ក្រុងស៊េអូលៈ​ក្រុមហ៊ុន Samsung Electronics នឹង​បង្ហាញ​ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ជំនាន់​ក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ប្រាក់​ចំណេញ​ខ្ពស់​នៅក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ថ្មីៗ​នេះ ហើយ​អនុប្រធាន​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ដោះលែង​ពី​គុក​។

Samsung ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដ៏សំខាន់​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​បាន​ទទួល​រង​ប៉ះពាល់​ ដោយសារ​ការ​ប្រមូល​យក​វិញ​ដ៏អាម៉ាស់​នៃ​ទូរស័ព្ទ Galaxy Note 7 របស់​ខ្លួន​កាលពី​ឆ្នាំ​ ២០១៦ ហើយ​បន្ទាប់មក​ត្រូវ​បាន​ជួប​បញ្ហា​ដ៏​ស្មុគ​ស្មាញ ​ដោយសារ​ការ​រីក​រាលដាល​រឿង​អាស្រូវ​ពុករលួយ​ដែល​បាន​ធ្វើឲ្យ​លោកស្រី​ប្រធានាធិបតី Park Guen-hye ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​។

ប៉ុន្តែ​ទូរស័ព្ទ​ស្មាតហ្វូន Galaxy S8 របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង និង​បាន​ទទួល​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​ឡើងៗ​។

ក្រុមហ៊ុន​បាន​ទទួល​ប្រាក់​ចំណេញ​សុទ្ធ​ជាង​ ៤២ ​ពាន់​ពាន់​លាន​វ៉ុន​ (៣៩ ​ពាន់​លាន​ដុល្លារ​) កាលពី​ឆ្នាំ​ ២០១៧ ហើយ​នៅ​ខែ​នេះ​លោក Lee Jae-yong ជា​ទាយាទ​គ្រួសារ​ស្ថាបនិក ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ដោះលែង​ពី​គុក បន្ទាប់ពី​ភាគច្រើន​នៃ​ការ​កាត់ទោស​រឿង​សូកប៉ាន់​របស់​លោក​ត្រូវ​បាន​លើកលែង​នៅ​ពេល​ប្ដឹង​ឧទ្ធរណ៍​។

ទូរស័ព្ទ​ចុងក្រោយ​របស់​ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​ដាក់​លក់​នៅ​សាល​តាំងពិព័រណ៍ Mobile World Congress នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ​។

តាម​ការ​មើល​ឃើញ​ផ្ទាល់ ទូរស័ព្ទ​នេះ​ស្រដៀង​គ្នា​នឹង​ទូរស័ព្ទ​ជំនាន់​មុន​របស់​ខ្លួន​ដែរ​។

ទាំង​ទូរស័ព្ទ Galaxy S9 និង Galax y S9+ បាន​អភិវឌ្ឍន​ម៉ាស៊ីន​ថត​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​កម្រិត​ចាប់​រូបភាព​រហូត​ដល់​ ៩៦០ ហ្វ្រេម​ក្នុង​មួយ​វិនាទី មុខងារ​វីដេអូ super slow-motion និង​មាន​ឧបករណ៍​បំពង​សំឡេង stereo ផង​ដែរ​៕ LA