Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - RDB ​បន្ថែម​ពេល​ទទួល​ការ​ស្នើសុំ​ដេញ​ថ្លៃ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ

RDB ​បន្ថែម​ពេល​ទទួល​ការ​ស្នើសុំ​ដេញ​ថ្លៃ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) បាន​ពន្យារពេល​​ ១០ ​ថ្ងៃ​ទៀត​រហូត​ដល់​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា​ក្នុង​ការ​ទទួល​អ្នក​ដាក់​ពាក្យ​សម្រាប់​ការ​ដេញ​ថ្លៃ​សាងសង់​ឃ្លាំង​ស្រូវ និង​ឡ​សម្ងួត បន្ទាប់ពី​ក្រុមហ៊ុន​ ៤ ​បាន​ចុះ​ឈ្មោះ​រួច​ហើយ​។ នេះ​បើ​យោង​តាម​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​។

RDB បាន​ប្រកាស​កាលពី​ខែ​មុន​អំពី​ការ​បញ្ចេញ​កញ្ចប់​កម្ចី​ ១៥ ​លាន​ដុល្លារ​សម្រាប់​ដាក់​ឲ្យ​ដេញ​ថ្លៃ​លើ​គម្រោង​ឃ្លាំង​ស្រូវ និង​ឡ​សម្ងួត​នៅ​ក្នុង​ខេត្ត​ ៣ ដែល​រួម​មាន​ខេត្ត​កំពង់ធំ ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ​។

បន្ទាប់ពី​កាលបរិច្ឆេទ​ដាក់​ពាក្យ​បាន​ផុតកំណត់​កាលពី​ថ្ងៃ​ទី​ ៨ ខែ​កញ្ញា រដ្ឋាភិបាល​បាន​ទទួល​ក្រុមហ៊ុន​ ៤ ​ប៉ុណ្ណោះ​ដែល​ដាក់​ពាក្យ​សម្រាប់​សំណើ​កម្ចី​ដើម្បី​អភិវឌ្ឍ​គម្រោង​នេះ​។

លោក កៅ ថាច បាន​ឲ្យ​ដឹង​ថា​៖ «​ដោយសារ​តែ​ចំនួន​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ដេញ​ថ្លៃ​ទេ​ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ពន្យារពេល​ ១០ ​ថ្ងៃ​ដើម្បី​ផ្ដល់​ឱកាស​បន្ថែម​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ ឬ​វិនិយោគិន​ក្នុង​ការ​ដាក់​ពាក្យសុំ ក្នុង​ករណី​ដែល​​ពួកគេ​បាន​ទទួល​ការ​ជូន​ដំណឹង​នេះ​»​។

លោក​បន្ត​ថា RDB នឹង​គិត​អត្រា​ការប្រាក់​ ៥ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ដែល​កម្ចី​មាន​រយៈពេល​ ១០ ​ឆ្នាំ​។ គម្រោង​ឃ្លាំង និង​ឡ​សម្ងួត​ត្រូវ​បាន​គ្រោង​នឹង​បញ្ចប់​មុន​រដូវ​ប្រមូល​ផល​ក្រោយ​ក្នុង​ខែ​មករា​ឆ្នាំ​ ២០១៨ ​។

កាលពី​ខែ​មករា RDB បាន​ផ្ដល់​កម្ចី​ការប្រាក់​ទាប​ ១៥ ​លាន​ដុល្លារ​ដល់​ធនាគារ​ស្រូវ​ក្នុង​ការ​អភិវឌ្ឍ​ឃ្លាំង​ស្ដុក និង​ឡ​សម្ងួត​គ្រប់គ្រង​ដោយ​ឯកជន​លើក​ដំបូង​ដែល​មាន​សមត្ថភាព​ស្ដុក​ស្រូវ​សើម ២០០ ០០០ ​តោន និង​អាច​សម្ងួត​ស្រូវ​បាន ៣០០០​តោន​ប្រចាំ​ថ្ងៃ​៕ LA

0

Comments

Please, login or register to post a comment