Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - InCham កំពុង​ព្យាយាម​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

Content image - Phnom Penh Post
លោក Sandeep Majumdar ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​កម្ពុជា​។ រូបថត Robin Spiess

InCham កំពុង​ព្យាយាម​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ភ្នំពេញៈ ប្រទេស​ឥណ្ឌា ​កំពុង​វិនិយោគ​យ៉ាង​សកម្ម​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍ ចាប់​តាំង​ពី​ការ​ទទួល​យក​យុទ្ធសាស្ដ្រ «​សកម្មភាព​ខាង​កើត​»​របស់​ខ្លួន​កាលពី​ដើម​ឆ្នាំ​មុន​។

អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ Robin Spiess បាន​ជួប​ជាមួយ​លោក Sandeep Majumdar ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា (InCham) ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​របស់​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

តើ InCham កំពុង​ធ្វើ​អ្វី​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​ថ្មីៗ​នេះ​? ហើយ​អ្វី​ទៅ​ជា​ផែនការ​របស់​ខ្លួន​សម្រាប់​អនាគត​ខាង​មុខ​នេះ​?

InCham ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១២ ដូច្នេះ​វា​កំពុង​ប្រតិបត្តិការ​រយៈពេល​ ៥ ​ឆ្នាំ​កន្លះ​ហើយ​។ ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​កម្ពុជា នៅ​ពេល​នេះ​ទាប ប៉ុន្តែ​យើង​កំពុង​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្កើន​វា​។ InCham កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ និង​ព្យាយាម​ក្នុង​ការ​នាំ​យក​គម្រោង​ធំៗ ​ខាង​អចលនទ្រព្យ និង​កសិកម្ម​។

សហគ្រាស​ធុន​តូច និង​មធ្យម​(SME) គឺជា​អាទិភាព​ផង​ដែរ​។ យើង​កំពុង​សហការ​ជាមួយ​ស្ថាន​ទូត​ឥណ្ឌា​ក្នុង​ការ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​កំពុង​ផ្ដោត​លើ​វិស័យ​អប់រំ​។

ធនាគារ Exim ជា​ធនាគារ​រដ្ឋាភិបាល​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​ផ្ដោត​លើ​គោល​នយោបាយ​ដើម្បី​ឲ្យ​ពាណិជ្ជករ​ចូល​មក និង​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចំនួន​១១ នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ហើយ​កំពុង​ត្រូវ​បាន​ស្នើ​ឡើង​ដើម្បី​ទទួល​យក​គំនិត​ផ្ដួច​ផ្ដើម​ក្នុង​ការ​ផ្ដល់​មូលនិធិ​ដល់​ក្រុមហ៊ុន​ជាច្រើន ដែល​ចង់​វិនិយោគ​នៅ​ក្នុង​តំបន់​នេះ​។

ធនាគារ Exim បាន​កំណត់​វិស័យ​៤​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិត​ហើយ ទី​១ គឺ​ឧស្សាហកម្ម​កាត់​ដេរ​។ ទី​ ២​ គឺ​វិស័យ​ជីវ​វេជ្ជសាស្ដ្រ និង​ទី ៣ ​គឺ​មន្ទីរពេទ្យ​។ ទី ​៤ គឺ​វិស័យ​អប់រំ ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិត​ណាស់​មិន​មាន​ឱកាស​ច្រើន​សម្រាប់​ការ​អប់រំ​ឧត្តម​សិក្សា​នោះ​ទេ ហើយ​យើង​អាច​នាំ​យក​ជម្រើស​ពី​ប្រទេស​ឥណ្ឌា​។

ក្រុម​របស់​ធនាគារ Exim បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីនេះ​២​ដង​ដើម្បី​រៀបចំ​ការងារ​។ ពួក​គេ​នឹង​មក​ទីនេះ​ម្ដង​ទៀត​នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​វិស័យ​វេជ្ជសាស្ដ្រ ហើយ​នឹង​នាំ​យក​ក្រុម​ផ្សេង​ទៀត​នៅ​ពាក់​កណ្ដាល​ខែ​មករា​។

តើ​ការ​វិនិយោគ​របស់​ប្រទេស​ឥណ្ឌា​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ខ្លាំង​ក្លា​ដូចម្ដេច​?

ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​កម្ពុជា​នៅ​ពេល​នេះ​កើន​ឡើង ទោះបីជា​វា​មិន​ទាន់​មាន​តួលេខ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ក៏ដោយ​។ តួលេខ​របស់​រដ្ឋាភិបាល​ឥណ្ឌា​បង្ហាញ​ពាណិជ្ជកម្ម​សរុប​មាន​ប្រហែល ​២០០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។ មាន​ហេតុផល​មួយ​ចំនួន [​ហេតុ​អ្វី​ការ​នាំ​ចេញពី​ឥណ្ឌា​មក​កម្ពុជា​មាន​កម្រិត​ទាប​]​។

ហេតុផល​មួយ​គឺថា ការ​វិនិយោគ​របស់​យើង​មិន​ទាន់​ខ្លាំងក្លា​ដូច​ក្នុង​ប្រទេស​ចិន​នោះ​ទេ​។ ហេតុ​ផល​ទី ​២​ គឺ និយាយ​តាម​ត្រង់ ប្រជាជន​ឥណ្ឌា ​កំពុង​គិត​ជា​យូរ​មក​ហើយ​ថា ប្រទេស​កម្ពុជា​មាន​ប្រជាជន​តិច​ពេក មាន​ប្រហែល ​១៦​ លាន​នាក់​ប៉ុណ្ណោះ ក្នុង​ការ​វិនិយោគ​នៅ​ទីនេះ​។

InCham កំពុង​ព្យាយាម​បង្ហាញ​វិនិយោគិន​ឥណ្ឌា​ថា កម្ពុជា​ មិន​គ្រាន់​តែ​មាន​ប្រជាជន​តែ ​១៦ ​លាន​នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​វា​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ផង​ដែរ ហើយ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បើក​ចំហ​ការ​ចូល​ដល់​ប្រជាជន​របស់​អាស៊ីអាគ្នេយ៍​ដែល​មាន​ប្រជាជន​ ៦០០​ លាន​នាក់​។

នៅ​ប្រទេស​ឥណ្ឌា មាន​រដ្ឋ​ ២៩ ហើយ​មាន​សភា​ពាណិជ្ជកម្ម​នៅ​ក្នុង​រដ្ឋ​នីមួយៗ​ទាំង​នេះ ដែល​រដ្ឋ​នីមួយៗ​មាន​ផលិតផល​ផ្ទាល់​របស់​ពួក​គេ​ដើម្បី​លក់​។

InCham កំពុង​ព្យាយាម​អញ្ជើញ​សភា​ពាណិជ្ជកម្ម​មកពីរ​ដ្ឋ​ផ្សេងៗ​ទាំងនេះ​ចូល​មក​ប្រទេស​ កម្ពុជា​ ជាមួយ​នឹង​ក្រុម​គណៈប្រតិភូ​របស់​ពួកគេ ដូច្នេះ​ យើង​អាច​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ពួក​គេ​ក្នុង​ការ​មើល​ពី​របៀប​អាជីវកម្ម​ដែល​អាច​បង្កើត​បាន​នៅទីនេះ​នៅក្នុង​វិស័យ​ផ្សេងៗ​គ្នា​របស់​ពួកគេ​។

តើ​អ្វី​នឹង​ទាក់ទាញ​ពាណិជ្ជករ​ឥណ្ឌា​ឲ្យ​បង្កើត​ប្រតិបត្តិការ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​?

ក្នុង​នាម​ជា​ពាណិជ្ជករ​មួយ​រូប អ្នក​មិន​ត្រូវ​ការ​ដៃគូ​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​អ្នក​នោះ​ទេ​។ នេះ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​អាស៊ី​អាគ្នេយ៍​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​បរទេស​ ១០០ ​ភាគរយ​ដូច្នេះ​ប្រសិន​បើ​នរណា​ម្នាក់​មក​ពី​ប្រទេស​ផ្សេង​ទៀត​ដើម្បី​វិនិយោគ មាន​ការ​ជួយ​សម្រួល​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​ទីនេះ​។ នេះ​គឺជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ដែល​មាន​សេដ្ឋកិច្ច​ប្រាក់​ដុល្លារ​រូបនីយកម្ម​។ ខ្ញុំ​បាន​នៅ​ទី​នេះ​កាល​ពី​ឆ្នាំ​ ១៩៩៧ នៅ​ពេល​វិបត្តិ​ហិរញ្ញវត្ថុ​បាន​កើត​ឡើង​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​ប្រទេស​នីមួយៗ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​នៅ​ក្នុង​តំបន់​នេះ​។

