ក្រុងយ៉ាំងហ្គោន: យោងតាម ប្រភពព័ត៌មានពីខាងយោធាបានឲ្យដឹងថា ភ្នាក់ងារសន្តិសុខមីយ៉ាន់ម៉ា ២ នាក់និងអ្នកបើកបរម្នាក់បានរងរបួសដោយសារក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ាដែលបានលួចវាយឆ្មក់លើរថយន្តរបស់ពួកគេនៅក្នុងរដ្ឋរ៉ាក់ឃីនភាគខាងជើង ជាការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមដំបូងនៅក្នុងតំបន់ដែលរងការខ្ទេចខ្ទាំដោយសារអំពើនេះអំឡុងពេលជាច្រើនសប្តាហ៍ថ្មីៗ កន្លងទៅនេះ។
រដ្ឋរ៉ាក់ឃីន គឺជារដ្ឋមួយដែលបានធ្លាក់ចូលទៅក្នុងវិបត្តិមួយកាលពីខែសីហាឆ្នាំទៅបន្ទាប់ពីមានការលួចវាយប្រហារពីក្រុមឧទ្ទាមជាបន្តបន្ទាប់មកដែលបានសម្លាប់ក្រុមមន្ត្រីយ៉ាងតិច ១២ នាក់បានបង្កឲ្យមានការបង្ក្រាបខាងយោធាដ៏សាហាវមួយដែលអំពើហិង្សានេះបានបណ្តាលឲ្យក្រុមជនមូស្លីមរ៉ូហ៊ីងយ៉ា ៦៥ ម៉ឺននាក់ រត់ភៀសខ្លួនឆ្លងដែន ទៅបង់ក្លាដែស។
ខណៈរបបយោធាបានលើកឡើងថា ខ្លួនមានគោលដៅវាយប្រហារនិងបង្ក្រាបតែទៅលើក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ាតែប៉ុណ្ណោះនោះ អ.ស.ប.បានចោទប្រកាន់កងទ័ពមីយ៉ាន់ម៉ាថាបានបើកយុទ្ធនាការបោសសម្អាតពូជសាសន៍ប្រឆាំងក្រុមជនរ៉ូហ៊ីងយ៉ា៕