ក្រុងហ្សឺណែវៈ អង្គការសហប្រជាជាតិបានឲ្យដឹងនៅដើមសប្តាហ៍នេះថា អត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកអាចនឹងធ្លាក់ចុះនៅឆ្នាំ ២០១៨ បន្ទាប់ពីកើនឡើងបន្តិចនៅឆ្នាំ ២០១៧។
ទន្ទឹមនឹងនោះដែរអង្គការនេះក៏បានរំឭកផងដែរថាកម្មករជាច្រើននៅតែរស់នៅក្នុងភាពក្រីក្រខ្លាំង។
អង្គការពលកម្មអន្តរជាតិ (ILO) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានព្យាករពីអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកថាមានអត្រា ៥,៥ ភាគរយនៅឆ្នាំនេះពោលគឺជាអត្រាដ៏ល្អប្រសើរមួយដោយសារកំណើនសេដ្ឋកិច្ចទូលំទូលាយ បើធៀបនឹងអត្រាគ្មានការងារធ្វើ ៥,៦ ភាគរយដែលត្រូវបានកត់ត្រាក្នុងនៅឆ្នាំ ២០១៧ និងត្រូវគ្នានឹងអត្រា ៥,៥ ភាគរយនៅឆ្នាំ ២០១៦។
ប៉ុន្តែនៅក្នុងរបាយការណ៍ដែលមានចំណងជើងថា «ការងារពិភពលោក និងចក្ខុវិស័យសង្គម» របស់ខ្លួនអង្គការ ILO ក៏បានលើកឡើងផងដែរអំពីសញ្ញាធ្ងន់ធ្ងរមួយចំនួនទាក់ទងនឹងស្ថានភាពទីផ្សារពលកម្មពិភពលោក។
លោក Guy Ryder អគ្គនាយកអង្គការ ILO បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បើទោះជាអត្រាគ្មានការងារធ្វើនៅទូទាំងសកលលោកមានស្ថិរភាពក៏ដោយ ក៏ឱនភាពការងារក្នុងកម្រិតសមរម្យមួយនៅតែកើតមានដែលនោះគឺសេដ្ឋកិច្ចសកលនៅតែមិនទាន់អាចបង្កើតការងារបានគ្រប់គ្រាន់នៅឡើយ»។
បញ្ហាសំខាន់មួយគឺសម្បូរ «ការងារដែលងាយរងគ្រោះ» ដ៏ច្រើនពោលគឺជាប្រភេទការងារមួយដែលរួមបញ្ចូលទាំងការងារក្រៅប្រព័ន្ធដែលមានការគាំពារដោយកិច្ចសន្យា និងសង្គមតិចតួច ឬគ្មានការការពារតែម្តង។
អង្គការ ILO បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វឌ្ឍនភាពដ៏សំខាន់ដែលសម្រេចបាននាពេលកន្លងមកក្នុងការកាត់បន្ថយការងារងាយរងគ្រោះ បាននៅទ្រឹងចាប់តាំងពីឆ្នាំ ២០១២ មក»។
របាយការណ៍ដដែលនេះបានបង្ហាញទៀតថាបញ្ហានេះគឺជាបញ្ហាស្រួចស្រាល់បំផុតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលកម្មករចំនួន ៣ នាក់ក្នុងចំណោម ៤ នាក់ធ្វើការងារ «ដែលងាយរងគ្រោះ» នេះ។
លោក Stephan Kuhn សេដ្ឋវិទូប្រចាំអង្គការ ILO និងជាអ្នករៀបចំរបាយការណ៍នៃការសិក្សានេះបានលើកឡើងថា ៤០ ភាគរយនៃអ្នកដែលមានការងារធ្វើទាំងអស់ក្នុងប្រទេសកំពុងកំពុងអភិវឌ្ឍន៍នេះនៅតែរស់នៅក្នុង «ភាពក្រីក្រខ្លាំង»។
កំណើនសេដ្ឋកិច្ចដែលគ្មានតុល្យភាព និងការក្តោបក្តាប់ទ្រព្យសម្បត្តិពិភពលោកដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងដៃរបស់មនុស្សមួយក្តាប់តូចរំពឹងថានឹងក្លាយជាប្រធានបទសំខាន់មួយនៅកិច្ចប្រជុំប្រចាំឆ្នាំក្នុងវេទិកាសេដ្ឋកិច្ចសកលនាទីក្រុងដាវ៉ូស ប្រទេសស្វ៊ីសដែលបានចាប់ផ្តើមដំណើរការកាលពីថ្ងៃអង្គារ សប្តាហ៍នេះ។
អង្គការសប្បុរសធម៌ Oxfam បានរាយការណ៍កាលពីថ្ងៃចន្ទថាទ្រព្យសម្បត្តិចំនួន ៨២ ភាគរយនៃទ្រព្យសម្បត្តិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ត្រូវបានគ្រប់គ្រងដោយមនុស្សចំនួន ១ ភាគរយដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក។
ចំពោះលោក Guy Ryder ប្រធានអង្គការ ILO វិញ ការពង្រីកការចែករំលែកអត្ថប្រយោជន៍នៃកំណើនសេដ្ឋកិច្ចនៅតែកត្តាជាអាទិភាពចម្បង។
លោកបានបន្តថា៖ «កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ចាំបាច់ត្រូវដាក់ដំណើរការដើម្បីធានាបានថាកំណើនសេដ្ឋកិច្ចត្រូវបានចែករំលែកដោយស្មើភាព»៕ BP