ក្រុងអារប៊ីល: ការ​វាយប្រហារ​ផ្លូវអាកាស​ពី​កងទ័ព​ស៊ីរី និង​រុស្ស៊ី កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើការ​វាយ​ប្រហារ​លើ​ដែនដី Ghouta ភាគ​ខាងកើត​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម ដោយ​បាន​បង្ក​ឲ្យ​ជន​ស៊ីវិល​ជាង ១០០ នាក់​ស្លាប់​នៅ​ថ្ងៃ​ទី ២ ទៀត និង​បាន​បណ្តាល​ឲ្យ​មន្ទីរពេទ្យ​មួយ​កន្លែង​ផ្អាក​ដំណើរការ។

អំឡុង​ការប្រែប្រួល​ដ៏​សំខាន់​មួយ​សម្រាប់​សង្គ្រាម​រយៈពេល ៧ ឆ្នាំ ដ៏​ស្មុគស្មាញ​នៅ​ស៊ីរី ក្រុង​ដាម៉ាស ក៏បាន​បញ្ជូន​ក្រុម​យុទ្ធជន​គាំទ្រ​របប​ស៊ីរី​ទៅ​តំបន់​អាហ្រ្វីន​ភាគ​ខាងជើង ជាទី​ដែល​ពួកគេ រង​ការ​វាយ​ប្រហារ​ពី​កងទ័ព​តួកគី ធ្វើការ​វាយ​ប្រហារ​លើ​ដែនដី​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម។

នៅ​តំបន់​ជាយក្រុង​ដាម៉ាស ការ​វាយ​ប្រហារ​ផ្លូវអាកាស គ្រាប់​រ៉ុក្កែត និង​ការ​វាយ​ប្រហារ ដោយ​កាំភ្លើង​ធំ​បាន​ធ្វើការ​វាយ​ប្រហារ​យ៉ាង​សន្ធឹក​សន្ធាប់​លើ​ដែនដី Ghouta ភាគ​ខាងកើត​ជា​ការ​ត្រៀម​សម្រាប់​ការ​វាយ​ប្រហារ​ដែន​គោក​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) បាន​ឲ្យ​ដឹងថា ជន​ស៊ីវិល​យ៉ាង​តិច ២៥០ នាក់ ត្រូវ​បាន​សម្លាប់​តាំង​ពី​ភាព​តានតឹង បាន​កើន​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ក្មេងៗ​រាប់​សិប​នាក់​នៅ​ក្នុង​នោះ​ផង​ដែរ។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល មាន​មូលដ្ឋាន​នៅ​អង់គ្លេស បាន​ឲ្យ​ដឹងថា ការ​វាយ​ប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក កាល​ពី​ថ្ងៃ​អង្គារ បាន​សម្លាប់​ជន​ស៊ីវិល ១០៦ នាក់ រួម​ទាំង​ក្មេង ១៩ នាក់។

ឈានដល់​ថ្ងៃទី ២ ទៀត ចំនួន​អ្នកស្លាប់​ជា​ជន​ស៊ីវិល បាន​កើន​ដល់ ១០០ នាក់ បន្ទាប់​ពី ១២៧ នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​រយៈពេល​មួយថ្ងៃ ដែល​បង្ក​ការ​បង្ហូរ​ឈាម​ជាងគេ​បំផុត​នៅ Ghouta ភាគ​ខាងកើត​អំឡុង​រយៈពេល ៤ ឆ្នាំ​មក​នេះ។

ការ​វាយប្រហារ​ផ្លូវអាកាស បាន​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​សំខាន់​មួយ​បិទទ្វារ កាល​ពី​ថ្ងៃ​អង្គារ ដោយ​ដាក់​កម្រិត​លើ​ការ​ផ្តល់​ជំនួយ​សុខាភិបាល៕