Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្លាំង​របប​ស៊ីរី​ និង​ក្រុម​ជនជីហាដ រាប់​សិប​នាក់ស្លាប់ ​ខណៈ IS រារាំង​ពួកគេ​មិន​ឲ្យ​រុល​ទៅមុខ

Content image - Phnom Penh Post
ក្រុម​ស្ត្រី ​និងក្មេង​ៗស៊ីរី​ ​ភៀស​ខ្លួន​ពីតំបន់​ឈរ​ជើង​របស់ IS នៅ​ក្រុង​រ៉ាកា​ក្នុង​ភូមិ​ Hawi Al-Hawa។ AFP

កម្លាំង​របប​ស៊ីរី​ និង​ក្រុម​ជនជីហាដ រាប់​សិប​នាក់ស្លាប់ ​ខណៈ IS រារាំង​ពួកគេ​មិន​ឲ្យ​រុល​ទៅមុខ

ក្រុងបេរូត: ក្រុម​អ្នកឃ្លាំមើល​បាន​ឲ្យដឹង​កាល​ពីថ្ងៃ​ពុធ​ថា កងទ័ព​របប​ស៊ីរី និង​ក្រុម​ជីហាដ​រាប់សិប​នាក់​ស្លាប់​នៅ​ស៊ីរី​កណ្តាល ខណៈ​ក្រុម​រដ្ឋ​អ៊ិស្លាម IS ព្យាយាម​រារាំង​មិន​ឲ្យ​កងកម្លាំង​របប​នេះ​រុល​ទៅ​មុខ​នៅ​ទីនោះ។

ដោយ​មាន​ការគាំទ្រ​ពី​រុស្ស៊ី កងកម្លាំង​របស់​ស៊ីរី បាន​ធ្វើការ​វាយ​ប្រហារ​ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​វាល​ខ្សាច់​ដ៏ល្វឹង​ល្វើយ​លាត​សន្ធឹង​ពីចំណុច​កណ្តាល​ប្រទេស​នេះ​ទៅ​ដល់​ព្រំដែន​អ៊ីរ៉ាក់​និង​ហ្ស៊កដានី​ជាថ្មី។

កងកម្លាំង​របស់​ស៊ីរី បាន​ច្បាំង​ដណ្តើម​កាន់កាប់​ដែនដី​ជាច្រើន​ពី​ក្រុម IS នៅ​ខេត្ត​ហូមស៍​ភាគ​កណ្តាល ប៉ុន្តែ​ក្រុម​ជីហាដ​ក៏បាន​និង​កំពុង​បង្កើនការ​វាយប្រហារ​តបត​នៅ​ទីនោះ​ដែរ។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី និយាយ​ថា ក្រុម IS បាន​បញ្ជូន​រថយន្ត​បង្កប់​គ្រាប់បែក​អត្តឃាត​យ៉ាង​តិច ៥ គ្រឿង និង​បាន​ដាក់​បង្កប់​មីន​ក្រោមដី​នៅ​តាម​ទីប្រជុំជន​ជា​សមរភូមិ​មុខជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ហូមស៍​នេះ។

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​នោះ បាន​ឲ្យដឹង​ថា ទាហាន​រដ្ឋាភិបាល​យ៉ាង​តិច ៣៩ នាក់ បាន​ស្លាប់​និង ២៥ នាក់ រងរបួស​ចាប់តាំង​ពី​ថ្ងៃ​អង្គារ​មក។

ប្រមុខ​នៃ​ក្រុម​ឃ្លាំមើល​សិទ្ធិ មនុស្ស​លោក Rami AbdelRahman បាន​ថ្លែង​ថា៖ «របប​នេះ បាន​ពង្រីក​កម្លាំង​របស់​ខ្លួន​នៅ​តាម​ខ្សែត្រៀម​សមរភូមិ​មុខ​ដ៏វែង និង​ថា មក​ទល់​ពេល​នេះ ក្រុម IS កំពុង​រឹត​បន្តឹងការ​វាយប្រហារ​តបត​របស់​ខ្លួន​វិញ​ដែរ»។

