ក្រុងឡុងដ៏ៈ ក្រុមហ៊ុនអាហារទាន់ចិត្តអាមេរិក KFC បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនរបស់ខ្លួនបានបិទភោជនីយដ្ឋាននៅចក្រភពអង់គ្លេសរាប់រយកន្លែង ដោយសារក្រុមហ៊ុនផ្គត់ផ្គង់សាច់មាន់របស់អាល្លឺម៉ង់ DHL បានជួបប្រទះបញ្ហាផ្គត់ផ្គង់សម្រាប់ភោជនីយដ្ឋានមួយនេះ។
ក្រុមហ៊ុន KFC បានឲ្យដឹងថា ហាងលក់សាច់មានជាង ៧០០ កន្លែងក្នុងចំណោមហាងលក់សាច់មានចំនួន ៩០០ កន្លែងនៅទូទាំងចក្រភពអង់គ្លេសរបស់ខ្លួន បានបង្ខំចិត្តបានទ្វារ ចាប់តាំងពីថ្ងៃចុងសប្តាហ៍មុនមក ទន្ទឹមនឹងនោះដែរហាងផ្សេងទៀតកំពុងកាត់បន្ថយមុខម្ហូប ឬកាត់បន្ថយម៉ោងប្រតិបត្តិការលក់។
ក្រុមហ៊ុន KFC បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបាននាំដៃគូចែកចាយសាច់មាន់ថ្មីមកហើយ តែពួកគេមានបញ្ហាតិចតួច។ ការផ្គត់ផ្គង់សាច់មានស្រស់ទៅឲ្យភោជនីយដ្ឋានចំនួន ៩០០ កន្លែងនៅទូទាំងប្រទេសគឺពិតជាស្មុគស្មាញបន្តិចហើយ»។
លោកបានបន្ថែមថា៖ «យើងនឹងមិនសម្របសម្រួលបញ្ហាគុណភាពសាច់មាន់នោះទេ។ ដូច្នេះការដែលគ្មានការចែកចាយសាច់មាន់ មានន័យថា ភោជនីយដ្ឋានមួយចំនួនរបស់យើងត្រូវបិទទ្វារ ហើយភោជនីយដ្ឋានផ្សេងទៀតកំពុងប្រតិបត្តិការដោយលក់ម្ហូបតិចតួច ឬម៉ោងបម្រើការត្រូវបានកាត់បន្ថយ។
ក្រុមហ៊ុននេះបានឲ្យដឹងថា៖ «យើងដឹងថា បញ្ហានេះអាចធ្វើឲ្យប៉ះពាល់ដល់លោកអ្នកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយធ្វើឲ្យលោកអ្នកខកចិត្ត នៅពេលលោកអ្នកចង់បានសាច់មាន់បំពង។ យើងពិតជាសុំទោសចំពោះបញ្ហានេះ»។
ក្រុមហ៊ុន DHL បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ក្រុមហ៊ុនរបស់ខ្លួនកំពុងធ្វើការដោះស្រាយបញ្ហានេះ៕ AFP/BP