ធនាគារ​ ១៤ បាន​បិទទ្វារ​ភា្លមៗ​នៅក្នុង​ប្រទេស​ថៃ ហើយ​ប្រជាជន​មិន​ជឿជាក់​លើ​ធនាគារ​នោះ​ទេ​បន្ទាប់​ពី​ហេតុ​ការណ៍​នេះ​។ នោះ​មិន​មែន​ជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ដោយ​សារ​សេដ្ឋកិច្ច​ដុល្លា​រូបនីយកម្ម​។

ខ្ញុំ​បាន​រស់នៅ​ក្នុង​ប្រទេស​ជា​ច្រើន ហើយ​នេះ​ជា​ប្រទេស​តែ​មួយ​គត់ ដែល​អ្នក​បង់ពន្ធ ​២០ ​ភាគរយ​ប៉ុណ្ណោះ​។ នោះ​គឺជា​ភាព​ខុស​គ្នា​ដ៏​ធំ​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។ ប្រទេស​ កម្ពុជា ​នៅ​ជិត​បណ្ដា​ប្រទេស​ធំៗ​ដូចជា​ ចិន និង ឥណ្ឌា គឺជា​ភាព​វិជ្ជមាន​មួយ​។

នៅ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន អ្នក​មាន​អស្ថិរភាព​នយោបាយ​ផង​ដែរ​។ នៅទីនេះ​កម្ពុជា​មាន​រដ្ឋាភិបាល​ដូច​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។

ខ្ញុំ​គិត​ថា ពាណិជ្ជករ​ឥណ្ឌា​នឹង​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពេល​ឆាប់ៗ​នេះ​។

ការ​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​កាន់​តែ​ច្រើន​រវាង​ឥណ្ឌា និង​កម្ពុជា កំពុង​ចរចា​ក្នុង​រយៈពេល ​៧ ឬ ​៨ ​ឆ្នាំ​ចុង​ក្រោយ ហើយ​យើង​បាន​ពិភាក្សា​រវាង​រដ្ឋាភិបាល​អំពី​វា ប៉ុន្តែ​មាន​បញ្ហា​ជាច្រើន​។ បញ្ហា​មិន​មែន​ការ​ចាប់​ផ្ដើម​ជើង​ហោះហើរ​ត្រង់​ថ្មី​នោះទេ ប៉ុន្តែ​គឺ​ការ​រក្សា​វា នៅពេល​វា​ត្រូវ​បាន​បង្កើត​ឡើង ដោយ​សារ​អ្នក​ត្រូវ​ការ​អ្នក​ដំណើរ​គ្រប់គ្រាន់​ដើម្បី​រក្សា​ជើង​ហោះហើរ​ឲ្យ​បាន​ពេញ​លេញ​។

ទេសចរណ៍​ពាណិជ្ជកម្ម​ទៅ​ឥណ្ឌា​មក​ពី​កម្ពុជា ពិត​ហើយ​មិន​មាន​ទេ​នៅ​ពេល​នេះ ហើយ​បញ្ហា​មូលដ្ឋាន​គឺថា ក្រុមហ៊ុន​អាកាស​ចរណ៍​នឹង​មិន​ទទួល​បាន​អ្នក​ដំណើរ​គ្រប់គ្រាន់​នោះ​ទេ​។ ប៉ុន្តែ​យើង​នឹង​បន្ត​ការងារ​លើ​បញ្ហា​នេះ​។

រដ្ឋាភិបាល​ឥណ្ឌា​នឹង​រៀបចំ​វេទិកា​នៅ​ខែ​កុម្ភៈ​នៅ​រដ្ឋ Assam ហើយ​យើង​បាន​ពិភាក្សា​ការ​បញ្ជូន​មន្ដ្រី​កម្ពុជា​ទៅ​ចូលរួម​វេទិកា​នេះ ដើម្បី​ពិភាក្សា​ទេសចរណ៍​ដែល​កើន​ឡើង​៕ LA

0

Comments

Please, login or register to post a comment