យោងតាម​ប្រភពព័ត៌មាន​ពី​លោក Abdel Rahman បាន​ឲ្យដឹង​ថា ជន​សកម្មប្រយុទ្ធ ៣០ នាក់ ក៏ត្រូវ​បាន​សម្លាប់​កាល​ពី ២៤ ម៉ោង​មុននេះ នៅ​ក្នុងការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​កងកម្លាំងរ​បស់​របប​នៅ​ស៊ីរី និង​នៅ​ក្នុងការ​វាយប្រហារ​ផ្លូវអាកាស​ពី​រុស្ស៊ី។

Content image - Phnom Penh Post
ផ្សែងហុយ​ទ្រលោម​ឡើង​ក្រោយ​ការ​វាយប្រហារ​ផ្លូវ​អាកាស​ពី​កងទ័ព​ស៊ីរី។​ AFP

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីរី SANA បាន​អះអាង​កាល​ពីថ្ងៃ​ពុធ​ថា ការវាយ​ប្រហារ​ផ្លូវអាកាស បាន​យក​ទីតាំង​របស់​ក្រុម IS មួយ​ចំនួន​រួមទាំង​កន្លែង​ផ្ទុក​សព្វាវុធ​យុទ្ធភណ្ឌ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ហូមស៍​ជា​គោលដៅ។ «វាល Badiya» គឺជា​សមុទ្រ​ខ្សាច់​ដ៏ធំ​ល្វឹងល្វើយ​ដែល​លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជា ៩ ម៉ឺន​គីឡូ​ម៉ែត្រការ៉េ​នៅ​ក្នុង​ទឹកដី​ស៊ីរី។

ចាប់តាំងពី​ឆ្នាំ ២០១៥ ផ្នែក​ជាច្រើន​នៃ​វាល​សមុទ្រ​ខ្សាច់ Badiya ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​ជីហាដ។ ប៉ុន្តែ​កងទ័ព​ស៊ីរី បាន​ធ្វើឲ្យ​ក្រុម​នេះ​ធ្លាក់​ចុះ​ខ្សោយ​ទៅវិញ​ចាប់តាំង​ពីខែ​ឧសភា​មក។

ក្រុម​អ្នកឃ្លាំមើល​នោះ បាន​ឲ្យដឹង​កាល​ពីថ្ងៃ​សៅរ៍​ថា កងកម្លាំង​របប​នៅ​ស៊ីរី​បាន​ច្បាំង​បណ្តេញ​ក្រុម IS ចេញ​ពី​តំបន់ Al-Sukhna ជាទី​ប្រជុំជន​កាន់​កាប់ ដោយ​ក្រុម​ជីហាដ​ចុងក្រោយ​នៅ​ក្នុង​ខេត្ត​ហូមស៍។

មកទល់​ពេល​នេះ មិនទាន់​មានការ​អះអាង​ផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​ស៊ីរី​នៅ​ឡើយ​ពាក់ព័ន្ធ​ការ​ច្បាំង​ដណ្តើម​បាន​កាន់កាប់​ទីប្រជុំជន Al-Sukhna។ មនុស្ស​ជាង ៣៣ ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​នៅ​ស៊ីរី ចាប់តាំង​ពី​ជម្លោះ​នេះ​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​មីនា​ឆ្នាំ ២០១១ ជាមួយ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

នៅ​ខែ​កក្កដា អង្គការ​មនុស្សធម៌​ជាច្រើន​បាន​ចែក​អំណោយ​នៅ​ក្នុង​នោះ​មាន​ស្បៀង​អាហារ​និង​ការជួយ​ព្យាបាល​ដល់​មនុស្ស ប្រហែល ២៦៣ ពាន់​នាក់​ដែល​ចេញពី​កន្លែង ៤៦ កន្លែង​នៅ​ក្នុង​តំបន់​ដែល​រងការ​វាយប្រហារ​ដោយ​សង្គ្រាម​នេះ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