​ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​ថា​នឹង​ចាត់​​វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន Chaintope ដែល​ថ្មីៗ​នេះ​បាន​អះអាង​ថា ខ្លួន​បាន​ទទួល​កិច្ច​សហការ​ពី NBC បង្កើត​រូបិយប័ណ្ណ​អេឡិចត្រូនិក K-Coin ជា​អ្វី​ដែល NBC អះអាង​ថា​ជាការ​ផ្សព្វផ្សាយ​បោកប្រាស់​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ NBC ដែល​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន កន្លង​មក NBC មិនបាន​សហការ​ជាមួយ​ក្រុមហ៊ុន Chaintope ឬ ក្រុមហ៊ុន​ផ្សេងៗ​ណា​មួយ​ដើម្បី​បង្កើត​រូបិយវត្ថុ​អេឡិច​ត្រូនិក​នៅ​កម្ពុជា​នោះ​ទេ​។

សេចក្តី​ជូន​ដំណឹង​របស់ NBC បាន​បញ្ជាក់​ថា​៖ «​យើង​សូម​ថ្កោល​ទោស​ដាច់​អហង្ការ​ចំពោះ​បុគ្គល​ណា​ដែល​ប្រើប្រាស់​ឈ្មោះ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ផ្សព្វផ្សាយ​ព័ត៌មាន​បោកប្រាស់​នេះ និង​កំពុង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដែលមាន​ជា​ធរមាន​»​។

សេចក្តី​ជូន​ដំណឹង​ដដែល​នេះ​បន្ថែម​ថា​៖ «NBC មិន​ដែល​បានអនុញ្ញាត​ឲ្យ​មានការ​ទិញ​លក់ និង​ចរាចរ​រូបិយប័ណ្ណ​អេឡិចត្រូនិក (CryptoCurrencies) ក្នុង​ទម្រង់​ណាមួយ​ដូចជា K-Coin ដែល​បាន​លើក​ឡើង [​ដោយ​ក្រុមហ៊ុន​] នោះទេ​»​។

ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ខណៈ​ក្រុមហ៊ុន Chaintope ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន Digital Agriculture Exchange ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ទីក្រុង​ហុងកុង បានរៀបចំ «​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហការ​» ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ភាសា​ខ្មែរ​ពី​ក្រុមហ៊ុន Chaintope ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​។

​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​១៩ ខែធ្នូ ប្រកាស​ពី​ការ​បង្កើត​រូបិយប័ណ្ណ​ឌីជីថល K-coin «​រួម​ជាមួយ​សាជីវកម្ម​កម្ពុជា និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​»​។

ក្រុមហ៊ុន​នេះ​បាន​ចុះ​ឈ្មោះ​ក្រុមហ៊ុន Digital Agriculture Exchange ថា​ជា​ដៃគូ​ក្នុង​ស្រុក​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា រូបិយប័ណ្ណ​ឌីជីថល K-coin កំពុង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ប្រើប្រាស់ ក្នុង​ការ​នាំចូល នាំចេញ និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​ទិសដៅ​ដំបូង​ប្រកប​ដោយ​មហិច្ឆតា​មួយ​ដែល​ត្រូវ​បាន​ទទួល​យក​ដោយ​ក្រុមហ៊ុន​ចំនួន ២០០ ០០០ ហើយ​ក្រោយមក​ពង្រីក​ឲ្យ​ដល់​តម្លៃ​សរុប​ដែល​អាច​បោះ​ផ្សាយបាន ២០០​ពាន់​លាន​ដុល្លារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​របស់ NBC ក្នុង​រូបិយប័ណ្ណ​ឌីជីថល​នេះ នឹង​ជា​មូលដ្ឋាន​មួយ​ដែល «​ក្រុមហ៊ុន Digital Agriculture Exchange នឹង​អាច​មាន​បោះផ្សាយ និង​គ្រប់គ្រង​រូបិយប័ណ្ណ​ឌីជីថល K-coin ដោយ​មាន​ការ​អនុញ្ញាត​ពី​ធនាគារ​កណ្ដាល ដែល​ផ្ដល់​ការធានា​ដ៏​រឹងមាំ​នៃ​ការ​ជឿ​ទុក​ចិត្ត​»​។

