ភ្នំពេញៈ ទីភ្នាក់ងារប្រទេសស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបតិ្តការ (SDC) កាលពីម្សិលមិញបានសន្យាផ្ដល់ប្រាក់ ៤,៦ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ សម្រាប់ដំណាក់កាលទី ២ នៃកម្មវិធីជំនួយឧបត្ថម្ភកសិកម្ម ដែលមានបំណងជួយកសិករមានដើមទុនតិចតួចនៅក្នុងខេត្ត ៤ ភាគខាងជើង។
កម្មវិធីការបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភសាកវប្បកម្មកម្ពុជា (CHAIN) បានចាប់ផ្ដើម កាលពីឆ្នាំ ២០១៤ និងបានបណ្ដុះបណ្ដាលកសិករ ៦ ៨០០ នាក់នៅខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងក្រចេះលើអាហារូបត្ថម្ភ បច្ចេកទេសដាំដុះ ជំនាញកែច្នៃ និងជំនាញអាជីវកម្មក្នុងអំឡុងប្រតិបត្តិការដំណាក់កាលទី ១ ដែលបានបញ្ចប់កាលពីឆ្នាំមុន។
ដំណាក់កាលទី ២ ដែលនឹងចាប់ផ្ដើមនៅខែនេះ នឹងផ្ដោតលើការបង្កើនលទ្ធភាព និងប្រសិទ្ធភាពចូលទីផ្សារសម្រាប់កសិករ ដោយការបង្កើតភាពជាដៃគូរវាងកសិករ ពាណិជ្ជករ និងអ្នករកស៊ីនៅទីផ្សារផ្សេងទៀតនៅក្នុងខេត្តចំនួន ៤។ នេះបើយោងតាមលោក ហែម សុវណ្ណារិទ្ធិ អ្នកគ្រប់គ្រងកម្មវិធីផ្នែកកសិកម្ម និងសន្ដិសុខស្បៀងនៅ SDC។
លោកយ៉ាន សុភ័ក្ត ជាកសិករនៅខេត្តព្រះវិហារ ដែលត្រូវបានបណ្ដុះបណ្ដាលដោយ SDC ថ្លែងកាលពីម្សិលមិញថា កម្មវិធីនេះបានជួយគាត់បង្កើតអាជីវកម្មកសិកម្មទ្រង់ទ្រាយតូចរបស់គាត់។
លោកថ្លែងថា៖«តាំងពីខ្ញុំក្លាយជាសមាជិកមក ខ្ញុំបានរៀនសូត្រអំពីជំនាញបច្ចេកទេសដើម្បីទទួលបានការផលិតខ្ពស់ និងបង្កើនប្រាក់ចំណូលរបស់ខ្ញុំ»។
លោកបន្តថាលោកបានបង្កើនទំហំកសិដ្ឋានជាង ២ ដងតាំងពីកម្មវិធីនេះបានចាប់ផ្ដើម៕ LA