ក្រុងប៉ារីសៈ ក្រុមហ៊ុន Whirlpool ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​របស់​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​ប្រមូល​កំសៀវ​ដាំទឹក​ចំនួន ៣១ ​ម៉ឺន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​យក​មក​វិញ ដែល​កំសៀវ​ដាំទឹក​ទាំង​នោះ​អាច​បង្ក​គ្រោះថ្នាក់​ដោយសារ​បញ្ហា​ដៃ​កំសៀវ​។

ក្រុមហ៊ុន Whirlpool បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការ​ប្រមូល​យក​ផលិតផល​មក​វិញ​នេះ​នឹង​ប៉ះពាល់​ដល់​កំសៀវ​ដាំទឹក​ម៉ាក KitchenAid ចំណុះ ១,៧ លីត្រ ដែល​ត្រូវ​បាន​ផលិត​នៅ​ចន្លោះ​ខែ​មករា​ឆ្នាំ​ ២០១៣ ដល់​ខែ​មិថុនា ឆ្នាំ​ ២០១៧ និង​ត្រូវ​បាន​ដាក់​លក់​នៅ​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក​។

ក្រុមហ៊ុន​នេះ​បាន​សម្រេច​ចាត់​វិធានការ​ប្រមូល​យក​ផលិតផល​របស់​ខ្លួន​មកវិញ បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​ពី​អតិថិជន​ថា ដៃ​កំសៀវ​បាន​ប្រេះ​បែក ដោយ​អាច​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ហានិភ័យ​រលាក​ទឹក​ដែល​កំពុង​ពុះ​។

ក្រុមហ៊ុន Whirlpool បាន​រៀបរាប់​ថា​៖ «​យើង​ចាត់​វិធានការ​ប្រមូល​យក​ផលិតផល​មក​វិញ​នេះ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​រក្សា​សុវត្ថិភាព​របស់​អតិថិជន តាមរយៈ​ការ​ស្នើសុំ​ឲ្យ​អតិថិជន​យក​កំសៀវ​ខូច​នេះ​មក​ក្រុមហ៊ុន Whirlpool ដើម្បី​ប្តូរ​យក​កំសៀវ​ថ្មី​ដោយ​ឥត​គិតថ្លៃ​»​។

ក្រុមហ៊ុន​អន្តរជាតិ​របស់​អាមេរិក​មួយ​នេះ​បាន​រង​ការ​រិះគន់​នាពេល​ថ្មីៗ​នេះ​ពី​សំណាក់​សមាជិក​សភា​របស់​ចក្រភព​អង់គ្លេស ចំពោះ​ការ​ឆ្លើយតប «​មិន​ល្អ​» របស់​ខ្លួន​ចំពោះ​បញ្ហា​មួយ​ចំនួន​ដែល​បាន​រកឃើញ​ចំពោះ​ឧបករណ៍​ផ្លុំ​សក់ ដែល​ត្រូវ​បាន​ផលិត​ក្រោម​ម៉ាក​យីហោ Hotpoint ម៉ាក Creda និង​ម៉ាក Indesit ដែល​អាច​បង្ក​ជា​គ្រោះ​អគ្គិភ័យ​។

ទូទឹកកក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Whirlpool ក៏​ត្រូវ​បាន​រកឃើញ​ថា​ជា​ប្រភព​បង្ក​ជា​គ្រោះ​អគ្គិភ័យ​ផងដែរ​នៅ​ក្នុង​តំបន់​អគារ​នាទី​ក្រុង​ឡុងដ៍​មួយ​កាលពី​ឆ្នាំ​មុន​ដែល​បាន​ធ្វើឲ្យ​មនុស្ស​ចំនួន ៧១ ​នាក់​បាត់បង់​ជីវិត​៕ BP