ក្រុងហ្សឺណែវៈ ក្រុមហ៊ុន Nestle បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​ព្រមព្រៀង​លក់​អាជីវកម្ម​ផលិត​ស្ករ​គ្រាប់​នៅ​អាមេរិក​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន Ferrero របស់​ប្រទេស​អ៊ីតាលី​ក្នុង​តម្លៃ ២,៨ ​ពាន់​លាន​ដុល្លារ (២,៣ ​ពាន់​លាន​អឺរ៉ូ​) ជា​សាច់ប្រាក់ ខណៈ​ក្រុមហ៊ុន​ផលិត​អាហារ​របស់​ប្រទេស​ស្វ៊ីស​នេះ​រៀបចំ​ផលបត្រ (​បណ្តុំ​) ផលិតផល​របស់​ខ្លួន​ឡើង​វិញ​។

ក្រុមហ៊ុន Ferrero ដែល​ល្បី​ឈ្មោះ​ដោយសារ​ស្ករ​គ្រាប់​ម៉ាក​យីហោ Tic Tac ស្ករ Nutella និង Ferrero Rocher របស់​ខ្លួន តែ​ជាធម្មតា​ចូលចិត្ត​ពង្រីក​អាជីវកម្ម​ដោយ​ការ​ទិញ​យក​ក្រុមហ៊ុន​ផ្សេងៗ​នោះ​បច្ចុប្បន្ន​នឹង​ទិញ​យក​ស្ករ​គ្រាប់​ម៉ាក​យីហោ Crunch ស្ករ Butterfinger និង​ស្ករ Baby Ruth ពី​ក្រុមហ៊ុន Nestle​។

ការ​លក់​អាជីវកម្ម​ផលិត​ស្ករ​គ្រាប់​នេះ​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន Ferrero ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ធំ​ជាង​គេ​ទី​ ៣ នៅ​ទីផ្សារ​អាមេរិក​។

យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ក្រុមហ៊ុន Ferrero បាន​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​ស្ករ​សូកូឡា​ធំៗ​មួយ​ចំនួន​ដូចជា ក្រុមហ៊ុន Hershey និង​មូលនិធិ​ឯកជន​មួយ​ចំនួន​រួម​ទាំង​មូលនិធិ Rhone Capital ជាដើម​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ទិញ​យក​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​នេះ​។

លោក Giovanni Ferrero នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ferrero មាន​ប្រសាសន៍​ថា បន្ទាប់ពី​ការ​ទិញ​យក​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​នេះ​ក្រុមហ៊ុន Ferrero Group «​នឹង​មាន​ទំហំ​កាន់តែ​ធំ​ផ្តល់​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​កាន់​តែ​ច្រើន​ដល់​អតិថិជន​» នៅ​សហរដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​ស្ករ​គ្រាប់​ធំ​ជាង​គេ​របស់​ពិភពលោក​។

លោក Mark Schneider នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nestle ថ្លែង​ថា កិច្ចព្រមព្រៀង​នេះ​ «​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន Nestle វិនិយោគ និង​បង្កើត​ថ្មី​នូវ​ប្រភព​ផលិតផល​ជាច្រើន​ដែល​យើង​មើល​ឃើញ​ពី​កំណើន​ខ្ពស់​នាពេល​អនាគត និង​រក្សា​ស្ថានភាព​ជា​អ្នក​នាំ​មុខ​គេ​ខាង​ផ្នែក​ការ​ថែទាំ​សត្វ​ចិញ្ចឹម ទឹក​ពិសា កាហ្វេ អាហារ​កក និង​អាហារ​បំប៉ន​ទារក​។

អាជីវកម្ម​ផលិត​ស្ករ​គ្រាប់​នៅ​សហរដ្ឋ​អាមេរិក​របស់​ក្រុមហ៊ុន Nestle បាន​ចុះ​បញ្ជី​ការ​លក់​ចំនួន ៩០០ ​លាន ហ្វ្រង់ស្វ៊ីស​កាលពី​ឆ្នាំ​ ២០១៦ នៅក្នុង​ទីផ្សារ​មួយ​ដែល​មាន​តម្លៃ​សរុប ៨ ​ពាន់​លាន​ដុល្លារ​នេះ​បើ​យោង​តាម​ក្រុមហ៊ុន Ibis World​។

ក្រុមហ៊ុន Nestle បាន​បន្ត​ឲ្យ​ដឹង​ថា​តួលេខ​នេះ​មាន​ចំនួន​តែ​ប្រមាណ ៣ ​ភាគរយ​នៃ​ការ​លក់​សរុប​របស់​ក្រុមហ៊ុន​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​។

ក្រុមហ៊ុន Ferrero មាន​រោងចក្រ​ផលិតកម្ម ២២ ​កន្លែង និង​បុគ្គលិក​ ៣ ​ម៉ឺន​នាក់​។

ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​មក​នេះ​ក្រុមហ៊ុន Ferrero បាន​បង្កើន​ប្រាក់​ចំណូល​ជាង​ ២ ​ដង​ដល់​ជាង​ ១០ ​ពាន់​លាន​អឺរ៉ូ​។

ក្រុមហ៊ុន Nestle បាន​បន្ត​ថា​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ​៕ BP