សេចក្តី​ប្រកាស​នេះ​អះអាង​ថា ការ​គាំទ្រ​របស់ NBC នឹង​អនុញ្ញាត​ឲ្យ​រូបិយប័ណ្ណ​ឌីជីថល K-coin ជម្នះ​លើ​កង្វះខាត​ជា​មូលដ្ឋាន​ដែល​មាន​ក្នុង​រូបិយប័ណ្ណ​ឌីជីថល​នានា​ដូចជា Bitcoin ជាដើម ដែល​បាន​ឡើង​ថ្លៃ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប៉ុន្តែ​បានក្លាយ​ជា​អ្វីដែល​គ្មាន​ប្រយោជន៍​សម្រាប់​ការ​អនុវត្ត​ប្រតិបត្តិការ​ពិតប្រាកដ​។

​នៅពេល​សួរ​ដោយ​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​ពិធី​កាលពី​ថ្ងៃ​សុក្រ​ថា តើ​ក្រុមហ៊ុន​អាច​បញ្ជាក់​ពី​ការ​សហការ​ជាមួយ NBC យ៉ាង​ដូច​ម្តេច​នោះ លោក Hideki Shoda អគ្គនាយក​ក្រុមហ៊ុន Chaintope បានផ្ដល់​យោបល់​ថា អ្នក​យក​ព័ត៌មាន​គួរ​លើក​បញ្ហា​នេះ​ជាមួយ​ក្រុមហ៊ុន Digital Agriculture Exchange ដោយ​សារ​ក្រុមហ៊ុន Digital Agriculture Exchange ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ធ្វើ​ការងារ​ជាមួយ NBC​។

ឆ្លើយ​តប​នឹង​ក្រុម​អ្នក​យក​ព័ត៌មាន​លើ​បញ្ហា​នេះ លោកស្រី Bridget Lau នាយិកា​ក្រុមហ៊ុន Digital Agriculture Exchange មិនបាន​ឆ្លើយ​នោះទេ​ថា តើ​លោក​ស្រី​បាន​ទទួល​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ធនាគារ​កណ្ដាល​ឬ​អត់​នោះទេ ដោយ​គ្រាន់តែ​ថ្លែងថា លោកស្រី​បាន​ជួប​ជាមួយ​មន្ដ្រី NBC ៣​ដង​មកហើយ​ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​។

កាលពី​ម្សិលមិញ ស្ដ្រី​មួយរូប​ដែល​បាន​ទទួល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Digital Agriculture Exchange ជា​លេខ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់ថា នាង​ឈ្មោះ លី ឡេង ខណៈ​ពេល​ដែល​បញ្ជាក់​អត្តសញ្ញាណ​ថា ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​រប​ស់​ក្រុមហ៊ុន​នេះ​។

អ្នក​ស្រី ឡេង បាន​ថ្លែងថា ការ​ប្រកាស​របស់​ក្រុមហ៊ុន Chaintope កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​ស្រី ហើយ​ក្រុម​ការងារ​ថា្នក់​គ្រប់គ្រង​ក្រុមហ៊ុន កំពុង​ពិចារណា​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន Chaintope​។

អ្នក​ស្រី ឡេង បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន Chaintope កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​បាន​ថ្លែងថា វា​គ្រាន់តែ​ជាប់​ទាក់ទង​ជាមួយ​គម្រោង​អភិវឌ្ឍន៍​កសិកម្ម និង​ការ​សាងសង់​ក្លិប​វាយ​កូន​ហ្គោល​នៅ​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ ហើយ​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​រូបិយប័ណ្ណ​ឌីជីថល K-coin នោះទេ​។

អ្នកស្រី​ថ្លែងថា ក្រុមហ៊ុន​របស់​អ្នកស្រី​មាន​ផែន​ការ​មួយ ដើម្បី​សិក្សា​ពី​ទីផ្សារ​សម្រាប់​រូបិយប័ណ្ណ​ឌីជីថល​នៅ​កម្ពុជា ហើយ​បាន​ជួប​ជាមួយ​មន្ដ្រី NBC ដើម្បី​ស្វែងរក​ព័ត៌មាន​តែ​ប៉ុណ្ណោះ​។

អ្នក​ស្រី​ថ្លែង​ថា​៖ «​វា​គ្រាន់តែ​ជា​ផែនការ​មួយ​ក្នុង​ការ​សិក្សា​ទីផ្សារ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ហើយ​នោះទេ​។ យើង​មិន​បាន​ទទួល​ការ​យល់​ព្រម​ណា​មួយ​ពី NBC ទេ​»៕ LA