ​ផ្លូវ ការ​ធ្វើ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ និង​ពី​ឥរិយាបថ​ចំពោះ​អតិថិជន​។

លោក​បាន​បញ្ជាក់​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ វា​មិន​ល្អ​ខ្លាំង​នោះ​ទេ ដែល Grab មាន​នៅ​តែ​ទីក្រុង​ភ្នំពេញ​នោះ ហើយ​មិន​ទាន់​មាន​ម៉ូតូ​ច្រើន​នៅ​ឡើយ​ទេ​»​។ លោក​បន្ថែម​ថា លោក​ចង់​មើល​ឃើញ​ក្រុមហ៊ុន Grab ពង្រីក​បន្ថែម​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក Tang Yee ថ្លែង​ថា​ក្រុមហ៊ុន Grab «​នៅ​តែ​កំពុង​ពិចារណា​» ទាំង​ការ​ពង្រីក​សេវា​ដល់​ទីក្រុង​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា និង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ក្នុង​ស្រុក និង​កម្មវិធី​ហៅ​រ៉ឺម៉ក​ម៉ូតូ​ជិះ​នៅ​ពេល​អនាគត​៕ LA

អត្ថបទគួរចាប់អារម្មណ៍