ក្រុងព្យឹងចាងៈ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​សង្ឃឹម​ថា កិច្ច​ខិតខំ​របស់​លោក​ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ជាមួយ​កូរ៉េខាងជើង​ជា​គូ​បដិបក្ខ​ក៏​នឹង​នាំ​ទៅ​រក​ការ​បង្កើត​ឡើង​នូវ​ចំណង​ទំនាក់​ទំនង​ដ៏ល្អ​ប្រសើរ​រវាង​កូរ៉េខាងជើង និង​គូប​ដិបក្ខ​ដ៏ធំ​មួយ​ដទៃ​ទៀត​របស់​ខ្លួន​គឺ​ក្រុង​វ៉ាស៊ីនតោន ក៏​ដូចជា ជួយ​បង្កើត​វប្បធម៌​សន្ទនា​នានា​ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង។

ប៉ុន្តែ លោក មូន នឹង​មិនបាន​ឆ្លើយតប​ចំពោះ​សំណួរ​មួយ​ពី​កាសែត Associated Press អំពី​អ្វី​មួយ​ដែល​ចាំបាច់​ត្រូវ​កើត​ឡើង​មុន​ពេល​លោក​ព្រម​ទទួល​ការ​អញ្ជើញ​ពី​មេដឹកនាំ​ផ្តាច់ការ​របស់​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ដើម្បី​ចូលរួម​កិច្ច​ជំនួប​កំពូល។

ការិយាល័យ​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច លោក​បាន​ថ្លែង​ថា៖ «ចូរ​កុំ​ទាន់​អាល​លឿន​ពេក​ពី​បញ្ហា​បើក​ជំនួប​កំពូល​នេះ»។

មក​ទល់​ពេល​នេះ លោក មូន មិន​ទាន់​បាន​ទទួល​យក​ការ​អញ្ជើញ​ពី​កូរ៉េខាងជើង​នៅ​ឡើយ ដែល​ការ​អញ្ជើញ​នេះ​ត្រូវបាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ដោយ​ប្អូនស្រី​របស់​លោក គីម គឺ​លោកស្រី គីម យូជុង។ លោក​គ្រាន់​តែ​បាន​ថ្លែង​ថា ភាគី​កូរ៉េ​ទាំង ២ គួរ​តែ​នាំ​គ្នា «បង្កើត​បរិយាកាស» មួយ​សម្រាប់​បើក​កិច្ចចរចា។ មាន​ហេតុផល​មួយ​សម្រាប់​ការ​ប្រុងប្រយ័ត្ន​របស់​លោក​ដែល​នោះ គឺ​អាមេរិក។

លោក មូន ហាក់​ចង់​ឲ្យ​កិច្ចចរចា​របស់​លោក​ជាមួយ​ភាគី​កូរ៉េខាងជើង​អមដោយ​ការ បង្កើត​ឡើង​ចំណង​ទំនាក់​ទំនង​ប្រកប​ដោយ​ភាព​កក់ក្តៅ​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន ដូច្នេះ​មាន​ឱកាស​តិចតួច​ក្នុង​ការ​ដាក់ US ឲ្យ​នៅ​ដោយ​ឡែក​ពី​បញ្ហា​នេះ៕